ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​​រាប់​ពាន់​នាក់​​បន្ត​​​ភៀស​ខ្លួន​​ទៅ​កាន់​ជំរំ​​នានា​​នៅ​ក្បែរ​ក្រុង​​កុកបាហ្សា​​​ប្រទេស​បង់​ក្លាដែស

84

បង់ក្លាដែស៖ ជន​ជាតិ​​ភាគ​តិច​​រ៉ូហ៊ីងយ៉ា​រាប់​ពាន់​នាក់​​ បាន​បន្ត​ទៅ​ដល់​ជំរំ​​​មួយ​ចំនួន​ក្នុង​ប្រទេស​បង់ក្លាដែស​​​កាល​ពី​ថ្ងៃ​​ពុធ​​ម្សិលមិញ​ ខណៈ​​ដែល​​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​​​លោក Antonio Guterres អំពាវនាវ​ឲ្យ​​​ក្រុម​អាជ្ញាធរ​​​មីយ៉ាន់​ម៉ា​​បញ្ចប់​អំពើ​ហិង្សា​​ប្រឆាំង​ក្រុម​​មូស្លីម​​រ៉ូហ៊ីងយ៉ា​​ នៅ​ប្រទេស​ដែល​មាន​​​ពុទ្ធសាសនិក​ភាគ​ច្រើន​​ ដែល​ទទួល​​ស្គាល់​ថា​វា​ជា​ស្ថានភាព​​​ដែល​អាច​​ហៅ​​បាន​ថា​​ ការ​លុប​​​បំបាត់​​​ក្រុម​ជន​​ជាតិ​ភាគ​​តិច​​ទាំង​នោះ។

​ក្រុម​អ្នក​ភៀស​ខ្លួន​​ដែល​​លី​សែង, យួរ​របស់​របរ​ផ្សេង​​ៗ និង​​ដឹក​ដៃ​កូន​​បាន​ដើរ​តាម​​ប្រឡាយ​​ជា​ច្រើន​​កន្លែង​​ និង​ដើរ​កាត់​​តាម​ទឹក​​ ខណៈ​ពួក​គេ​ធ្វើ​ដំណើរ​​ទៅ​កាន់​ជំរំ​​ច្រើន​កន្លែង​​នោះ។ ​អំពើ​ហិង្សា​​បាន​ផ្ដើម​ឡើង​​នៅ​ថ្ងៃ​ទី២៥ ខែ​សីហា បន្ទាប់​ពី​​ក្រុម​សកម្ម​ប្រយុទ្ធ​រ៉ូហ៊ីងយ៉ា​​បាន​វាយប្រហារ​​លើប៉ុស្តិ៍​​នគរបាល​​​ប្រហែល ៣០​កន្លែង​ និង​មូលដ្ឋាន​​កង​ទ័ព​មួយ​កន្លែង​​ ដែល​បណ្ដាល​​ឲ្យ​មាន​ការ​បង្ក្រាប​យ៉ាង​ចាស់​ដៃ​​ពី​កង​ទ័ព​​​មីយ៉ាន់ម៉ា​​។ ជំរំ​ជន​ភៀស​ខ្លួន​​ធំ​ៗ​ត្រូវ​បាន​គេ​បង្កើត​ឡើង​នៅ​តំបន់​​គូឡូប៉ាឡុង​ ​ក្បែរ​ទីក្រុង​​កុកបាហ្សា​​ក្នុង​ប្រទេស​បង់ក្លាដែស៕​

អត្ថបទ៖ រិទ្ធី