វិស័យ​ឯកជន​គ្រោង​បង្កើត​សួង​ឧស្សាហកម្ម​សម្រាប់​សហគ្រាស​ធុន​តូច​ និង​មធ្យម​

59

ភ្នំពេញ៖ ​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​និង​មធ្យម​FASMEC​គ្រោង​បង្កើត​សួង​ឧស្សាហកម្ម​មួយ សំរាប់​ជួយ​ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម​ដែល​មាន​ការចូលរួម​ពី​ស្ថាប័នរដ្ឋ​មួយ​ចំនួន​។​

លោក​ឩ​ក​ញ៉ា តែ តាំង​ប៉ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​និង​មធ្យម​(FASMEC)​បាន​ថ្លែងប្រាប់​​ថា ខាង​FASMEC​ បាន​រៀបចំ​គម្រោង​ធ្វើ​សួង​ឧស្សាហកម្ម​រួចមកហើយ​សម្រាប់​ជួយ​ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម​មាន​ផ្ទៃដី​ពី ៣​ទៅ​៥ ហិកតា​ស្ថិតនៅតាម​ខេត្ត​ដែលមាន​សក្ដានុពល​ដូចជា​ខេត្ត កណ្តាល កំពង់ចាម និង​ខេត្តកំពង់ធំ​។​

លោក​ឧកញ៉ា​ប​ន្ត​ទៀត​ថា គម្រោង​ខាង​លើនេះ មិន​សំដៅ​តែ​នៅ​រាជធានី​ភ្នំពេញ​នោះ​ទេ គឺ​នៅ​ខេត្ត​សំខាន់ៗ​ទៀត ហើយ​តំបន់​ឧស្សាហកម្ម​ធ្វើឡើង​សម្រាប់​សហគ្រាស​ធុន​តូច​និង​មធ្យម​នឹង​ជួយ​ឲ្យ​ផលិតករ​អ្នក​ផលិត​មាន​ទីផ្សារ​ធំ​ជាង​មុន​និង​អាច​រ​កដៃ​គូរ​នាំ​ផលិតផល​ទៅ​ក្រៅប្រទេស​។​

លោក​ឧកញ៉ា​ប​ញ្ជា​ក់ថា ខាង​FASMEC នឹង​សហការ​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត​និង​គម្រោង​ភូមិ​មួយ​ផលិតផល​មួយ ហើយ​បច្ចុប្បន្ននេះ​គម្រោង​បាន​ត្រៀម​ធ្វើ​នៅ​ចុងឆ្នាំ​២០១៧ ខាងមុខនេះ​។​

ចំណែក ឯក​ឧត្ត​ម លោក គឹម ទូច រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​បាន​ថ្លែងថា​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​មាន​កេរ្តិ៍ឈ្មោះ​ក៏បាន​ចុះ​អនុស្សរណៈ​ជាមួយ​ក្រសួង​ឧស្សា​កម្ម​និង​សិប្បកម្ម ដើម្បី​បង្កើត​សួន​ឧស្សាហកម្ម​តូច​មួយ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ស្វាយ​រលំ ខេត្ត​កណ្តាល​ក្នុង​ផ្ទៃដី​ជាង​២០​ហិកតា​។​

ឯក​ឧ​ត្ត​ម​ បាន​បន្ត​ទៀតថា ក្រៅ​ពីនេះ​ ខាង​ក្រសួង​ឧស្សាហកម្ម​កំពុងតែ​រៀបចំ​គោលនយោបាយ​ជាតិ​មួយ ដើម្បី​ជួយ​ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម​នៅ​កម្ពុជា ដែលមាន​ស្ថាប័ន​ជាង​១០​ចូលរួម​ធ្វើ​គោ​នយោបាយ​នេះ​។​

ឯកឧត្ដម ​បាន​បញ្ជាក់​ទៀត​ថា ក្នុង​តំបន់​ឧស្សាហកម្ម​នោះ ​មាន​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ផលិត​និង​ខាង​រដ្ឋាភិបាល​មានការ​អនុគ្រោះ​ពន្ធ​ក្នុង​ការផលិត​ផងដែរ​។ ដូច្នោះ ​បើសិន​គម្រោង​នេះ ដំណើរ​ទៅ​បាន​ជោគជ័យ​នោះ សហគ្រាស​នៅ​កម្ពុជា​ផលិត​បាន​លក់​ក្នុងតម្លៃ​ថោក​អាច​នាំចេញ​បាន​ទៅ​ក្រៅ​ប្រទេស​បាន​ច្រើន​ថែមទៀត​៕