មនុស្ស ៣​នាក់​​បាត់​បង់​ជីវិត​ ​និង ៥​នាក់​រង​របួស​ក្នុង​ការ​​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​​ក្បែរ​ពហុ​កីឡដ្ឋាន​ក្នុង​ក្រុង​កាប៊ុល

47

អាហ្វហ្គានីស្ថាន៖ ក្រុម​មន្ត្រី​​បាន​និយាយ​ថា ​ជន​បំផ្ទុះ​​គ្រាប់​បែក​​អត្តឃាត​​ម្នាក់​​​បាន​​​​បំផ្ទុះ​ខ្លួន​ឯង ​​នៅ​ឯ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​​មួយ​កន្លែង​​ក្បែរ​​ពហុ​កីឡដ្ឋាន​ ដែល​គេ​​លេង​កីឡា​គ្រីកគីត​នៅ​ទីក្រុង​​កាប៊ុល​ប្រទេស​អាហ្វហ្គានីស្ថាន​​កាល​ពី​ថ្ងៃ​ពុធ​​ម្សិលមិញ​ ខណៈ​​​ការ​ប្រកួត​​កីឡា​នេះ​កំពុង​ធ្វើ​ឡើង​​​ និងបណ្ដាល​​ឲ្យ​មនុស្ស ៣​នាក់​បាន​បាត់​បង់​ជីវិត។

អ្នក​នាំ​ពាក្យ​​ក្រសួង​​មហា​ផ្ទៃ​​​លោក ណា​ជីប ដានេស ​បាន​លើក​ឡើង​ថា នគរបាល​​ ២​នាក់ និង​​ជន​ស៊ីវិល​​ម្នាក់​បាន​បាត់​បង់​ជីវិត​​ ហើយ​មនុស្ស ៥​នាក់​​​​ផ្សេង​ទៀត​រង​របួស ចំណែក​​​ឯ​ទូរទស្សន៍​តូឡូ​ក្នុង​ប្រទេស​នេះ​បាន​ដក​ស្រង់​​សំដី ​​​ក្រុម​ប្រឹក្សា​​ភិបាល​​កីឡា​គ្រីកគីត​​អាហ្វហ្គានីស្ថាន​​ដែល​​​និយាយ​ថា ​កីឡាករ​​គ្រីកគីត​ទាំង​អស់​មាន​សុវត្ថិភាព។ ​ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​​នៅ​​ក្រៅ​​កីឡដ្ឋានពេល​ប្រកួត​​គ្រីកគីត​អន្តរជាតិ​​ក្នុង​ក្រុង​កាប៊ុល​​ បាន​កើត​ឡើង​​ក្នុង​អំឡុង​ពេល​ប្រកួត​​គ្រីកគីត​​សហព័ន្ធ​ស្ប៉ាហ្គីសា​របស់​អាហ្វហ្គានីស្ថាន​ ដែល​ជា​​​ការ​ប្រកួត​​ដណ្ដើម​ជើង​ឯក​ T20 ក្នុង​ក្រប​ខណ្ឌ​​​ Premier League របស់​ប្រទេស​ឥណ្ឌា និង​​ការ​ប្រកួត​ប្រជែង​ស្រដៀង​គ្នា​​នេះ​​ចំនួន ២០​ទៀត។

​ចំណែក​​ទី​ភ្នាក់​ងារ​​ព័ត៌មាន​​អាម៉ាក់​របស់​រដ្ឋ​អ៊ីស្លាម​​និយាយ​ថា ​ក្មាន់​បំផ្ទុះ​គ្រាប់​បែក​​អត្តឃាត​បាន​​​វាយប្រហារ​​​ទៅ​លើ​​ សមាជិក​​កង​សន្តិសុខ​​អាហ្វហ្គានីស្ថាន​​នៅ​ក្រុង​កាប៊ុល​​​ ទោះ​បី​យ៉ាង​ណា​ក៏​ដោយ​​​សេចក្ដី​​រាយការណ៍​​​របស់​ទីភ្នាក់ងារ​​អាម៉ាក់ ​របស់​រដ្ឋ​អ៊ីស្លាម​​​នេះ​នៅ​មិន​ទាន់​បង្ហាញ​​​ច្បាស់​ភ្លាមៗ​​នៅ​ឡើយ​​ទេ ហើយ​ថា​តើ​សេចក្ដី​​ថ្លែង​ការ​នេះ​​យោង​ទៅ​​លើ​ឧបទ្ទវហេតុ​​​មួយ​ថ្មី​​នេះ ​ឬ​យ៉ាង​​ណា​ទេ៕​​​​​​​​​​

អត្ថបទ៖ រិទ្ធី