ឯកឧត្ដម ​ប្រាក់ សុខុន អនុញ្ញាត​ឲ្យ​ឯកអគ្គរដ្ឋទូត​វៀតណាម​ចប់​អាណត្តិ​នៅ​កម្ពុជា​ចូល​ជួប​សម្តែង​ការគួរសម​

27

ភ្នំពេញ៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​អនុញ្ញាត​ឲ្យ លោក ថាច់ ឌឺ ឯកអគ្គរដ្ឋទូត សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ប្រចាំ​កម្ពុជា ចូល​ជួប​សម្តែង​ការគួរសម និង​ជម្រាបលា ក្នុង​ឱកាស​ដែល​ឯកអគ្គរដ្ឋទូត​រូប​នេះ បាន​បញ្ចប់​បេសកកម្ម​ការទូត​របស់​ខ្លួន​នៅ​កម្ពុជា​។​

ថ្លែងប្រាប់​អ្នកយកព័ត៌មាន​ក្រោយពី​កិច្ច​ជំនួប​នោះ អនុរដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ របស់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ជុំ ស​ន្ទ​រី​ បាន​ឲ្យ​ដឹង​ថា ​ប្រទេស​វៀតណាម​នៅតែ​ជា​មិត្ត​ជិតខាង​ល្អ​របស់​កម្ពុជា ហើយ​តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំងពីរ គឺជា​ការ​បញ្ជាក់​ថា​ កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​មិន​អាច​កាត់​ផ្តាច់​បាន​នោះឡើយ​។​

លោក​ជុំ ស​ន្ទ​រី ​បាន​បន្តទៀតថា នៅក្នុង​កិច្ច​ជំនួប​នោះ​លោក ឯកអគ្គរដ្ឋទូត​វៀត​ណា​ម ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ជាមួយនិង​កម្ពុជា​ហើយ​វៀតណាម​នៅ បន្ត​ជានិច្ច​ក្នុងការ​ផ្លាស់ប្តូរ​យោបល​ជាមួយ​កម្ពុជា​ពាក់ព័ន្ធ​និង​បញ្ហា​ផ្សេងៗ​នោះ​។​

បើតាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​កិច្ច​ជំនួប​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ​ប្រាក់ សុខុន ​ក៏បាន​ថ្លែង​អំណរ​អគុណ​ដល់​វៀតណាម​ដែល​បាន​ជួយ​ប្រទេស​កម្ពុជា​នាពេល​កន្លងមក​។ ដោយឡែក​សម្រាប់​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​និង​វៀតណាម​នេះ​ត្រូវ​បាន​ប្រមុខ​ការទូត​រូប​នេះ​រំពឹ​ងថា​នឹង​កាន់តែ​រីកចម្រើន​ខ្លាំងក្លា​បន្ថែមទៀត​ផង​ដែរ ​ដើម្បី​ផលប្រយោជន៍​ប្រជាជន​និង​ប្រទេស​ទាំងពីរ​៕