សម្តេច​ពញា​ចក្រី​ ហេង សំរិន ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ អាយ​ប៉ា ប្រទេស​ហ្វីលីពីន

100

ភ្នំពេញ ៖ ​ ប្រតិភូ​ជាន់ខ្ពស់ ​នៃ​រដ្ឋសភាជាតិ ដឹកនាំ​ដោយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ​ហេង​ សំរិន ប្រធានរដ្ឋសភា​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​សភា​កម្ពុជា ​ចូលរួម​មហាសន្និបាត​អន្តរជាតិ​អាស៊ាន អាយ​ប៉ា (AIPA) ​លើក​ទី​៣៨​ នៅ​ទីក្រុង​ម៉ានីល ​សាធារណរដ្ឋ​ហ្វីលីពីន​។

យោង​តាម​សេចក្តីជូនដំណឹង​ស្តីពី គណៈប្រតិភូ​ជាន់ខ្ពស់​សភា​ នៃ​កម្ពុជា​ចូលរួម​មហាសន្និបាត អន្តរជាតិ​អាស៊ាន​អាយ​ប៉ា​លើក​ទី​៣៨ ​នៅ​ទីក្រុង​ម៉ានីល សាធារណរដ្ឋ​ហ្វីលីពីន​ របស់​អគ្គលេខាធិការ​ដ្ឋា​ន​រដ្ឋសភា​ បានបង្ហាញ​ថា​ ការ​ចាកចេញ​របស់​ គ​ណៈ​ប្រតិភូ​កម្ពុជា​ ឆ្ពោះទៅកាន់​ហ្វីលីពីន​នេះ​ មាន​រយៈពេល​៧​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១៤ ​ដល់​ថ្ងៃទី​២០ ​ខែកញ្ញា ​ខាងមុខនេះ​។

គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ​នឹងត្រូវ​ចូលរួម​មហាសន្និបាត​ក្រោម​ប្រធានបទ “​អាយ​ប៉ា និង​អាស៊ាន រួមគ្នា​ដើម្បី​ការ​ផ្លាស់ប្តូរ​សម្រាប់​ ទាំងអស់គ្នា​”​។

សេចក្តីជូន​ដំណឹង​ដដែល​នេះ​ បាន​បញ្ជាក់ថា​ នៅក្នុង​មហាសន្និបាត​នេះ​នឹង​មាន​កិច្ចប្រជុំ​ជាច្រើន របស់​គណៈកម្មាធិការ​អាយ​ប៉ា ដែល​មាន​ដូចជា គណៈកម្មាធិការ​ប្រតិបត្តិ​កិច្ច ប្រជុំ​គណៈកម្មាធិការ​សមាជិក​សភា​ស្ត្រី គណៈកម្មាធិការ​នយោបាយ គណៈកម្មាធិការ​សេដ្ឋកិច្ច គណៈកម្មាធិការ​សង្គម​កិច្ច គណៈកម្មាធិការ​រៀបចំ និង​កិច្ចប្រជុំ​រវាង​អាយ​ប៉ា ​ជាមួយ​បណ្តា​ប្រទេស​សង្កេតការណ៍​ជាដើម​។​

អន្តរ​សភា​អាស៊ាន ដែល​ហៅ​កាត់​ថា អាយ​ប៉ា គឺជា​អង្គការ​អន្តរ​សភា​របស់​ស្ថាប័ន​នីតិប្បញ្ញត្តិ បង្កើត​ឡើង​ដោយ​សភា​នៃ​បណ្តា​ប្រទេស ​ជា​សមាជិក​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ ដែល​មាន​ប្រទេស​ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី មី​យ៉ាន់​ម៉ា សឹង្ហ​បុរី ថៃ វៀតណាម និង​ហ្វីលីពីន​។

សមាជិក​អាយ​ប៉ា បាន​ផ្លាស់​វេន​គ្នា​រៀបចំ​មហាសន្និបាត​ប្រចាំឆ្នាំ​ តាម​លំដាប់​អក្ខរក្រម​នៃ​ឈ្មោះ​ប្រទេស​តាម​អក្សរ​ឡាតាំង​៕