Chapecoense បាន​ត្រឹម​ស្មើ​ជាមួយ​ក្លឹប Flamengo ក្នុង​ពានរង្វាន់ Copa Sudamericana​ ជើង​ទី​១

66

បាល់ទាត់៖ ​ក្លឹប​បាល់ទាត់ Chapecoense បាន​បញ្ចប់​ការប្រកួត​ជាមួយ​ក្រុម Flamengo ក្នុង​លទ្ធផល 0-0 នៅ​ជើង​ទី​១ នៃ​ការប្រកួត​ព្រឹត្តិការណ៍ Copa Sudamericana ជុំ ១៦​ក្រុម​ចុងក្រោយ​កាល​ថ្ងៃ​ពុធ​ម្សិល​ម៉ិ​ញ។​​ការប្រកួត​ធ្វើឡើង​នៅ​ក្នុង​កីឡដ្ឋាន Arena Conda ម្ចាស់ផ្ទះ​ចាប់​ផ្ដើម​ដំបូង​មានឱកាស​ស៊ុត​មួយ​ជើង​ពី Alan Rischel ប៉ុន្តែ​ត្រូវ​ជួយ​បាន​ពី​អ្នកចាំទី ខណៈ​ដែល​ក្រុម​ភ្ញៀវ​អាវ​ក្រហម Flamengo កីឡាករ Rever មានឱកាស​ស៊ុត​បាល់​ហ្វ្រី​ឃី​ត​ប៉ុន្តែ​ជួយ​បាន​ពី​អ្នកចាំទី Chapecoense ផង​ដែរ​ដើម​តង់​ទី​២។ មិនទាន់​អស់​នៅឡើយ​ក្នុង​ក្រុម​ទាំងពីរ ​បាន​ធ្វើ​ការ​វាយ​សម្រុក​គ្នា​ឥត​ឈប់​ពោល​ម្ចាស់ផ្ទះ Chapecoense កីឡាករ Cristian Penilla ស៊ុត​ប៉ុន្តែ​នៅតែ​ជួយ​សង្គ្រោះ​បាន​ដដែល។​ ​ហើយ​លទ្ធផល 0-0 នេះ​ក៏​រក្សា​រហូតដល់​ចប់​ការប្រកួត​ក្នុង​ជើង​ទី​១ នៃ​វគ្គ ១៦​ក្រុម​ចុងក្រោយ​Copa Sudamericana​។​

ដូច្នេះ​ការប្រកួត​ជើង​ទី២ សម្រេច​ថា ​ក្រុម​ណា​ឡើង​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ពុធ​ទី២០​ ខែ​កញ្ញា​សប្ដាហ៍​ ក្រោយ​លើ​ទឹកដី​ក្រុម Flamengo។ ​រំលឹក​ថា​ ក្រុម Chapecoense បាន​ជួប​គ្រោះ​មហន្តរាយ​ដោយហេតុ​ការ​ធ្លាក់​យន្តហោះ​នៅ​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា​នៅ​ពេល​ចាក​ចេញពី​ប្រេ​ស៊ី​ល​ ដើម្បី​ហោះ​ទៅ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ ​Copa Sudamericana ជាមួយ​ក្រុម Atletico Nacional ក្នុង​ប្រទេស​កូ​ឡុំ​ប៊ី​៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ