ទស្សនា Highlight Hun Sen Cup 2017 – អគ្គិសនីកម្ពុជា Vs ខេមបូឌានថាយហ្គឺរ

361

បាល់ទាត់៖ ក្លឹបអគ្គិសនីកម្ពុជា បានឡើងដល់វគ្គ៨ក្រុមហើយ ទោះបីជាចាញ់ ខេមបូឌានថាយហ្គឺរក្នុងជើងទី២ ម្សិលមិញ ក្នុងលទ្ធផល ២ទល់នឹង៤។​ លេងបាន៧នាទី ខេមបូឌានថាយហ្គឺរ ចាប់ផ្តើមនាំមុខដោយគ្រាប់បាល់កីឡាករ ថន សីហា ប៉ុន្តែពីរនាទីបន្ទាប់ អគ្គិសនីកម្ពុជាតាមស្មើវិញដោយកីឡាករ សុខ ច័ន្ទរស្មី ។

តែនៅនាទីទី៣៣ ខេមបូឌានថាយហ្គឺរ នាំមុខវិញដោយកីឡាករខ្សែបម្រើ មុំ សុធាវ៉ាន់ និង៦នាទីបន្ទាប់កីឡាករចំណូលថ្មីជម្រើសជាតិកម្ពុជា ពេជ្រ សុវណ្ណខេមរិន្ទ្រ បន្ថែមមួយគ្រាប់ទៀត អោយខេមបូឌានថាយហ្គឺរ។  ចូលវគ្គទី២ ជិតចប់ការប្រកួតទៅហើយ អគ្គិសនីកម្ពុជា បានបាល់ពិន័យ១១ម៉ែត្រ កីឡាករ ធើរី ចាន់ថាប៊ីន ក៏ធ្វើបានសម្រេច។ ខេមបូឌានថាយហ្គឺរនៅតែដាក់សម្ពាធជាខ្លាំងលើអគ្គិសនីកម្ពុជា ទីបំផុត នៅនាទី ៩០បូក៥ យិន មេសាធ្វើអោយចូលទីខ្លួនឯង។

ទោះបីខំយ៉ាងណាក៏ដោយ ខេមបូឌានថាយហ្គឺរមិនអាចធ្វើបានសម្រេចទេ ព្រោះជើងទី១ ចាញ់ក្នុងដីសៀមរាប ៣ទល់នឹង០។

វគ្គបន្ទាប់ ក្លឹបអគ្គិសនីកម្ពុជា ត្រូវជួបជាមួយអ្នកឈ្នះរវាង អតីតជើងឯក អគ្គស្នងការដ្ឋាននគរបាលជាតិ និងសូទីឡូអង្គរ។

មកដល់ពេលនេះក្រុមដែលបានឡើងដែរហើយមាន ក្រសួងការពារជាតិ និងបឹងកេត បន្ទាប់ពីឈ្នះឧត្តរមានជ័យ ២២ទល់នឹង៣ទាំងពីរជើង។ វគ្គ១៦ក្រុមចុងក្រោយ ហ៊ុន សែនខាប់នឹងបញ្ចប់នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ខាងមុខ៕