ក្រសួងការបរទេស​ក​ម្ពុ​ជា ​ខកចិត្ត​ចំពោះ​សេចក្តី​ថ្លែងការណ៍​របស់​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​របស់​UN

233

ភ្នំពេញ ៖​ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​បាន​សំដែង​ការខកចិត្ត ​និង​សោកស្តាយ​ចំពោះ​សេចក្តីថ្លែងការណ៍​របស់​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ​នៅក្នុង​សម័យប្រជុំ​លើក​ទី​៣៦ ​នៃ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស កាលពី​ថ្ងៃទី​១១ ​ខែកញ្ញា​នេះ ​ចំពោះ​វិធានការ​ផ្ទៃក្នុង​នាពេល​ថ្មីៗ​នេះ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

តាមរយៈ​សេចក្តីថ្លែងការណ៍​ខ្លួន អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិ​អន្តរជាតិ​កម្ពុជា បាន​លើក​ទ្បើង​ថា​ ទោះបីជា​មានការ​ពន្យល់​ជាច្រើនលើក​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ​តុលាការ ​និង​រដ្ឋសភា​ ក៏ដោយ ក៏​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​នៅតែ​ចោទប្រកាន់​រាជរដ្ឋាភិបាល​កម្ពុជា​ ដោយ​មិនបាន​ ផ្តោតលើ​ទិដ្ឋភាព​ច្បាប់ ​ដែល​ស្ថិតនៅ​ពីក្រោយ​ការ​រំលោភបំពាន​ដ៏​ធ្ងន់ធ្ងរ​របស់​បុគ្គល​ និង​ស្ថាប័ន​នានា​ប្រឆាំង​ នឹង​ច្បាប់​ដែល​នៅ​ជា​ធរមាន​របស់​កម្ពុជា​។

អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា ​បន្តថា ​សេចក្តីថ្លែងការណ៍​របស់​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​បាន​បង្កើត​ជា​ចម្ងល់​លើ​អភិក្រម​របស់ខ្លួន​ ចំពោះ​នីតិរដ្ឋ​ដែល​ជា​ផ្នែក​សំខាន់​នៃ​ស្ថាប័ន​ដ៏​គួរ​ឲ្យ​គោរព​នេះ និង​ការ​គោរព​របស់ខ្លួន​ចំពោះ​ឯករាជ្យភាព​របស់​តុលាការ​កម្ពុជា​។

បើតាម​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​គួរ​បំភ្លឺ​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ថា ​តើ​ផ្អែកលើ​មូលដ្ឋាន​អ្វីដែល​ បុគ្គល​ប្រព្រឹត្ត​ទង្វើ​ក្បត់ជាតិ និង​សន្ទិដ្ឋិភាព​ (អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ ​)​ ជាមួយ​បរទេស ​អង្គការ​ក្រៅ​រដ្ឋាភិបាល​​ ដែល​ធ្វើ​សកម្មភាព ​តាម​អំពើ​ចិត្ត​ដោយ​មិន​មាន​ច្បាប់​អនុញ្ញាត ​និង​សារព័ត៌មាន​ដែល​មិនបាន​បង់ពន្ធ​អាច​គេច​ផុត​ពី​ការ​ពង្រឹង​ការអនុវត្ត​ច្បាប់​?

សេចក្តីថ្លែងការណ៍​រប​ស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​ក៏បាន​បញ្ជាក់ថា​ សិទ្ធិ​នយោបាយ ​និង​សិទ្ធិ​ស៊ីវិល សេរីភាព​សារព័ត៌មាន ​សេរីភាព​នៃ​ការជួបជុំ ​និង​បញ្ចេញមតិ​ត្រូវ​បាន​ការពារ​យ៉ាង​ពេញ​លេញ​នៅ​កម្ពុជា លើកលែងតែ​បុគ្គល​រំលោភច្បាប់​។

អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​ យល់ថា ​ការ​ជ្រើសរើស​យក​ករណី​ទាំងនេះ ​ដើម្បី​ពណ៌នា​រូបភាព​ទាំងស្រុង ​របស់​កម្ពុជា ​គឺជា​ការវិនិច្ឆ័យ​ខុសឆ្គង​យ៉ាង​ធ្ងន់ធ្ងរ ​ហើយ​ការពារ​អ្នក​រំលោភ​ច្បាប់ ក្នុងនាម​សិទ្ធិមនុស្ស​គឺ​ជា​ការ​ដើរ​ផ្ទុយ​ពី​បេសកកម្ម​របស់​ស្ថាប័ន​ដ៏​គួរ​ឲ្យ​គោរព​នេះ​៕