ពលរដ្ឋ​កម្ពុជា​ចង់​ឲ្យ​តម្លៃ​ប្រេង​ចុះក្រោម​៣៥០០​រៀល​

84

ភ្នំពេញ៖ ស្រប​ពេល​តម្លៃ​ប្រេង​ឥន្ធនៈ​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​តម្លៃ​ថ្លៃ​ជាង​ប្រទេសជិតខាង និង​កំពុង​កើន​ឡើង​ជិត​៤​ពាន់​រៀល​នៅ​ក្នុង​លីត្រ ប្រជាពលរដ្ឋ​មួយ​ចំនួន​ចង់​ឲ្យ​តម្លៃ​ប្រេង មាន​តម្លៃ​ត្រឹម​ក្រោម​៣៥០០​រៀល ក្នុង​មួយ​លីត្រ ដើម្បី​អាច​ជួយ​សម្រួល​ជីវភាព​ប្រចាំថ្ងៃ​។​

យោង​តាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​២១ ខែ​កញ្ញា​នេះ តម្លៃ​ប្រេង​ឥន្ធនៈ​មានការ​ឡើងថ្លៃ​ប្រមាណ​១០០​រៀល​ក្នុង​មួយ​លីត្រ បើ​ធៀប​នឹង​ដើមខែ​កញ្ញា​កន្លងទៅ​។ សេចក្ដី​ជូនដំណឹង​នេះ​បាន​បញ្ជាក់​ថា តម្លៃ​ប្រេង​សម្រាប់​អនុវត្ត​ថ្លៃ​លក់រាយ ក្នុង​ចន្លោះ​ថ្ងៃ​ខាងលើ ប្រេងសាំង​ស៊ុប​ពែរ​ថ្លៃ​៣.៩០០​រៀល​ក្នុង​មួយ​លីត្រ ប្រេងសាំង​ធម្មតា​ថ្លៃ​៣.៨០០​រៀល ក្នុង​មួយ​លីត្រ និង​ប្រេងម៉ាស៊ូត​ថ្លៃ​៣.៥០០​រៀល​នៅក្នុង​មួយ​លីត្រ​។​

ស្របគ្នា​នេះ ពលរដ្ឋ​ជាច្រើន​នាក់​រស់នៅ​រាជធានី​ភ្នំពេញ ដែល​ប្រកបរបរ​ខុសៗ​គ្នា​បានលើកឡើង​ស្រដៀង​គ្នា​ថា សុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​សម្រួល​អំពី​តម្លៃ​ប្រេង​សព្វថ្ងៃនេះ ឲ្យ​ចុះមក​ក្រោម​៣.៥០០​រៀល​ក្នុង​មួយ​លីត្រ​។​

អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម កញ្ញា សឹង សុ​ផា​រី ​បាន​ឲ្យ​ដឹងថា តម្លៃ​ប្រេង មានការ​ឡើងថ្លៃ​នេះ​មិនមែន​ចេះតែ​ឡើង​ស្រេច​នឹង​ចិត្ត​ក្រុមហ៊ុន​ទេ ពោល គឺ​មក​កត្តា​បី​សំខាន់ៗ ដែល​ជះឥទ្ធិពល​ដល់​តម្លៃ​ប្រេង​នៅ​កម្ពុជា ដូចជា ភាព​អស្ថិរភាព​នៅ​តំបន់​ផលិត​ប្រេង​ធំ​នៅ​មជ្ឈិមបូព៌ា គ្រោះធម្មជាតិ​កើនឡើង​ច្រើន​នៅក្នុង​តំបន់​អាស៊ី​ជាដើម និង​គ្រោះរាំងស្ងួត​កើតឡើង​នៅ​បរទេស​ទើប​បណ្តាល​ឲ្យ​ខូចខាត​វត្ថុធាតុដើម​សម្រាប់​ផលិត​អេតាណុល​យកទៅ​ប្រើ​លាយ​ជាមួយ​សាំង​និង​ម៉ា​ស៊ូ​ត​៕