សិប្បកម្ម​ជ័រកៅស៊ូ​ក្រែប​លក្ខណៈ​គ្រួសារ​បោះទុន​ជាង​៥០​ម៉ឺន​ដុល្លារ​ផលិត​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ

104

រតនគិរី ​ ៖ ​ ខណៈ​តម្លៃ​ជ័រកៅស៊ូ​ក្រែប​បាន​ហក់​ឡើង​បន្តិច​វិញ​នោះ ​សិប្បកម្ម​ផលិត​ជ័រកៅស៊ូ​ក្រែប​នៅក្នុង​ក្រុង​បាន​លុង ខេត្ត រតនគិរី បានសម្រេច​បោះ​ទុន​ប្រមាណ​កន្លះ​លាន​ដុល្លារ ​ដើម្បី​ផលិត​ជ័រកៅស៊ូ​ក្រែប​ នាំ​ចេញទៅ​លក់​នៅ​ក្រៅ​ប្រទេស​។

លោក ហេន តុ​ន តំណាង​ឲ្យ​ម្ចាស់​សិប្បកម្ម បាន​ឲ្យ​ដឹងថា ​ការផលិត​ជ័រកៅស៊ូ​ក្រែប​នៅក្នុង​សិប្បកម្ម​នេះ ក្នុង គឺ​បាន​ប្រមាណ​បី​តោន​ក្នុង​មួយថ្ងៃ ​ដោយ​ប្រើប្រាស់​កម្លាំង​ពលកម្ម​សរុប​១៨​នាក់ ​ហើយ​ជ័រកៅស៊ូ​ក្រែប​ដែល​ផលិត ​ហើយ​នោះ ​គឺ​នាំ​ចេញទៅ​ទីផ្សារ​ប្រទេស​ចិន​។

លោក​ បាន​ឲ្យ​ដឹង​ទៀតថា ចំពោះ​តម្លៃ​កៅស៊ូ​ក្រែប​ដែល​នាំ​ចេញទៅ​ប្រទេស​ចិន​នេះ ​គឺ​ក្នុង​មួយ​តោន មានតម្លៃ ប្រមាណ​ជាង​មួយ​ពាន់​ប្រាំ​រយ​ដុល្លារ ​ដែល​តម្លៃ​នេះ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​កន្លងៗ​ ទៅ ឃើញថា​ មានតម្លៃ​កើនឡើង ​ជិត​ពីរ​រយ​ដុល្លារ​ក្នុង​មួយ​តោន​។

លោក​ បានបញ្ជាក់​ឲ្យ​ដឹងថា ​ជ័រកៅស៊ូ​ស្រស់​ដែល​ប្រមូល​យក​មក​សម្ងួត​នៅ​សិប្បកម្ម​នេះ ​គឺ​ប្រមូល​មកពី​បណ្តា ​ស្រុក​មួយ​ចំនួន​ដែលមាន​ដាំ​កៅស៊ូ​ នៅក្នុង​ខេត្តរតនគិរី ​ហើយ​ជ័រកៅស៊ូ​ក្រែប​របស់​កម្ពុជា​អាច​ផលិត​នូវ​ផលិតផល​ប្រើ ​ប្រាស់​អំពី​ជ័រ​ បាន​ចំនួន​ពីរពាន់​ពីរ​រយ​មុខទំនិញ ​ខណៈដែល​ជ័រកៅស៊ូ​ក្រែប ​របស់​ប្រទេសជិតខាង​ផលិត​បានត្រឹមតែ ​មួយ​ពាន់​ប្រាំបី​រយ​មុខទំនិញ​តែប៉ុណ្ណោះ ដែល​នេះ​ជា​ការ​បញ្ជាក់​របស់​និយោជក​ជនជាតិ​ចិន ​ដែល​ប្រមូល​ទិញយក​ជ័រ ​កៅស៊ូ​ក្រែប​ពី​កម្ពុជា​។

សិប្បកម្ម​ផលិត​ជ័រកៅស៊ូ​ក្រែប​លក្ខណៈ​គ្រួសារ​នេះ​ ក្រៅពី​នាំចេញ​ផលិតផល​ខ្លួន​ទៅ​ទីផ្សារ​ក្រៅប្រទេស ​និង បាន​នាំ​ចំណូល​មកវិញ​រាប់សែន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​ហើយ​នោះ​ ក៏បានផ្តល់​ឱកាស​ការ​ងារ ​និង​ជីវភាព​កាន់តែ​ប្រសើរ ដល់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​នេះ​មួយ​ចំនួន​ផងដែរ​ ដែលជា​ការ​ចូលរួមចំណែក​មួយផ្នែក​តូច​ក្នុង​ការ​កាត់បន្ថយ​ការធ្វើ ​ចំណាកស្រុក​ប្រជាពលរដ្ឋ​។

លោក សយ សូ​ណា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តរតនគិរី មិនអាច​ទំនាក់ទំនង​សុំ​ការ ពន្យល់​បន្ថែម​បានទេ​ទាក់ទង​ទៅ​ហ្នឹង​វិស័យ​កៅស៊ូ​នៅ​ក្នុង​ខេត្តរតនគិរី​នេះ​៕