សម្តេច​ក្រឡាហោម ស ខេង៖ ការ​បង្កើត​ការិយាល័យ​ប្រជាពលរដ្ឋ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ គឺ​ដើម្បី​សម្រុះសម្រួល​ដោះស្រាយ​បណ្ដឹង​តវ៉ា​នានា​​

32

ភ្នំពេញ៖ ក្រសួង​មហាផ្ទៃ​ បាន​ធ្វើ​សិក្ខាសាលា​ផ្សព្វផ្សាយ និង​ដាក់​ឲ្យ​អនុវត្ត​អនុក្រឹត្យ និង​លិខិត​បទដ្ឋាន ​ស្ដីពី​ការ​បង្កើត​យន្តការ​ច្រកចេញចូល​តែមួយ និង​ការ​បង្កើត​ការិយាល័យ​ប្រជាពលរដ្ឋ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ក្រោម​អធិបតីភាព​សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​

សម្តេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា ការ​បង្កើត​ការិយាល័យ​ប្រជាពលរដ្ឋ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ គឺ​ដើម្បី​សម្រុះសម្រួល​ដោះស្រាយ​បណ្តឹង​តវ៉ា​នានា​របស់​ប្រជាពលរដ្ឋ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែល​ជា​ក្របខ័ណ្ឌ​គតិយុត្តិ និង​ជា​ឯកសារ​បច្ចេកទេស​ដ៏​មាន​សារៈសំខាន់ ក្នុង​ការ​រួមចំណែក​ស​ម្រេច​បាន​នៅ​ចក្ខុវិស័យ នៃ​គោលនយោបាយ​ផ្ដល់​សេវា​សាធារណៈ​របស់​រាជ​រដ្ឋាភិបាល​ ក្នុង​ការ​លើកកម្ពស់​ប្រសិទ្ធភាព និង​គុណភាព​នៃ​ការផ្តល់សេវា​រដ្ឋា​បាល​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ជូន​ប្រជាពលរដ្ឋ​។ ជាពិសេស​កំណែ​ទម្រង់​កា​រ​អភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ដើម្បី​ធានា​ដល់​ការ​សម្រេចបាន​នៅ​គោលបំណង​រួម គឺ​ការ​លើកកម្ពស់​ការ​ផ្តល់សេវា និង​ការអភិវឌ្ឍ​មូលដ្ឋាន​ឆ្លើយតប​ទៅ​និង​សេចក្ដី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​ប្រកបដោយ​គុណភាព តម្លាភាព​គណនេយ្យ​ភាព និង​សមធម៌​សង្គម​។​

សម្តេច​ក្រឡាហោម បាន​បញ្ជាក់​ថា តាមរយៈ​ការ​ប្រតិភូកម្ម​មុខងារ​ក្នុង​ការផ្តល់សេវា​រដ្ឋបាល​ចំនួន​ប្រមាណ​ជា ២០០​ប្រភេទ​សេវា ពី​ក្រសួង ស្ថាប័ន​ចំនួន​១០​។ រហូតមកដល់​ឆ្នាំ​២០១៧ ការិយាល័យ​ទាំងពីរ​នេះ ត្រូវ​បាន​បង្កើតឡើង​នៅ​ថ្នាក់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ បាន​ចំនួន​៤៦ នៃ​រាជធានី ខេត្ត​ទាំង​២៥ ដែល​ក្នុង​នោះ ​រួមមាន នៅ​រដ្ឋបាល​ក្រុង​ចំនួន​២៦ រដ្ឋបាល​ស្រុក​ចំនួន​៨ និង​រដ្ឋបាល​ខណ្ឌ​ចំនួន​១២ ស្មើ​២៣% នៃ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ​ទូទាំង​ប្រទេស​។

​ផ្អែកលើ​លទ្ធផល​នៃ​ការ​ផ្តល់សេវា​រដ្ឋបាល​របស់​ការិយាល័យ​ច្រកចេញចូល​តែមួយ និង​ការសម្រុះសម្រួល​ដោះស្រាយ​បណ្តឹង​នានា​របស់​ការិយាល័យ​ប្រជាពលរដ្ឋ ដែល​បាន​បង្កើត​ឡើង​នៅតាម​ក្រុង ស្រុក ខណ្ឌ​គោលដៅ​ទាំងនេះ​នា​ពេល​កន្លងមក បាន​បង្ហាញ​ឲ្យ​ឃើញ​នៅ​លទ្ធផល​ជា​វិជ្ជមាន​គួរ​ជាទី​មោទនៈ ដោយ​ការិយាល័យ​ទាំងពីរ​នេះ​បាន​និង​កំពុង​ប្រតិបត្តិ​ការ​ផ្តល់សេវា​រដ្ឋ​បាល​បាន​ជូន​ប្រជាពលរដ្ឋ​យ៉ាងសកម្ម ស្របតាម​គោលការណ៍​បែបបទ និង​នីតិវិធី​ដែល​បាន​កំណត់​៕​