សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងក្រុមគ្រួសារ អញ្ជើញ​ចូលរួម​បុណ្យកាន់បិណ្ឌ​ទី​៩​ ​​នៅវត្តចំពុះក្អែក

203

ភ្នំពេញ ៖ ក្នុង​ឱកាស​ នៃ​ពិធីបុណ្យ​កាន់បិណ្ឌ ​ឬ ភ្ជុំបិណ្ឌ​ឆ្នាំនេះ ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​ សែន ​អញ្ជើញ​ទៅ​ចូលរួម​បុណ្យកាន់បិណ្ឌ​ទី​៩ ​នៅ​វត្ត​មុនី​សុវណ្ណ ហៅ​ចំពុះក្អែក ​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ជាមួយ​មន្ត្រី អ្នក​មុខ អ្នកការ ពុទ្ធបរិស័ទ ​ចំណុះជើងវត្ត ដូច​ឆ្នាំមុន​ផងដែរ​។

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​បុត្រា បុត្រី ចៅប្រុស ចៅស្រី និង​ក្រុមគ្រួសារ​ បាន​បូជា​ទៀនធូប ផ្កាភ្ញី​ថ្វាយ​ចំពោះ​ព្រះរតនត្រ័យ ​ នាំយក​ចង្ហាន់​បិណ្ឌ​បាត្រ បច្ច័យ ទេយ្យទាន ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ​ទៅ​ប្រគេន​ព្រះសង្ឃ រាប់បាត្រ បង្សុកូល ឧទ្ទិស នូវ​ផល្លាអានិសង្ឃ ​ទៅដល់​បុព្វការី​ជន សាច់សាលោហិត ជិត​ឆ្ងាយ ក៏​ដូច​បុព្វបុរស​ខ្មែរ អ្នកស្នេហាជាតិ​ ឱ្យ​ទទួល​បាន​នូវ​មនុញ្ញផល​ដែល​សម្តេច​បានធ្វើ​ជូន​ជាមួយ​ព្រះសង្ឃ​នៅថ្ងៃនេះ​។

បុណ្យ​ភ្ជុំបិណ្ឌ គឺជា​ពិធីបុណ្យ​មួយ ក្នុងចំណោម​ពិធីបុណ្យ​ធំៗ​ដទៃទៀត នៃ ព្រះរាជ​ពិធី​ទា្វរ​ទស​មាស ដែល​ប្រជារាស្ត្រ​ទូទាំងប្រទេស ​តាំងពី​បុរាណ​រៀងមក ​តែងតែ ប្រារព្ធ​ពិធី​នេះ ​មិនដែល​អាក់​ ខាន​ឡើយ គឺ​ចាប់ពី​ថៃ្ង ​១​រោច ខែភទ្របទ រហូតដល់​ថៃ្ង​ទី ​១៥​រោច មាន​រយៈពេល ១៥​ថៃ្ង ​ដែល​យើង​ហៅថា​បិណ្ឌ​១, បិណ្ឌ​២ បិណ្ឌ​៣ រហូតដល់​ថ្ងៃ​១៥​រោច ​ដែល​ជា​ថៃ្ង​បញ្ចប់ គឺជា ថៃ្ង “​ភ្ជុំបិណ្ឌ​“​

បុណ្យ​ភ្ជុំបិណ្ឌ ត្រូវបាន​ធ្វើឡើង​តាមបែប​ព្រះពុទ្ធសាសនា​។​ជា​រៀងរាល់​ ឆ្នាំ នៅពេល​ដល់​ថ្ងៃខែ​ដែល​ត្រូវ​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ គ្រប់​បងប្អូន​កូនចៅ សាច់ញាតិ​សន្ដាន​ទាំងអស់ ទោះ​នៅ​ទីជិត​ ឬ​ទី​ឆ្ងាយ តែងតែ​ធ្វើដំណើរ​ទៅ​ជួបជុំគ្នា ​ជាពិសេស​ឪពុកម្ដាយ​ ដើម្បី​រៀបចំ​ម្ហូបអាហារ​ បាយ​សម្ល ចង្ហាន់​យក​ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់នៅ​វត្ត​អារាម​។

វត្តមាន​ដ៏​ថ្លៃថ្លា​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ទៅកាន់​វត្ត​មុនី​សុវណ្ណ ហៅ​ចំពុះក្អែក​ រាជធានី​ភ្នំពេញ ក្នុង​បិណ្ឌ ទី​៩​នេះ ក៏ដូចជា​ការ​អញ្ជើញ​ទៅកាន់​វត្ត​ផ្សេងៗ​ទៀត​នា​រយៈពេល​កន្លងមក​ ជា​សក្ខីកម្ម​បង្ហាញ​ពី ​ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​ និង​គោរព​បដិបត្តិ ចំពោះ​ព្រះពុទ្ធសាសនា ​យ៉ាង​ជ្រាលជ្រៅ​ជាមួយ​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា ប្រមាណ​ជាង​៩០% នៅ​ទូទាំង​ប្រទេស​ ហើយ​វត្តមាន​របស់​សម្តេច​ ទាំងពីរ​ទៅកាន់​ទីវ​ត្ត​អារាម​នានា ​សម្តេច​តែងតែ​នាំមក​នូវ​បច្ច័យ​ទេយ្យទាន យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ មក​ប្រគេន​ព្រះសង្ឃ ​សម្រាប់​ចាត់ចែង ​ជា​ចង្ហាន់​របស់​ព្រះសង្ឃ​ និង​ការ​អភិវឌ្ឍ កសាង​សមិទ្ធផល​នានា​ទាំង​ក្នុង​វិស័យ​ពុទ្ធចក្រ ​និង​អាណាចក្រ​ជា​បន្តទៀត​។

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​បុត្រា បុត្រី ចៅប្រុស ចៅស្រី និង​ក្រុម គ្រួសារ ក៏បាន​អញ្ជើញ​ធ្វើ​កិច្ច​តាម​ប្រពៃណី​នៃ​ព្រះពុទ្ធសាសនា បង្សុកូល រាប់បាត្រ ប្រគេន​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​នូវ​ផល្លា​អា​និ​សង្ឃ ជូន​ទៅ​ដល់​ដួង​វិញ្ញាណក្ខន្ធ បុព្វការី​ជន មាន មាតា បិតា របស់​សម្តេច គឺ ​លោក​មហា​ឧបាសិកា ឌី ប៉ុក ដែល​ជា​មាតា​បង្កើត​របស់​សម្តេច​, អ្នកឧកញ៉ា​មហា​ភក្តី​សប្បុរិស​ភោ​គា​ធិបតី ហ៊ុន នាង ,​លោក​មហា​ឧបាសក លីន គ្រី ​ដែល​ជា​បិតា​បង្កើត វិញ្ញាណក្ខន្ធ ជីដូន ជីតា​, វិញ្ញាណក្ខន្ធ​ បុត្រ​ច្បង​របស់​សម្តេច​ដែល​បាន​បាត់បង់​ជីវិត​នៅក្នុង​របប​ប្រល័យពូជសាសន៍​ និង​វិញ្ញាណក្ខន្ធ​ញាតិ ការ​ទាំង​៧​សន្តាន ​ដែល​បាន​ចែក​ឋាន​ទៅហើយនោះ ​សូមឱ្យ​ដួង​វិញ្ញាណក្ខន្ធ របស់​អស់​លោកអ្នក​ទាំងនោះ ​ បាន ទទួលយក​មនុញ្ញផល​ និង ងាក​ក្រោយ​ឱ្យ​ពរជ័យ ​ដល់​រូប​សម្តេច​ទាំងពីរ​ និង​មាតា​របស់​សម្តេច​គឺ​លោក​មហា​ឧបាសិកា ប៊ុន ស៊ា​ង​លី ដែល​ជា​មាតា​បង្កើត​របស់​សម្តេច ​ព្រមទាំង​ក្រុម​គ្រួសារ បុត្រា បុត្រី ចៅប្រុស ចៅស្រី​ជាទី​ស្រឡាញ់​សូម​ឱ្យ​មាន​សុខ​ភាពល្អ ​ប្រាជ្ញា​ឆ្លាត​វៃ និង អាយុ​យឺនយូរ ។

ម្យ៉ាង​វិញទៀត តាមរយៈ​មនុញ្ញផល​ដ៏​ថ្លៃថ្លា​នេះ សូម​ឱ្យ​ព្រះ​បារមី​ដ៏​សក្ដិសិទ្ធិ​ ក្នុង​លោក ជាពិសេស​ព្រះ​បារមី​វត្ត​មុនី​សុវណ្ណ ​ តាម​ជួយ​បីបាច់​ថែរក្សា​សម្តេច​ទាំងពីរ និង​ក្រុមគ្រួសារ​ ក៏ដូចជា​អភិបាល​ការពារ​ព្រះរាជាណាចក្រ​កម្ពុជា​ ឱ្យ​រក្សា​បាន​ជានិច្ច​និរន្តរ ,​សន្តិភាព​ ស្ថេរភាព សន្តិសុខ សណ្តាប់​ធ្នាប់​សាធារណៈ ដើម្បី​ជា​មូលដ្ឋានគ្រឹះ​ នៃ​ការអភិវឌ្ឍ​ កសាង​សមិទ្ធផល​នានា ឱ្យ​រីក​ចំរើន​លើ​គ្រប់​វិស័យ​ជា​បន្តទៀត​។

ក្នុង​ពិធី​ខាង​វិស័យ​ព្រះពុទ្ធសាសនា​នេះ ជាមួយនឹង​សំភារៈ គ្រឿង​ឧបភោគ​ច្រើន​មុន ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ប្រគេន​បច្ច័យ​សម្រាប់​វត្ត​មុនី​សុវណ្ណ ចំនួន​១០​លាន​រៀល​,​ប្រគេន​ព្រះសង្ឃ​ចំនួន​២២​អង្គ ១​អង្គ​៥​ម៉ឺន​រៀល​,​ចែកជូន​ យាយជី តាជី កូនសិស្សលោក​ ចំនួន​៥០០​នាក់ ​ម្នាក់ៗ​ទទួលបាន​ក្រណាត់ស និង ថវិកា​២​ម៉ឺន​រៀល​។

សូមបញ្ជាក់ថា​ ៖ រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ចាប់​តាំងពី​សម័យ​បុរាណ​កាល​រហូតមកដល់​ប​ច្ចុ​ប្បន្ន ​ពិធី​នេះ គេ​តែងតែ​ប្រារព្ធ​នៅក្នុង​រដូវវស្សា ព្រោះ​នៅក្នុង​រដូវ​នេះ​ពពួក​ប្រេត​ អាច​មាន​ឱកាស​ច្រើន​ក្នុងការ​ស្វែងរក ​ចំណីអាហារ​ ជាង​រដូវ​ផ្សេងៗ​ទាំងអស់​។

ទាក់ទិន​នឹង​ជំនឿ​ដែល​ពុទ្ធបរិស័ទ​លើកឡើង​អំពី​ការ​ពូន​ភ្នំខ្សាច់ ​នៅ​អំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ​នេះ វា​ជា​ជំនឿ​មួយ​ដែល​ខ្មែរ​យើង​ទូទៅ​យល់ថា​វា​ល្អ​ហើយ​មាន​ប្រយោជន៍​ទើប​ពួកគាត់​ធ្វើ​,​ហើយ​បាន​ដាក់​លុយ​ទៅតាម​ភ្នំខ្សាច់​នីមួយៗ ព្រមទាំង​អុជ​ធូប​ស្មា​លា ​កំហុស​បាប​មួយ​ចំនួន​ដែល​ខ្លួន​បាន​សាង​ឡើង ​ដោយ​មិនបាន​ចាប់អារម្មណ៍​កន្លងមក​។ ​ ការ​ពូន​ភ្នំខ្សាច់​នេះ​ ក៏​ជា​ការ​ឧទ្ទិស​កុសល​មួយ​ជូន​ដល់​ឧបការី​ជន​ទាំងឡាយ​ដែល​បាន​លាចាក​លោក​ផងដែរ​៕