អ្នកនាំពាក្យ​គ​.​ជ​.​ប​៖ ​កម្ពុជា​នៅតែ​ធ្វើការ​បោះឆ្នោត​ដដែល​ បើ​ទោះបីជា​គ្មាន​ជំនួយ​ពី​បរទេស​

105

ភ្នំពេញ៖ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែល​ហៅ​កាត់​ថា គ​.​ជ​.​ប លោក ហង្ស ពុទ្ធា បាន​លើក​ឡើងថា ​ប្រទេស​កម្ពុជា​នៅតែ​ធ្វើការ​បោះឆ្នោត​ដដែល​បើ​ទោះបីជា​គ្មាន​ជំនួយ​ពី​បរទេស​ក៏ដោយ​នោះ ហើយ​ថា​ថវិកា​រដ្ឋ​បាន​ត្រៀម​គ្រប់គ្រាន់​រួចស្រេច​ហើយ ក្នុងការ​ប្រើប្រាស់​សម្រាប់​ដំណើរការ​បោះឆ្នោត​នេះ​។​

​​ថ្លែងប្រាប់​អ្នកយកព័ត៌មាន​ក្រោយពី​បញ្ចប់​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្ដីពី​ដំណើរការ​ប្រព្រឹត្តទៅ ​នៃ​ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការ​ចុះឈ្មោះ​ឆ្នោត​នៅ​តាម​ឃុំ​-​សង្កាត់​, លទ្ធផល​បណ្ដុះ​អាសន្ន​នៃ​ការ​ចុះឈ្មោះ​បោះឆ្នោត និង​ការ​ផ្សព្វផ្សាយ​ស្ដីពី ការ​ដាក់​ការ​ទទួល​ និង​ការ​ដោះស្រាយ​ពាក្យបណ្ដឹង​ទាក់ទង​នឹង​ការចុះឈ្មោះ​បោះឆ្នោត នា​ព្រឹក​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ទីស្នាក់ការ គ​.​ជ​.​ប​។​

​​​លោក ហង្ស ពុទ្ធា បាន​ថ្លែង​ថា ប្រទេស​កម្ពុជា ជា​ប្រទេស​មាន​អធិបតេយ្យភាព​របស់​ខ្លួន ជា​រៀងរាល់​ឆ្នាំ ពិសេស​ឆ្នាំ​បោះឆ្នោត​តែម្ដង សភា​បានសម្រេច​ផ្ដល់​ថវិកា​សម្រាប់​ការបោះឆ្នោត ទោះបីជា​អត់​មាន​ជំនួយ ក៏​លុយ​របស់​រដ្ឋាភិបាល​គ្រោងទុក​រួចជាស្រេច​ហើយ ប៉ុន្តែ​បើ​មាន​ជំនួយ​វិញ បាន​ន័យថា​ថវិកា​ជំនួយ​នោះ នឹង​ត្រូវ​កាត់​ចេញពី​ថវិកា​របស់​រដ្ឋ ប៉ុន្តែ​ បើ​ពុំមាន​ថវិកា​ជំនួយការ​បោះឆ្នោត គឺ​គ​.​ជ​.​ប នៅតែ​ដំណើរការ​បោះឆ្នោត​តាម​ការ​គ្រោងទុក​។​

​​​លោក​បាន​បន្ត​ថា កន្លងមក​អង្គការ USAID បាន​ឧបត្ថម្ភ​រថយន្ត​ចំនួន​៦​គ្រឿង ដល់ គ​.​ជ​.​ប ចំណែក​អង្គការ​របស់​សហរដ្ឋ​អាមេរិក​ឈ្មោះ អាយ​ហ្វេ​ស ក៏បាន​ដាក់​ការិយាល័យ​នៅ គ​.​ជ​.​ប​ផង​ដែរ ប៉ុន្តែ​ បើ​គ្មាន​ជំនួយ​ពី​បរទេស​។​

​​​អ្នកនាំពាក្យ​រូបនេះ ​បាន​បញ្ជាក់​ទៀតថា គ​.​ជ​.​ប អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​ទាំងស្រុង​ដោយ​ខ្លួន​ឯងបាន​ទាំង​ផ្នែក​ធនធានមនុស្ស និង​ប្រតិបត្តិការ​ដំណើរការ​បោះឆ្នោត ហើយ គ​.​ជ​.​ប ជា​អង្គភាព​ស្នូល​ដ៏​សំខាន់​ក្នុង​ការ​ទទួលខុសត្រូវ លើ​ប្រជាពលរដ្ឋ​រាប់លាន​នាក់​នៅ​ប្រទេស​កម្ពុជា ដូច្នេះ​បើ​អវត្តមាន​ដៃគូ​ណាមួយ មិនមែនជា​បញ្ហា​សម្រាប់ គ​.​ជ​.​ប នោះទេ​៕