IOC ប្រកាស​ផ្លូវ​ការ​ផ្ដល់​សិទ្ធិ​ម្ចាស់​អូឡាំពិក​២០២៤ ដល់​ទី​ក្រុង​ប៉ារីស និង​២០២៨ ដល់​ទី​ក្រុង Los Angeles

118

អូឡាំពិក៖ ​ផ្លូវការ​ហើយ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​ហៅ​កាត់​ថា IOC បាន​ប្រកាស​ផ្ដល់​សិទ្ធិ​ជា​ម្ចាស់ផ្ទះ​ពីរ​ព្រម​គ្នា​ ដល់​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​រៀបចំ​អូឡាំពិក​រដូវ​ក្តៅ​២០២៤ និង​ទីក្រុង Los Angeles សហរដ្ឋអាមេរិក​រៀប​ចំ​អូឡាំពិក​រដូវ​ក្ដៅ២០២៨​។

​​ប៉ារីស​ដំបូង​ឡើយ​ជា​ដៃគូ​ប្រជែង​ជាមួយ​ទីក្រុង Los Angeles ដើម្បី​ប្រជែង​សិទ្ធិ​រៀបចំ​អូឡាំពិក២០២៤ បន្ទាប់ពី​បេក្ខភាព​មួយ​ចំនួន​ទៀត​សុទ្ធតែ​បាន​ដក​ខ្លួន​។ ក្រោយមក​គណៈកម្មាធិកា​រ​អូឡាំពិក​អន្តរជាតិ IOC បាន​ប្រជុំ​សំរេច​អោយ​ទីក្រុង​ទាំងពីរ​ ទទួល​បាន​សិទ្ធិ​រៀបចំ​ដូចគ្នា​ខុស​តែ​ឆ្នាំ២០២៤ និង២០២៨​។​ ​ក្រោយមក​កិច្ច​ភាគី​ទាំងអស់​ឈាន​ដល់​កិច្ចព្រមព្រៀង ក្រោយ​កិច្ចពិភាក្សា​ចរចាដោយ​ប៉ារីស​នឹង​ទទួល​បាន​សិទ្ធិ​រៀបចំ​អូឡាំពិក ២០២៤ ឯ Los Angeles ទទួល​បាន​សិទ្ធិ​រៀបចំ​ឆ្នាំ២០២៨​។

​​ការ​សំរេច​របស់ IOC ជុំវិញ​ការ​ផ្ដល់​សិទ្ធិ​ដល់​ទី​ក្រុង​ទាំងពីរ​ធ្វើឡើង​តាំងពី​ខែ​កក្កដា​ម្ល៉េះ បន្ទាប់ពី​ទីក្រុង​ដែល​ជា បេក្ខភាព​ផ្សេងទៀត​បាន​ដក​ខ្លួន​មិន​ប្រជែង​សិទ្ធិ​២០២៤​។ ​ទីក្រុង​ប៉ារីស​នឹង​អបអរ​គម្រប់​ខួប ១០០​ឆ្នាំ​គត់​នៅ​ឆ្នាំ​២០២៤ នោះ​ដែល​រដ្ឋធានី​មួយ​នេះ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ធំ​បំផុត​លើ​លោក ចុងក្រោយ​បំផុត​ឆ្នាំ​១៩២៤​។ ​​រីឯ Los Angeles ដែល​ធ្លាប់​រៀបចំ​អូឡាំពិក​ពីរ​លើក​១៩៣២ និង១៩៨៤ ធ្លាប់​បាន​លើក​ឡើង​ថា អូឡាំពិក​នៅ Los Angeles នឹង​ជា​អូឡាំពិក​ដែល​ចំណាយ​ថវិកា​តិច​ក្នុង​ការ​រៀបចំ​អាស្រ័យ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មាន​ស្រាប់​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ