អតីត​ប្រមុខ​ការទូត​កម្ពុជា​៖ ​អាមេរិក​ប្រកាស​បិទ​ទិដ្ឋាការ​មន្ត្រី​ការបរទេស​កម្ពុជា ​គឺជា​សិទ្ធ​របស់​គេ​

406

ភ្នំពេញ៖ ​ឧបនាយករដ្ឋមន្ត្រី​ ហោ ណាំហុង បាន​លើក​ឡើងថា ការសម្រេចចិត្ត​របស់​សហ រដ្ឋ​អាមេរិក​បិទ​ទិដ្ឋាការ​មន្ត្រី​ការបរទេស​កម្ពុជា ​គឺជា​សិទ្ធ​របស់​អាមេរិក ហើយ​កម្ពុជា​ធ្វើ​អ្វី​គឺជា​សិទ្ធ​របស់​កម្ពុជា​ដូច្នេះ​កម្ពុជា​ជា​ប្រទេស​ឯករាជ្យ​អធិបតេយ្យភាព​មាន​សិទ្ធិ​ដូចគ្នា​។​

ការ​លើកឡើង​របស់​អតីត​ប្រមុខ​ការទូត​ជើងចាស់​រូប​នេះ គឺ​បាន​ធ្វើឡើង​បន្ទាប់ពី​អាមេរិក​តាមរយៈ​ស្ថានទូត​របស់​ខ្លួន​ប្រចាំ​នៅ​កម្ពុជា​បាន​ប្រកាស​ថា ផ្អាក​លែងចេញ​ទិដ្ឋាការ​ប្រភេទ B1​B2 និង​ប្រភេទ​B1/B2 ដល់​មន្ត្រី​ក្រសួងការបរទេស​កម្ពុ​ជា ដែល​មាន​តួនាទី​ចាប់ពី​ថ្នាក់​អគ្គនាយក​រហូតដល់​ថ្នាក់ដឹកនាំ​កំពូល​ក្រសួង​នេះ និង​សមាជិក​ក្រុម​គ្រូ​សារ​របស់​ពួកគេ​ដោយសារតែ​កម្ពុជា​មិន​ព្រម​ទទួលយក​ជនជាតិ​ខ្មែរ អាមេរិក​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​មក​កម្ពុជា​វិញ​។ តែ​យ៉ាង​ណាក្តី​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ហោ ណាំហុង​ បាន​លើក​ឡើងថា ​ការសម្រេច​របស់​អាមេរិក​នេះ​គឺជា​សិទ្ធ​អំណាច​របស់​គេ​។​

សូម​រំលឹក​ថា កាលពី​ថ្ងៃ​ទី​១៣​កន្លង​ទៅនេះ​ស្ថានទូត​អាមេរិក ​បាន​ជូនដំណឹង​ការ​ផ្អាក​ផ្តល់​ទិដ្ឋាការ​ប្រភេទ​មិនមែន​អន្តោប្រវេសន៍​មួយ​ចំនួន​ដែលជា​ការចាប់ផ្តើម​អនុវត្ត​ទណ្ឌកម្ម​ទិដ្ឋាការ ចំពោះ​ប្រទេស​ណា​ដែល​មិន​ទទួលយក​ជនជាតិ របស់​ខ្លួន​ដែល​សហរដ្ឋអាមេរិក​បាន​ចាប់​បញ្ជូន​វិលត្រឡប់​មក​សាមី​ប្រទេស​ដើម​វិញ​។

ប្រទេស​ចំនួន​៤ រួមមាន​កម្ពុជា អេ​រី​ទ្រៀ ហ្គី​ណេ និង សៀ​រ៉ា​ឡេ​អូន ត្រូវ​សហរដ្ឋអាមេរិក​បា​ន​សរសេរ​ដាក់​ក្នុង​បញ្ជី​ថា​ជា​ប្រទេស​មិន​ព្រម​ទទួល​ការ​ធ្វើ​មាតុភូមិនិវត្តន៍​នៃ​ជនជាតិ​របស់​ខ្លួន​ក្រោយពី​សហរដ្ឋអាមេរិក​បាន​បណ្ដេញ​អ្នក​ទាំងនោះ​ចេញពី​សហរដ្ឋអាមេរិក​៕