ថៃ​ផ្តល់​ឥណទាន​ជាង​២០​លាន​ដុល្លារ​ដើម្បី​សាងសង់​ហេ​ដ្ឋា ​រចនា​ស​ម្ព័ន្ធ​​បើក​ព្រំដែន​អន្តរជាតិ​ថ្មី

878

ភ្នំពេញ ៖ ​ប្រទេស​ថៃ​បានសម្រេច​ផ្តល់​ឥណទាន​ចន្លោះ​ពី​២៦​ទៅ​២៨​ លាន​ដុល្លារ​អាមេរិក ​ដើម្បី​សាងសង់​ហេ​ដ្ឋា ​រចនា​ស​ម្ព័ន្ធ​នានា ក្នុង​គោលដៅ​ឈាន​ទៅ​បើក​ច្រកព្រំដែន​អន្តរជាតិ​ថ្មី​មួយ​។

អ្នកនាំពាក្យ​ក្រសួង​សាធារណៈការ​ និង​ដឹកជញ្ជូន​លោក ​វ៉ា ស៊ីម​សូរិយា​ បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី​១៤ កញ្ញា​នេះ​ថា ប្រសិនជា​អាច​រើស​ក្រុមហ៊ុន​សាងសង់​បាន ​ការសាងសង់​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​នៅ​ព្រំដែន​អន្តរជាតិ​ច្រក​ស្ទឹង​បត់ ​ខាង​កម្ពុជា​ និង​ច្រក​ណង​អៀន ប្រទេស​ថៃ ​នឹង​អាច​ចាប់​ផ្តើម​ចុងឆ្នាំ​នេះ និង​គ្រោង​ចំណាយ​ពេល​សាងសង់​រយៈពេល​២​ឆ្នាំ​។​

លោក ​បន្តថា ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ទាំងនោះ​រួមមាន​ការសាងសង់​ផ្លូវ​ប្រវែង​ប្រមាណ​៣​គីឡូម៉ែត្រ​ ចេញពី​ច្រក​ថ្មី​នេះ ​ភ្ជាប់​មកកាន់​ផ្លូវជាតិ​លេខ​៥ ​សាងសង់​អាគារ​ទទួល​អ្នកដំណើរ​ អាគារ​ត្រួតពិនិត្យ​របស់​មន្ត្រី​គយ ​អគារ​ព្រំដែន​ អគារ​ស្នាក់នៅ​របស់​ម​ន្ត្រី​ជាដើម​។

លោក ​បន្តថា ច្រកព្រំដែន​ថ្មី​នេះ​ មាន​ចម្ងាយ​ប្រមាណ​៩​គីឡូម៉ែត្រ​ពី​ច្រកព្រំដែន​កម្ពុជា ​ថៃ​ប៉ោយប៉ែត​នាពេល​សព្វថ្ងៃនេះ ​ហើយ​ការសម្រេច​បើក​ច្រក​នេះ​ ភាគី​កម្ពុជា ថៃ​បាន​ឯកភាពគ្នា​ជា​យូរ​មកហើយ ដើម្បី​ជួយ​សម្រួល​លំហូរ​ទំនិញ ​ការដឹកជញ្ជូន ​និង​ការធ្វើដំណើរ​របស់​អ្នកដំណើរ​មិន​ឲ្យ​មានការ​កកស្ទះ ដូច​ព្រំដែន​ប៉ោយប៉ែត​សព្វថ្ងៃនេះ​។

លោក ​វ៉ា ស៊ីម​សូរិយា ​បាន​បន្តថា បន្ទាប់ពី​ច្រក​នេះ​សាងសង់​រួច ​ការសម្រួល​ចរាចរណ៍​ និង​អ្នក​ដំណើរ​មាន​កន្លែង​សម្រាក​ងាយស្រួល​ និង​ជួយ​សម្រួល​ការងារ​ជាច្រើន​ទៀត​ ហើយ​ប្រទេស​ទាំងពីរ​អាច​ត្រួតពិនិត្យ​ទំនិញ ​និង​សេវាកម្ម​នានា​តែ​ម្ខាង មិន​ចាំបាច់​ត្រួតពិនិត្យ​ពីរលើក​។

ការបើក​ច្រកព្រំដែន​ថ្មី​នេះ និង​ច្រកព្រំដែន​ចំនួន​៤​ទៀត​ដែល​គ្រោង​បើក​នាពេលខាងមុខ ជា​ផ្នែក​មួយ​នៃ​ការប្តេជ្ញាចិត្ត​រួមគ្នា របស់​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ ​ដែល​គ្រោង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​បាន​១៥​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០​ខាងមុខនេះ​។

ប្រទេស​ថៃ​ក៏​សន្យា​ជួយ​ទិញ​កសិផល​កម្ពុជា​កាន់តែ​ច្រើន ​ខណៈ​ជញ្ជីង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ​មាន​អតុល្យភាព​គ្នា​ខ្លាំង​នៅឡើយ ព្រោះ​បើ​តាម​ប្រសាសន៍​សម្តេច​តេ​ជោ​ហ៊ុន សែន​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ​បាន​អះអាងថា​ ថៃ​នាំចូល​ទំនិញ​កម្ពុជា​មក​៥ ​តែ​កម្ពុជា​នាំចេញ​ទៅកាន់​ប្រទេស​ថៃ​មានតែ​១​ប៉ុណ្ណោះ​៕