ស្នងការ​ខេត្តតាកែវ​ប្រាប់​ឲ្យ​អធិការ​ស្រុក​ក្រុង​ទាំងអស់​រៀប​ផែនការ​យុទ្ធសាស្ត្រ​បង្ក្រាប​បទល្មើស

124

តាកែវ ៖ ​ស្នងការ​នគរបាល​ខេត្តតាកែវ បាន​ស្នើ​ឲ្យ​អធិការនគរបាល​គ្រប់​ស្រុក​ក្រុង​ទាំងអស់​ត្រូវតែ​រៀបចំ​ផែនការ ​យុទ្ធសាស្ត្រ​ឲ្យ​បាន​ហ្មត់ចត់ ​ដើម្បី​បង្ក្រាប ​នូវ​រាល់​បទល្មើស​ដែល​កើត​មានឡើង នៅ​តាម​មូលដ្ឋាន​របស់ខ្លួន ​ឲ្យ​មាន​ប្រសិទ្ធភាព ​ដើម្បី​រក្សា​ឲ្យ​បាន​នូវ​ភូមិ​ឃុំ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​។

ឧ​ត្ត​ម​សេនីយ៍ សុខ សំណាង ស្នងការ​នគ​របាល​ខេត្តតាកែវ ​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​របស់​អគ្គ ស្នងការ​នគរបាលជាតិ ​និង​បូកសរុប​សភាពការណ៍​លទ្ធផល​កិច្ច​ប្រតិបត្តិ​ការ​រក្សា​សន្តិសុខ​សណ្តាប់​ធ្នាប់ សង្គម​ប្រចាំខែ កាលពី​ម្សិល​ម៉ិ​ញ ​បាន​ឲ្យ​ដឹងថា​ រយៈពេល​៦​ខែ​ដើម​ឆ្នាំនេះ ​បទល្មើស​ឧក្រិដ្ឋ​នៅក្នុង​ខេត្ត​មាន ​ការថយចុះ ​តែ​ចំពោះ​បទល្មើស​ចោ​លួច​ ចោ​ឆក់​ មានការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ ដូច្នេះ​ដើម្បី​រក្សា​ឲ្យ​បាន ​នូវ​ភូមិ​ឃុំ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ អធិការ​គ្រប់​ស្រុក​ក្រុង​ ត្រូវតែ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ឲ្យ​បាន​ហ្មត់ចត់​ ដើម្បី​បង្ក្រាប ​នូវ​រាល់​បទល្មើស​ដែល​កើតមានឡើង​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន​ឲ្យ​មាន​ប្រសិទ្ធភាព​។

លោក​ឧ​ត្ត​ម​សេនីយ៍​ បាន​ឲ្យ​ដឹងថា ករណី​ក្រុម​ចោ​លូច​ចោ​ឆក់ ​នៅក្នុង​ខេត្តតាកែវ ​ជាពិសេស​តែងតែ កើតមានឡើង​នៅក្នុង​ក្រុង​ដូន​កែវ កំពុងតែ​មានការ​កើន​ឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​នៅក្នុង​ឆមាស​ទីមួយ ឆ្នាំ​២០១៧​នេះ​។ ​បញ្ហា​បទល្មើស​ចោ​ លួច ចោ​ឆក់ ​មានការ​កើនឡើង​នេះ ​វា​ជា​ការ​ព្រួយបារម្ភ​របស់​អាជ្ញាធរ ហើយ​វា​ក៏បាន​បង្ក​ការភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​ផងដែរ​។

លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បាន​ថ្លែងថា ខែ​នេះ​ ជា​ខែ​ពិធីបុណ្យ​ភ្ជុំ​ដែល​ប្រជាពលរដ្ឋ​អញ្ជើញ​ទៅកាន់ ​វត្ត​អារាម ដែល​អាច​ក្រុម​ឆ្លៀតឱកាស​កាច់ក​ម៉ូតូ​លូច​ម៉ូតូ ​ដូច្នោះ​កម្លាំង​មាន​សមត្ថកិច្ច​ត្រូវ​ប្រុងប្រយ័ត្ន ​ដោយ ដាក់​កម្លាំង​ការពារ​នៅ​តាម​ទីវ​ត្ត​អារាម​ហើយ​ត្រូវ​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន ​ហើយ​បើ មាន​ហេតុការណ៍​អ្វីមួយ​ត្រូវ​រាយ​ការណ៍ជូន​សមត្ថ​កិច្ច​ឲ្យ​បាន​ឆាប់​បំផុត ដើម្បី​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ឲ្យ ​បាន​ទាន់ពេលវេលា​៕