រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​អះអាង​ថា នឹង​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​អោយ​គ្រប់ ១០ លាន​នាក់ ក្នុង​ឆ្នាំ ២០១៧

51

ភ្នំពេញ៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អះអាង​នៅ​ថ្ងៃ​ទី​១៣ ខែ កញ្ញា​នេះ​ថា ក្រសួង​នឹង​ជំរុញ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​មន្ត្រី​អត្តសញ្ញាណ​កម្ម​នៃ​ក្រសួងមហាផ្ទៃ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ជូន​ប្រជាពលរដ្ឋ​ខ្មែរ អោយ​គ្រប់ ១០ លាន​នាក់​នៅ​ក្នុង​ឆ្នាំ ២០១៧​។​

សម្តេច​ក្រឡាហោម ស ខេង ឧបនាយក​រដ្ឋ​ម​ន្រី្ត និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ និង​ដាក់​ឲ្យ​អនុវត្ត​អនុក្រឹត្យ និង​លិខិត​បទដ្ឋាន​ស្តីពី​ការបង្កើត​យន្តការ​ច្រកចេញចូល​តែមួយ និង​ការបង្កើត​កា​រិ​យាល័យ​ប្រជាពលរដ្ឋ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ នា​ទីស្តីការ​ក្រសួងមហាផ្ទៃ​ថា ក្រសួង​នឹងធ្វើ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​មិនទាន់មាន​អត្តសញ្ញាណប័ណ្ណ និង​អ្នក​ដែល​ល​កាន់​អត្តសញ្ញាណប័ណ្ណ​សញ្ញា​តិ​ខ្មែរ​គំរូ​ចាស់​អោយមក​ប្តូរ​យក​អត្ត​សញ្ញាប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ទាំងអស់ ហើយ​មកដល់ពេលនេះ ក្រសួង​បានធ្វើ​ជូន​ប្រជាពលរដ្ឋ​បាន​ប្រមាណ​ជាង ៩ លាន ៥ សែន​នាក់​ហើយ នៅសល់តែ​ប្រមាណ​ជា ៥​សែន​នាក់​ជាង​តែប៉ុណ្ណោះ​ដែល​មិនទាន់​បាន​ធ្វើ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​នៃ​ក្រសួងមហាផ្ទៃ​ដែល​បាន​ចេញ​ផ្សាយ​ក្នុង​ខែកញ្ញា ឆ្នាំ ២០១៧​។

តែ​យ៉ាងណាក្តី សម្តេច​ក្រឡាហោម ស ខេង បានបញ្ជាក់​ទៀតថា ក្នុង​រយៈពេល​ប៉ុ​ន្មា​ខែ​ចុងក្រោយ​នេះ​ពុំ​សូវ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​មក​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ច្រើន​នោះទេ មានតែ ២ ទៅ ៣ នាក់​តែប៉ុណ្ណោះ​នៅតាម​បណ្តា​រាជធានី​ខេត្ត​មួយចំនួន​ក្នុង​មួយថ្ងៃៗ ។​

សម្តេច​ក្រឡាហោម ស ខេង បន្ថែមទៀតថា ក្រសួង​នឹង​បង្កើត​ក្រុម​ចល័ត​ចុះទៅ​តាម​ភូមិ​ឃុំ ឬ​មូលដ្ឋាន​រស់នៅ​របស់​ប្រជាពលរដ្ឋ​ដោយផ្ទាល់ ដើម្បី​ធ្វើ​អត្ត​ញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ជូន​ពួកគាត់​បន្ថែម​ទៀត​។​

សម្តេច​ក្រឡាហោម បញ្ជាក់ទៀតថា ការ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ពិត​ជាមាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​យកទៅ​ចុះឈ្មោះ​បោះឆ្នោត ធ្វើលិខិត​បទដ្ឋាន​គតិយុត្តិ​ផ្សេងៗ ធ្វើលិខិត​ឆ្លងដែន និង ធ្វើលិខិត​បញ្ជាក់​ផ្សេងៗ​ទៀត ហើយ​មាន​ភាពងាយស្រួល​ដល់​ម​ន្ត្រី​ផ្តល់​សេវាសាធារណៈ​មិនចាំបាច់​ទាមទា​លិខិតបញ្ជាក់​ទីលំនៅ សៀវភៅ​គ្រួសារ និង សំបុត្រកំណើត​ឡើយ ព្រោះ​មាន​ទិន្ន័យ​ស្រាប់​នៅក្នុង​បញ្ជី​របស់​របស់​នាយក​ដ្ឋា​ន​អត្តសញ្ញាណ​កម្ម​នៃ​ក្រសួងមហាផ្ទៃ​៕