បារាំង​ប្ដេជ្ញា​ពង្រីក​ផ្នែក​ហិរញ្ញវត្ថុ​និង​ការងារ​បច្ចេកទេស សម្រាប់​ការអភិវឌ្ឍ​នៅ​កម្ពុជា

35

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា​ បាន​បង្ហាញ​នូវ​ឆន្ទៈ ក្នុង​ការ​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​ផ្នែក​ហិរញ្ញវត្ថុ និង​បច្ចេកទេស ដោយ​តម្រង់​ទិស​ទៅតាម​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ ជាពិសេស​គោលនយោបាយ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​របស់​កម្ពុជា​។​

លោកជំទាវ អី​វ៉ា ង្វៀន​ប៊ិ​ញ (Eva Nguyen Binh) ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​បារាំង​ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែង​លើកឡើង នៅ​ក្នុង​ជំនួប​ជាមួយ​ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ទីស្តីការក្រសួង ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៧ នេះ​ថា ប្រទេស​កម្ពុជា​គឺជា​ប្រទេស មួយ​មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ព្រមទាំង​បាន​ផ្តល់​បរិយាកាស​វិនិយោគ​យ៉ាង​ល្អ​ប្រសើរ ក្នុង​នោះ ​ក្រុមហ៊ុន​បារាំង ដែល​បាន​មក​បណ្ដាក់ទុន​នៅ​កម្ពុជា​ភាគច្រើន​គឺ​ទទួល​បាន​ជោគជ័យ នៅ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​របស់ខ្លួន​ផងដែរ​។​

លោកជំទាវ ឯកអគ្គរដ្ឋទូត​បាន​បញ្ជាក់​បន្ថែមថា បារាំង​នឹង​ខិតខំ​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ ទាំង​ផ្នែក​ហិរញ្ញវត្ថុ និង​បច្ចេកទេស ដោយ​តម្រង់ទិស​នៃ​កិច្ចសហប្រតិបត្តិការ​រ​បស់​ខ្លួន ទៅនឹង​យុទ្ធសាស្ត្រ​អភិវឌ្ឍ​របស់​កម្ពុជា ជាពិសេស​គោលនយោបាយ​វិស័យ​ឧស្សាហកម្ម សំដៅ​លើកកម្ពស់​ការធ្វើ​ពិពិធ​កម្ម សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ​។​

ជាការ​ឆ្លើយតប ឯកឧត្តម​អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏បាន​ជម្រាប​អំពី​សមិទ្ធផល ដែល​កម្ពុជា​សម្រេចបាន​ក្នុងការ​ផ្លាស់ប្តូរ​មុខមាត់​លើ​ឆាក​អន្តរជាតិ ដែល​កម្ពុជា​បានក្លាយ​ជា​កូន​ខ្លា​សេដ្ឋកិច្ច​ថ្មី​នៅ​អាស៊ី និង​ជា​ប្រទេស​ឯក​ទ​គ្គករ​កំណើន​ទាំង​៨​នៅក្នុង​ពិភពលោក ដែលមាន​កំនើនសេដ្ឋកិច្ច​រឹងមាំ​ក្នុង​អត្រា​៧,% ក្នុង​រយៈពេល​២​ទសវត្ស​មកនេះ ក្នុងនោះ​កម្ពុជា​បាន​កាត់បន្ថយ​ភាពក្រីក្រ​ពី​៥៤% នៅក្នុង​ឆ្នាំ​២០០៤ មក​ប្រមាណ​១៣,% នៅក្នុង ឆ្នាំ​២០១៤ នឹង​បន្ត​កាត់បន្ថយ​ក្នុង​អត្រា​១%​ជា​រៀងរាល់ឆ្នាំ​។ ដោយឡែក​ការគ្រប់គ្រង​បំណុល​សាធារណៈ​ទៀត​វិញ កម្ពុជា​ក៏មាន​ភាពប្រសើរឡើង​ផងដែរ​។​

ទាក់ទិន​នឹង​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ទំហំ​នៃ​កា​រវិន​យោគ​គឺ​កំណើន​កើនឡើង​ជានិច្ច ក្នុង​នោះ ​នៅ​ឆ្នាំ​២០១៦ កម្ពុជា​បាន​នាំចេញ​ទៅកាន់​ប្រទេស​បារាំង​មាន​ចំនួន​៣៦១​លាន​ដុល្លារ​អាមេរិក ខណៈ​ដែល​កម្ពុជា​នាំចូល​ពី​បារាំង​មាន​ចំនួន​ប្រមាណ ៦៥​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​៕