អ្នក​ជំនាញ​ថា​ ដំណាច់​ឆ្នាំ​២០១៧​នេះ​សេដ្ឋកិច្ចកម្ពុជា​នៅតែមាន​ការលូតលាស់​ខ្លាំង​

89

ភ្នំពេញ៖ អ្នក​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ បាន​ចាត់ទុក​ថា សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នៅ​តែមាន​សក្ដានុពល​លូតលាស់​ខ្លាំង​នៅឡើយ​នៅ​ក្នុង​ដំណាច់​ឆ្នាំ​២០១៧​នេះ ដោយសារ​តែមាន​មូលដ្ឋាន​សំខាន់ៗ​ដែល​អាច​ទ្រទ្រង់​បាន​។​

លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​អគ្គនាយក​ធនាគារ​អេស៊ីលីដា ភីអិលស៊ី​ បាន​ថ្លែង​ឲ្យ​ដឹង ថា មូលដ្ឋាន​សំខាន់​របស់​កម្ពុជា​នៅ​ឆ្នាំ​២០១៧​នេះ​គឺ សេដ្ឋកិច្ច​នៅ​មាន​កំណើន ដូចជា​វិស័យ​ទេសចរ​ល្អ​ប្រសើរ​សម្រាប់​ទ្រទ្រង់​វិស័យ​ផ្សេងៗ​ទៀត​មាន​វិស័យ​សណ្ឋាគារ ម្ហូបអាហារ ផ្ទះសំណាក់​និង​ការ​ធ្វើដំណើរ​តាម​មធ្យោបាយ​ផ្សេងៗ​ទទួល​បាន​ផល​ច្រើន​។​

លោក​បណ្ឌិត​បន្តថា ​នៅ​ក្នុង​ផែនការ​លូតលាស់​ឆ្នាំ​២០១៧​នេះ​វិញ​សម្រាប់​ឥណទាន​របស់​អេស៊ីលីដា​គ្រោង​លូតលាស់​១៦% ហើយ​ទ្រព្យសកម្ម​គ្រោង​ឲ្យ​បាន​កំណើន​១៥ % ប្រចាំ​ឆ្នាំ និង​ប្រា​ក់​បញ្ញើ​សន្សំ​វិញ​គ្រោង​លូតលាស់​បាន​កំណើន​២០%​។​

លោក​បណ្ឌិត​បាន​អះអាង​ថា ​ឆ្នាំ​២០១៧​នេះ​សម្រាប់​អេស៊ីលីដា​អាច​លូតលាស់​បាន​ដោយ​ផ្នែក​លើ​វិស័យ​ទេសចរ​ការនាំចេញ​និង​វិស័យ​កសិកម្ម​ដែល​ជំរុញ​ការលូតលាស់​។ ​ដូច្នោះ កាលណា​វិស័យ​ទាំង​បី​ខាងលើ​លូតលាស់​បាន​ល្អ​នឹង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​។​

លោក​បណ្ឌិត​បន្ថែម​ថា ​ឆ្នាំ​២០១៧​សេដ្ឋកិច្ចកម្ពុជា​នឹង​លូតលាស់​៧%​ប្រចាំឆ្នាំ​ហើយ​កម្លាំង​សេដ្ឋកិច្ច​ខ្លាំង​ជំរុញ​ឲ្យ​សេដ្ឋកិច្ចជាតិ​ធ្វើដំណើរ​ទៅមុខ​ជានិច្ច​។​ លើស​ពីនេះ ​ការចាកចេញ​របស់​អង់គ្លេស​ពី​សហគម​អឺរ៉ុប សេដ្ឋកិច្ច​ពិភពលោក​មិន​ទៀត​ទាត់ ហើយ​ប្រទេស​អាស៊ាន​និង​តំបន់​អាស៊ី​មាន​សក្ដានុពល​រីក​លូតលាស់​ខ្លាំង​។​

លើស​ពីនេះ ​អ្នកជំ​នាញ​បាន​ថ្លែងថា សេដ្ឋកិច្ចកម្ពុជា​មាន​ទំនាក់ទំនង​ខ្លាំង​ជាមួយ​ទ្វីបអាស៊ី​និង​អាស៊ាន​ជាដើម ហើយ​កម្ពុជា​នឹង​ទទួលបាន​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច ព្រោះ​មាន​ទំនាក់ទំនង​ខ្លាំង​ជាមួយ​សេដ្ឋកិច្ច​ចិន​ផ្ទាល់​ផងដែរ​។​

សម្រាប់ លោក ចាន់ សុផល នាយក​វិទ្យាស្ថាន​សិក្សា​គោលនយោបាយ​និង​ជា​អ្នកវិភាគ​សេដ្ឋកិច្ច​បានលើកឡើង​ថា តាមរយ​បាយ​ការណ៍​ពី​ធនាគារជាតិ​ការបញ្ចេញ​ហិរញ្ញប្បទាន​ថយចុះ​ជាង​មុន ដោយសារតែ​មីក្រូហិរញ្ញវត្ថុ​មានការ​ប្រយ័ត្ន​ជាង​មុន ហើយ​ប្រជាពលរដ្ឋ​អ្នក​ខ្ចីលុយ​គិតពី​ការសង​ត្រឡប់មកវិញ​។​

លោក​បាន​បញ្ជាក់ទៀតថា សេដ្ឋកិច្ចកម្ពុជា​កាល​ឆ្នាំ​២០១៦​និង​ឆ្នាំ​២០១៧​មិនទាន់មាន​សញ្ញា​វិជ្ជមាន​នៅឡើយ​ទេ ដោយសារតែ​តម្លៃ​កសិកម្ម​មានការ​ធ្លាក់​ចុះ ដែល​កសិករ​លក់បាន​តម្លៃថោក​ជាង​មុន​ផងដែរ​៕