របរ​ចិញ្ចឹម​មាន់​ជួយ​ឲ្យ​គ្រួសារ​ពលរដ្ឋ​ខេត្តស្វាយរៀង​ មាន​ជីវភាព​ល្អប្រសើរ

54

ស្វាយរៀង ៖ ​ដោយ​ទទួល​បានការ​ការ​បណ្តុះ​បណ្តាល​ខ្លះៗ​ពី​អង្គការ​ដៃគូ ​និង​ការ​បង្ហាញ​ពី​របៀប​ថែទាំ​ និង​ចិញ្ចឹម​សត្វ​មាន់​ពី ​សំណាក់​មិត្ត ភក្តិ គ្រួសារ​មួយ​ក្នុងចំណោម​គ្រួសារ​ជាច្រើន​នៅក្នុង​ភូមិ​ត្រោក ឃុំ​កំពង់ចំឡង ​ស្រុក​ស្វាយជ្រំ ​ខេត្តស្វាយរៀង ​ទទួល​បាន​ជីវភាព​ល្អប្រសើរ​តាមរយៈ​ការ​ចាប់យក​មុខរបរ​ចិញ្ចឹម​មាន់​បន្ថែម​ ពីលើ​របរ​ផ្សេងៗ​នៅ​ក្នុង​វិ​ស័យ​​កសិកម្ម​។

មាន់​ជាស​ត្វ​ងាយ​ចិញ្ចឹម ​ដែល​ប្រជាពលរដ្ឋ​ទូទៅ​ចូលចិត្ត​ចិញ្ចឹម​ ដើម្បី​ធ្វើ​ម្ហូប​ប្រចាំ​គ្រួសារ​ សហគមន៍ និង​លក់ ​បង្កើន​ចំណូល​គ្រួសារ ​ហើយ​សត្វ​នេះ​ ងាយ​ផ្តល់​ស៊ី​ចំណី​ឲ្យ​ស៊ី​ជាង​សត្វ​ទា ​និង​ជ្រូក តែ​លក់​បាន​កម្រៃ​ល្អប្រសើរ​។

កសិករ​ឈ្មោះ ប៉ុល ស៊ាន រស់នៅ​ភូមិ​ត្រោក ឃុំ​កំពង់ចំឡង ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង ​បាន​ប្រាប់​​ថា ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​គ្រួសារ​របស់​លោក​មាន​ជីវភាព​ល្អប្រសើរ ​តាមរយៈ​ការ​ចិញ្ចឹម​សត្វ​មាន់​ ជា​របរ​បន្ទាប់បន្សំ​លើ​វិ​ស័យ ​កសិកម្ម​ផ្សេងៗ​ទៀត​។

លោក ​បាន​ឲ្យ​ដឹងថា ​សត្វ​មាន់​ញី​ធំ​ពេញវ័យ​នៅ​អាយុ​៦​ខែ​ ហើយ​អាច​ពង​ក្នុង​មួយ​ឆ្នាំ​ពី​ពីរ​ទៅ​បី​ដង តាម រយៈ​ការ ផ្តល់​ចំណី​គ្រប់គ្រាន់ ​ហើយ​ពង​ម្តង​បាន​ចំនួន​ពី​១០​ទៅ​១៥​ពង ​ដែល​អាច​បង្កើត​ជា​កូន​មាន់​បាន​ចំនួន​ដូចគ្នា​ដែរ ​ហើយ​កូន​ មាន់​នោះ​ចិញ្ចឹម​តែ​រយៈពេល​៤​ទៅ​៥​ខែ​អាច​លក់បាន​ ដោយ​តម្លៃ​មួយ​គីឡូក្រាម​១​ម៉ឺន​២​ពាន់​រៀល​ទៅ​១​ម៉ឺន​៥​ពាន់ ​រៀល​ ក្នុង​រដូវ​មិន​សូវមាន​មាន់​ (​ពិសេស​នៅ​រដូវក្តៅ​) បើ​ប្រៀបធៀប​ទៅ​នឹង​ការ​ចិញ្ចឹម​ជ្រូក​ មាន់​ទទួល​បាន​កម្រៃ​ច្រើន​បើ​ចិញ្ចឹម​ ច្រើនបែប​សហគមន៍​។

លោក ប៉ុល ស៊ាន បាន​ស្នើ​ដល់​មន្ទីរ​កសិកម្ម និង​អង្គការ​ដៃគូ ចុះ​ជួយ​អប់រំ​ពី​វិជ្ជាជីវៈ ​វិធី​ថែទាំ​ និង​ការ​ធ្វើ​វ៉ាក់សាំង មាន់ ទា ព្រោះ​ភូមិ​របស់​លោក​មាន​ប្រជាពលរដ្ឋ​ចាប់​យក​របរ​ចិញ្ចឹម​មាន់​ច្រើន​គួរសម​។

ទាក់ទង​ទៅ​នឹង​ការស្នើសុំ​របស់​ប្រជាពលរដ្ឋ​ជួយ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ចិញ្ចឹម​មាន់​ និង​ការ​ធ្វើ​វ៉ាក់សាំង​នោះ លោក ថាច់ រតនា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ ​និង​នេសាទ ខេត្តស្វាយរៀង​ នឹង​ទទួល​ស្វាគមន៍ និង បញ្ជូន​មន្ត្រី​ជំនាញ​ទៅ ជួយ​ធ្វើការ​បណ្តុះ​បណ្តាល​ ដើម្បី​ឲ្យ​ពួកគេ​ទទួល​បាន​វិជ្ជាជីវៈ​មួយ​ច្បាស់លាស់​នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ​។

លោក​ប្រធាន​មន្ទីរ ​បាន​ឲ្យ​ដឹងថា ​ខេត្តស្វាយរៀង ​បច្ចុប្បន្ន ​ការងារ​ចិញ្ចឹម​មាន់​មាន​ច្រើន​គួរសម​នៅ​តាម​គ្រួសារ ហើយ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ដោយមាន​ទីផ្សារ​ល្អ ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​បាន​ចុះ​កិច្ចសន្យាលក់​ទិញ​មាន់​ពី​ដៃគូ ​ឈាន​ទៅ​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​មាន់​មួយ​កន្លែង​ដែលមាន​មាន់​រាប់ពាន់​ក្បាល ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​៕