សាធារណរដ្ឋ​ឆេក​ នឹង​បន្ត​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​រយៈពេល៥​ឆ្នាំ ​ជាមួយ​ក្រសួងសុខាភិបាល

57

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ឆេកប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជាអះអាងថា ​ឆេក​នឹង​បន្ត​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​រយៈពេល ៥​ឆ្នាំជាមួយ​ក្រសួងសុខាភិបាល ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​នៅ​កម្ពុជា។

ក្នុងជំនួប​ពិភាក្សា​ការងារនា​ទីស្តីការក្រសួងល្ងាច​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧​នេះ ឯកឧត្តម ម៉ា​រិ​ក ប្រ៊ី​ដ​រិ​ក​គី ​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ឆេកប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋ​ម​ន្រី្ត​ក្រសួងសុខាភិបាល​ឆេក មានបំណង​បន្ត​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​រយៈពេល​៥​ឆ្នាំ ​(២០១៨២០២៣) ដើម្បី​ជួយ​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​នៅ​កម្ពុជា។

ឯកឧត្តម ម៉ា​រិ​ក ប្រ៊ី​ដ​រិ​ក​គី បាន​ជម្រាប​ជូន​ឯកឧត្តម​រដ្ឋ​ម​ន្រី្ត​ថា​ សម្រាប់​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​រយៈពេល​ ៥​ឆ្នាំ​ខាង​មុខនេះលើ​ផ្នែក​ដែល​ត្រូវ​សហការគ្នា​នោះ នឹង​មាន​ប្រតិភូ​សុខាភិបាលឆេកមក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ក្នុង​កំឡុង​ខែធ្នូ ឆ្នាំ​២០១៧​ខាងមុខនេះ ដើម្បី​ពិភាក្សា​លំអិត​ជាមួយ​នឹង​ក្រសួងសុខាភិបាលថា ​តើ​ភាគី​ទាំងពីរត្រូវ​បន្ត​លើ​ផ្នែក​អ្វី​។

ឯកអគ្គរដ្ឋទូតរូបនោះបាន​ជម្រាបជូន​បន្ថែមថា​ ក្រសួងសុខាភិបាល​កម្ពុ​ជាជាមួយ​សាធារណរដ្ឋ​ឆេក​កន្លងមក ឆេក បាន​ប្រើប្រាស់​ថវិកា​ដែល​កម្ពុជាបាន​ជំពាក់ចំនួន​ ៣​លាន ៦​សែនដុល្លារ​អាមេរិក ​ដោយ​ប្រើប្រាស់​ទៅជា​ជំនួយ​អភិវឌ្ឍន៍​ប្រមាណ​ ៨៣​ម៉ឺន​ដុល្លារ​ក្នុងការ​បណ្តុះបណ្តាលសាងសង់ និង​ជួសជុល​មណ្ឌល​សុខភាព និង​ការ​ផ្គត់ផ្គង់​សម្ភារៈ​បរិក្ខា​ពេទ្យនៅក្នុង​ខេត្តតាកែវសរុប​ប្រមាណ ​៨៣​ម៉ឺន​ដុល្លារ​អាមេរិក ​សម្រាប់​ថវិកា​ដែល​កម្ពុជានៅ​ជំពាក់​សាធារណរដ្ឋ ឆេក បាន​លុបចោល​ទាំងស្រុង​ថវិកា​ដែល​ពាក់​លុបចោល​នោះ ​គឺ​នៅ​ខែកក្កដា​ឆ្នាំ​២០១៧​។

ជាការ​ឆ្លើយតបឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង សូម​ថ្លែងអំណរគុណ​ដល់​សាធារណរដ្ឋឆេក ដែល​បាន​ឧបត្ថម្ភ និង​ជួយ​លើ​វិស័យ​សុខាភិបាល ព្រមទាំង​បាន​បញ្ចប់​បំណុល ​និង​ស្វាគមន៍​ចំពោះ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​នាពេល​ដ៏​ខ្លី​នេះ។ ​​ឯកឧត្តមរដ្ឋ​ម​ន្រី្តបានស្នើ​ឲ្យ​អ្នក​ជំនាញ​ភាគី​ទាំងពីរ ពិភាក្សាគ្នា​លំអិត​ទៅលើ​ផ្នែក​ដែល​ត្រូវ​សហការ ​នៅពេលដែល​ក្រុម​ប្រតិភូ​មក​សិក្សា និង​ពិភាក្សា​ការងារ​ជាមួយគ្នានេះ៕