មនុស្ស ២៥​នាក់​​បាត់​បង់​ជីវិត​​ក្នុង​អគ្គិភ័យ​ឆាប​ឆេះ​​​សាលារៀន​​ផ្នែក​សាសនា​​មួយ​ក្នុង​​ទីក្រុង​​កូឡាឡាំពួរ​

144

ម៉ាឡេស៊ី៖ ក្រុម​សង្គ្រោះ​​ឈរ​នៅ​ខាង​ក្រៅ​​សាលា​បង្រៀន​​សាសនា​ ​បន្ទាប់​ពី​​មាន​អគ្គិភ័យ​​​ឆាប​ឆេះ​​សាលា​មួយ​​នេះ​​ស្ថិត​នៅ​​​ទីក្រុង​កូឡាឡាំពួរ​ប្រទេស​ម៉ាឡេស៊ី។ យ៉ាង​ហោច​ណាស់​​មនុស្ស​ចំនួន ២៥​នាក់​បាន​បាត់​បង់​ជីវិត​​​ ក្នុង​នោះ​មាន​​សិស្ស​​មួយ​ចំនួន​​​បាន​បាត់​បង់​ជីវិត​​ ក្រោយ​​ពេល​អណ្ដាត​ភ្លើង​​​​ឆាប​ឆេះ​​ឡើង​នៅ​​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​​នេះ។ ​

យោង​តាម​​សេចក្ដី​ថ្លែង​ការណ៍​​​ពី​ក្រុម​ពន្លត់​អគ្គិភ័យ​​​ និង​ផ្នែក​សង្គ្រោះ​​​ឲ្យ​ដឹង​ថា អគ្គិភ័យ​​បាន​ឆាប​ឆេះ​ឡើង​​នៅ​វេលា​ម៉ោង ៥:៤០នាទី​​នៅ​ពេល​ដែល​​សិស្ស​​កំពុង​សិក្សា និង​​ទន្ទេញ​​គម្ពីរ Quran​។ លោក ឃីរូឌីន ត្រាមែន អ្នក​ទទួល​ខុស​ត្រូវ​ផ្នែក​ពន្លត់​អគ្គិភ័យ​​នៅ​ក្នុង​ទីក្រុង​កូឡាឡាំពួរ​ និង​ផ្នែក​​សង្គ្រោះ​បាន​​ប្រាប់​ដល់​ទីភ្នាក់ងារ​​សារ​ព័ត៌មាន AFP ថា ចំនួន​អ្នក​បាត់​បង់​ជីវិត​​​មាន​សិស្ស ២៣​នាក់​ និង​គ្រូ​ ២​នាក់​។ លោក​បន្ត​ថា នេះ​​ជា​មហន្តរាយ​មួយ​​​យ៉ាង​អាក្រក់​បំផុត​របស់​ប្រទេស​​ក្នុង​រយៈ​ពេល ២០​ឆ្នាំ​កន្លង​មក​ ហើយ​ពេល​នេះ​​យើង​កំពុង​​តាម​អង្កេត​រក​មូល​ហេតុ​​បណ្ដាល​ឲ្យ​​កើត​មាន​អគ្គិភ័យ​នេះ​ឡើង។

​​​អ្នក​រង​របួស​ ៧​នាក់​​​ត្រូវ​គេ​ដឹក​ជញ្ជូន​​ទៅ​កាន់​មន្ទីរពេទ្យ​​ក្បែរ​នោះ​ ខណៈ​ដែល​​មនុស្ស ១១​នាក់​ផ្សេង​ទៀត​​​ត្រូវ​គេ​សង្គ្រោះ។ ​​​​ក្រុម​​ពន្លត់​អគ្គិភ័យ​បាន​និយាយ​ថា ​សាក​សព​​បាន​នៅ​គរ​ពី​លើ​គ្នា​​ជា​ការ​បង្ហាញ​ថា ​ពួក​គេ​បាន​​ជាន់​លើ​គ្នា​​ដើម្បីព្យាយាម​​គេច​ចេញ​ពី​កន្លែង​​​ភ្លើង​ឆេះ​នេះ៕​​

អត្ថបទ៖ រិទ្ធី