សហព័ន្ធ​ស្រូវ​អង្ករ​ ជំរុញ​ឲ្យ​មាន​ការ​បើក​ច្រក​ទីផ្សារ​នាំចេញ​អង្ករ​បន្ថែម​ទៀត

120

 

ភ្នំពេញ ៖​ តំណាង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ បាន​ជំរុញ​ឲ្យ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ ពន្លឿន​ការ​បើក​ច្រក​ទីផ្សារ​បន្ថែមទៀត ​សម្រាប់​នាំចេញ​អង្ករ​កម្ពុជា​ ទៅ​ទីផ្សារ​អន្តរជាតិ​។

លោក​ឧក​ញ៉ា ហ៊ុន ឡាក់ អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ បាន​ថ្លែងថា ​ការប្រកួតប្រជែង​តម្លៃ​អង្ករ​ជាមួយ​ប្រទេសជិតខាង​ក៏​ជា​ឧបសគ្គ​មួយ ​សម្រាប់​កម្ពុជា ​ហើយ​ដូច្នោះ​ ដើម្បី​ជំរុញ​ការនាំចេញ​នោះ​គួរ​តែមាន​ការ​បើក​ច្រក​ទីផ្សារ​បន្ថែមទៀត ​ដែល​កិច្ចការ​នេះ​ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​។

លោក​ឧក​ញ៉ា​ បាន​បន្តថា រដ្ឋាភិបាល​កម្ពុជា​ជា​អ្នក​នៅ​ពីក្រោយ​ក្នុង​កិច្ចការ​នេះ ​ដើម្បី​ឈាន​ទៅរក​ការ​បើក​ច្រក​ទីផ្សារ​បន្ថែមទៀត ​ហើយ​រឿង​សំខាន់​ដើម្បី​ជំរុញ​ការ​បើក​ច្រក​ទីផ្សារ​បាន​លុះត្រាតែ​មានការ​រូប​រួមគ្នា​ជា​កម្លាំង​មួយ​មិនមែន​តែ​សហព័ន្ធ​ស្រូវ​អង្ករ​ធ្វើ​តែឯង​នោះ​ទេ​។

លោក​ឩ​ក​ញ៉ា​ អះអាង​ទៀតថា ​ការ​ដាក់ចេញ​ជា​ផែនការ​ជាក់លាក់​ណាមួយ ​ជា​រឿង​ចាំបាច់​បំផុត​ក្នុង​ការ​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​អង្ករ​កម្ពុជា ​ហើយ​បើ​មិន​ដូច្នោះ​ទេ ​ស្ថានភាព​ការនាំចេញ​អង្ករ​របស់​កម្ពុជា​នឹង​ថមថយ​ជា​បន្តបន្ទាប់​នៅ​ឆ្នាំ​២០១៧​នេះ ។

លោក​ បាន​បន្ថែមថា ​តាមពិត​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​ឥណ្ឌូនេស៊ី ​កន្លងមក​នោះ​មិន​ទាន់មាន​ភាព​ជាក់លាក់​នៅឡើយ​ទេ ហើយ​មិនតែប៉ុណ្ណោះ​ការ​ជំរុញ​ឲ្យ​មានការ​បើក​ច្រក​ទីផ្សារ​បន្ថែម​មិនទាន់​ចេញ​ជា​រូបរាង​នៅឡើយ​ទេ ។

ចំណែក លោក នង វាសនា នាយក​ផ្នែក​លក់ និង​ទីផ្សារ​ក្រុមហ៊ុន Nikoline Investment coLtd ​បាន​លើក​ឡើងថា រយៈពេល​ការនាំចេញ​៤​ ឬ ៥​ឆ្នាំនេះ​ ការនាំចេញ​អង្ករ​កម្ពុ​ជា​ មាន​សន្ទុះ​ខ្លាំង ​ប៉ុន្តែ​ដោយ​សារតែ​តម្លៃ​មានការ​ប្រកួតប្រជែង​ខ្លាំង ​លើ​ទី​ផ្សារលើ​ពិភពលោក​ និង​លុះត្រាតែ​កម្ពុជា​ប្រឹងប្រែង​អនុវត្ត​កិច្ចការ​នេះ​ឲ្យ​បាន​ច្បាស់លាស់​ថែមទៀត​រឿង​ការ​ធ្វើ​ពាណិជ្ជកម្ម​អង្ករ​។

លោក​ បាន​បន្តទៀតថា ​ការធ្វើ​គោលនយោបាយ​ស្រូវ​អង្ករ​ជា​រឿង​ត្រឹមត្រូវ ​ប៉ុន្តែ​ក្នុង​នោះ​ទាមទារ​ឲ្យ​មានការ​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​បន្ថែមទៀត ​ដើម្បី​ឲ្យ​ដើរ​ទាន់​ការប្រែប្រួល​របស់​ស្ថានភាព​របស់​ពិភព​លោក​ទាំងមូល​។

លោក​ បាន​បន្ថែមថា សម្រាប់​ទីផ្សារ​នៅ​ឆ្នាំ​២០១៧ កម្ពុជា​ទីផ្សារ​ខ្លះ​កើន​ឡើង​និង​ទីផ្សារ​ខ្លះទៀត​ក៏​ថមថយ ដូចជា​ទីផ្សារ​នៅ​អឺរ៉ុប​ជាដើម​។ ​សម្រាប់​កម្ពុជា​នឹង​អាច​បាត់​ចំណែក ​ទីផ្សារ​ណាមួយ ព្រោះ សហភាព​អឺរ៉ុប​បាន​អនុគ្រោះ​ការនាំចេញ​ឲ្យ​បណ្តា​ប្រទេស​មួយចំនួន ​ខណៈដែល ផលិតភាព​របស់​កម្ពុ​ជា​ក្នុង​វិស័យ​កសិកម្ម​នៅមានកម្រិត​ឡើយ​នោះ​៕