Paul Pogba អាច​អវត្តមាន ៦​សប្ដាហ៍​ដោយសារ​របួស​

149

បាល់ទាត់៖ ​ខ្សែ​បំរើ​បារាំង​របស់ Manchester United, Paul Pogba អាច​នឹង​នៅ​ក្រៅ​ទីលាន​ប្រកួត​ពី​មួយ​ខែ​ទៅ ៦​សប្ដាហ៍ ក្រោយ​របួស​សរសៃពួរ​អំឡុង​ការប្រកួត​ជាមួយ FC Basel កាលពី​យប់​ថ្ងៃ​អង្គារ UEFA Champions League​

ក្រោយពី​ការ​ថត និង​វិភាគ​ដោយ​ក្រុម​គ្រូពេទ្យ​អោយ​ដឹង​ថា កីឡាករ​វ័យ ២៤​ឆ្នាំ​ជំរើសជាតិ​បារាំង​រូប​នេះ​នឹង​ត្រូវ​សំរាក​យ៉ាងហោចណាស់​មួយ​ខែ មិនទាន់​ច្បាស់​ថា​អាច​វិល​វិញ​ទាន់​ពេល Manchester United ធ្វើដំណើរ​ទៅផ្ទះ Liverpool ថ្ងៃ​ទី​១៤ ខែក្រោយ​រឺ​យ៉ាងណា​។ ​ជុំវិញ​ព័ត៌មាន​របស់ Pogba គ្រូ​បង្វឹក Jose Mourinho នឹង​បញ្ជាក់​អោយ​ដឹង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃ​សុក្រ​ស្អែក​នេះ ​មុន​ការប្រកួត​ជាមួយ Everton ចុង​សប្ដាហ៍​នេះ​។ ​Pogba នឹង​អវត្តមាន​អោយ Manchester United ពេល​ជួប Everton, Southampton និង Crystal Palace ក៏ដូចជា​ពានរង្វាន់ League Cup ថ្ងៃ​ពុធ​សប្ដាហ៍​ក្រោយ​ជុំ​ទី​៣ ជួប​ជាមួយ Burton និង Champions League នៅ​ទឹកដី រុស្ស៊ី​ជួប CSKA Moscow ថ្ងៃ​ទី​២៧ ចុងខែ​នេះ​ផង​ដែរ​។ ​ក្រៅពី​ក្លឹប​អាជីព​អតិ​ត​កីឡាករ​របស់ Juventus រូប​នេះ​នឹង​អវត្តមាន​ផង​ដែរ​ សំរាប់​ក្រុម​ជំរើស​ជាតិ​បារាំង​ក្នុង​ការ​ប្រកួត​ជំ​រុះ World Cup ២០១៨ ដែល​នឹង​ត្រូវ​ជួប​ប៊ុល​ហ្ការី និង​បេឡា​រុស​ដើមខែ​ក្រោយ​៕

អត្ថបទ​៖​នាង សុភា​វុ​ធ