ខ្យល់​ព្យុះ ​Sebastian បាន​ឆក់​យក​ជីវិត​មនុស្ស​ ៣​នាក់​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​

50

អាល្លឺម៉ង់៖ ខ្យល់ព្យុះ​ Sebastian បាន​ឆក់​យក​ជីវិត​មនុស្ស​យ៉ាងហោចណាស់​ ៣​នាក់​ក្នុង​ប្រទេស​អាល្លឺម៉ង់​កាល​ពី​ថ្ងៃពុធម្សិលមិញ​ ​ខណៈ​ព្យុះសង្ឃរា​មួយ​នេះ​នាំ​ខ្យល់​កម្លាំង ១៣០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​បាន​បោកបក់​លើតំបន់​ភាគ​ខាងជើង​​ប្រទេស​នេះ​។​យោង​តាម​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​ប្រចាំ​តំបន់​ឲ្យ​ដឹង​ថា​ ​បុរស​ម្នាក់​ស្ថិត​ក្នុង​រទេះរុញ​មួយ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់ ​ក្នុង​ទន្លេ​ភាគ​ខាងជើង​ទីក្រុង Hamburg​។​ នគរបាល​បាន​និយាយ​ថា​ អ្នក​ថ្មើរ​ជើង​​ម្នាក់​ក៏បាន​ស្លាប់​ផង​ដែរ​ក្នុង​ទីក្រុង Hamburg បន្ទាប់ពី​រូបគេ​ប៉ះ​ទង្គិច​នឹង​រន្ទា​ដែក​ពេល​ដែល​ធ្លាក់​ចុះ​ពី​អគារ​ជាន់​ទី​៧ ​នៃ​សំណង់​មួយ​កន្លែង។ ​ជនរងគ្រោះ​ត្រូវ​បាន​នាំទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ប៉ុន្តែ​ក្រោយមក​ក៏បាន​បាត់បង់​ជីវិត​។

​បុរស​វ័យ​ ៥៣​ឆ្នាំ​ជា​មនុស្ស​ទី​៣​ ត្រូវ​បាន​ស្លាប់​ក្នុង​ព្យុះ​នោះ ​បន្ទាប់ពី​បុក​នឹង​ដើមឈើ​ក្នុង​ភាគ​ខាងលិច​ទីក្រុង​ Brilon​។​ មន្ទីរ​ឧតុនិយម​អាល្លឺម៉ង់​ឲ្យ​ដឹង​ថា​ ​ព្យុះ​នេះ​បាន​បោកបក់​ពាសពេញ​ភាគ​ខាងលិច​ និងខាងជើង​នៃ​ទីក្រុង​នេះ​កាលពី​ថ្ងៃ​ពុធ និង​បោះពួយ​ទៅកាន់​ភាគ​ខាងកើត​នៃ​ប្រទេស​នេះ​។​ ​តំបន់​មួយ​ចំនួន​នៃ​ប្រទេស​អាល្លឺម៉ង់​បាន​ចេញ​សញ្ញា​ព្រមាន និងស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ស្នាក់នៅ​ក្នុង​ផ្ទះ ស្រប​ពេលក្រុម​អ្នកផ្ដល់​សេវា​សង្គ្រោះ​បន្ទាន់​បាន​សម្អាត​ផ្លូវ និង​ជួសជុល​បណ្ដាញ​អគ្គិសនី​ឡើងវិញ៕

អត្ថបទ៖ សុខ​មាន