រដ្ឋមន្ត្រីការបរទេស​ បង្ហាញ​ពី​ស្ថានការណ៍​ពិភពលោក និង​នយោបាយ​ការបរទេស​នៅ​កម្ពុជា​

79

ភ្នំពេញ៖ រដ្ឋ​ម​ន្រី្ត​ក្រសួងការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ ធ្វើ​បាឋកថា​ ស្តី​ពី​យល់ដឹង​ពី​ស្ថានការណ៍​ពិភពលោក​បច្ចុប្បន្ន និង​ការរៀបចំ​នយោបាយ​ការបរទេស​របស់​កម្ពុ​ជា​, នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​កញ្ញា​នេះ នៅ​សាលា​ភូមិន្ទ​រដ្ឋបាល។​

ថ្លែង​ក្នុង​បាឋកថា ឯកឧត្តម ទេស​រដ្ឋ​ម​ន្រី្ត ប្រាក់ សុខុន បាន​លើកឡើង​ពី​ការ​បញ្ចប់ នៃ​សង្គ្រាម​លោកលើកទី​២ អាច​យក​មក​ធ្វើជា​ចំណុច ​ដើម្បី​និយាយ និង​ងាយ​យល់​ពី​ប៉ូល​កម្លាំង និង​ជ័យជំនះ​រ​បស់​ប្រទេស​សម្ព័ន្ធមិត្ត បាន​នាំ​ដល់​ការបែងចែក​អំណាច​រ​វា​ង​អ្នកឈ្នះ​សង្គ្រាម ការប្រកួតប្រជែង​អំណាច និង​ឥទ្ធិពល ការ​មិនទុកចិត្ត​គ្នា​រវាង​មហាអំណាច​ធំ​ទាំងពីរ នា​សម័យ​កាលនោះ គឺ​សហរដ្ឋអាមេរិក និង​សហភាពសូវៀត បាន​នាំ​ដល់ក​កើត​នៃ​ប៉ូល​២ ប្រឈមមុខ​ដាក់គ្នា នៃ​ប្លុក​យោធា​២ និង​ពិភពលោក ក្នុង​សម័យកាល​នោះ​បាន​ធ្លាក់​ចូល​ក្នុង​សង្គ្រាមត្រជាក់​ដែល​រលត់​ទៅវិញ​នៅ​ឆ្នាំ​១៩៩១ ពេល​សហភាពសូវៀត​ដួលរលំ​។

ឯកឧត្ដម ថា​​ ក្នុង​រយៈពេល​ជាង​២៦​ឆ្នាំ បន្ទាប់ពី​ការ​បញ្ចប់​សង្គ្រាមត្រជាក់ មានការ​ប្រែប្រួល​ដ៏​ជ្រាលជ្រៅ​នៃ​តុល្យការ​កម្លាំង ការរៀបចំ​ឡើងវិញ​នូវ​ប្រព័ន្ធ​អភិបាលកិច្ច​ពិភពលោក​ដែល​ទទួល​ឥទ្ធិពល​ប្រែប្រួល​កម្លាំង​ទាំងនោះ ពី​ការ​ងើបឡើង​នៃ​តួអង្គ​ថ្មី ពី​ការ​ប្រឈម​នានា និង​សមរភូមិ​ភេរវកម្ម ឧក្រិដ្ឋកម្ម​ឆ្លងដែន ទេស​ន្ត​ប្រវេសន៍ គ្រោះមហន្តរាយ ការប្រែប្រួល​ធាតុអាកាស និង​ជំងឺឆ្លង​នានា ដែល​ត្រូវ​ជម្នះ។ ២៦​ឆ្នាំ​ក្រោយពី​បាន​យកឈ្នះ​លើ​អតីត​សហភាពសូវៀត ឧត្តមភាព ត្រួតត្រា​របស់​សហរដ្ឋ​អាមេរិក​នៅតែ​ធំធេង ប៉ុន្តែ​ ឧត្ដមភាព​នេះ ត្រូវ​ទទួលរង​ការប្រកួតប្រជែង ។

អាមេរិក​នៅ​តែមាន​ឧ​ត្ត​ម ភាព​លើស​គេ ខាង​នយោបាយ​យោធា សេដ្ឋកិច្ច បច្ចេកវិទ្យា វិទ្យាសាស្ត្រ និង​វប្បធម៌ ។ ប៉ុន្តែ​អាមេរិក រង​នូវ​វិ​ប​តិ្ត​សេដ្ឋកិច្ច និង​បំណុល​សាធារណៈ​ដែល​បណ្តាល​មកពី​ការជាប់​ផុង​ក្នុង​សង្គ្រាម​អ៊ីរ៉ាក់ និង​អា​ហ្វ​ហ្គា​នី​ស្ថាន ជាង​១០​ឆ្នាំ​។ អាមេរិក ចុះ​ខ្សោយ ឯ​ប្រទេស​ផ្សេងទៀត ក៏​ឡើង​ខ្លាំង ។​

ឯកឧត្ដម ទេស​រដ្ឋ​ម​ន្រី្ត ប្រាក់ សុខុន បាន​សង្កត់ធ្ងន់ថា​៖ អាមេរិក បានដាក់​ទណ្ឌកម្ម​លើ​ផ្នែក​វី​សា (ViSA)​កាលពី​ម្សិល​ម៉ិ​ញ គេ​បាន​អនុវត្ត​ភ្លាវ កម្ពុជា បានដឹង​ពី​លទ្ធភាព យថាភាព​ដែល​សហរដ្ឋអាមេរិក ដាក់​កំហិត ក្នុង​ការ​ចេញ​ទិដ្ឋាការ ដល់​ប្រភេទ​មនុស្ស​មួយ​ចំ​នួន ជាពិសេស គឺ​សំដៅ​លើ​ម​ន្រី្ត​ជាន់ខ្ពស់​ក្រសួងការបរទេស​។

ដើម​ហេតុដែល​សហរដ្ឋ​អាមេរិក ដោយ​ផ្អែក​ថា​កម្ពុជា ជា​ប្រទេស​ដែល​មិន​សហការ ឬក៏​ពន្យារ​ពេល​ដោយ​គ្មាន​ហេតុផល នៅក្នុង​ការទទួលយក​មកវិញ​នូវ​ជនជាតិ​របស់​ខ្លួន ពលរដ្ឋ​របស់​ខ្លួន​ពី​អាមេរិក​មក (​ពលរដ្ឋ​របស់ខ្លួន​មកពី​អាមេរិក មិនមែនជា​ពលរដ្ឋ​ធម្មតា​នោះទេ ជា​ពលរដ្ឋ​ដែល​ទទួល​ទណ្ឌកម្ម​នៅ​អាមេរិក​) ចប់​បំពេញ​គ្រប់​រយៈកាល​ជាប់ឃុំ​នៅ​អាមេរិក​ហើយ ត្រូវ​អាមេរិក គេ​បញ្ជូន​មកវិញ (​ធ្វើ​មាតុភូមិនិវត្តន៍ ឬ​បញ្ជូនមក​ដោយ​បង្ខំ​) កន្លងមក​កម្ពុជា សហរដ្ឋអាមេរិក បាន​ចុះ​អនុស្សរណៈ​ជាមួយគ្នា​រួចមកហើយ កន្លងមក​កម្ពុជា បានទទួល​ពលរដ្ឋ​ខ្មែរ ដែល​បាន​បំពេញ​ទោសទណ្ឌ​ចប់សព្វគ្រប់​ចំនួន​៥៦៦​នាក់ ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​មកនេះ​(១៥​ឆ្នាំ​)​ក្នុង​មួយឆ្នាំៗ​ជាង​៣០​នាក់ ជា​មធ្យម ។

ហើយ​មកដល់​កម្ពុជា បានទទួល​ជា​ហូរហែរ ព្រមទាំង​ទទួល​សំណូមពរ​ពី​សហគមន៍​ខ្មែរ នៅ​អាមេរិក ពី​សមាជិកសភា​អាមេរិក​ខ្លួន ហើយដោយ​មើល​ពី​ទិដ្ឋភាព​ជាក់ស្តែង​ហាក់ដូចជា​អយុត្តិធម៌​។​

ដូច្នេះ​ឯកឧត្ដម ស្នើ​ឲ្យ​មាន​ជា​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ឬក៏​សម្រួល​ការធ្វើ​សមាហរណកម្ម ឲ្យ​ពេល​ពួកគាត់​មក រៀន​ភាសា រៀន​ពី​ទំនៀមទម្លាប់ និង​ស្នើសុំ​ឲ្យ​មាន​គោលការណ៍​ស្ម័គ្រចិត្ត តែ​អាមេរិក​ទាត់ចោល ព្រោះ​អ្នក​ទាំងអស់នោះ​មិនមែនជា​មនុស្ស​ដែល​រើស​តាមផ្លូវ​នោះទេ ជាម​នុស្ស​ដែលមាន​ទោសទណ្ឌ នេះ​ជាការ​ឆ្លើយ​របស់​អាមេរិក ។​

ឯកឧត្ដម​បញ្ជាក់​ថា​​ អ្វីដែល​កម្ពុជា ស្នើ គឺ​សហរដ្ឋអាមេរិក ទាត់ចោល​ទាំងអស់ ។ ដោយ​គិតថា​មាន​បញ្ហា កម្ពុជា មាន​ម​ន្រី្ត​ក្រសួងមហាផ្ទៃ ដើម្បី​ទៅ​សម្ភាសន៍​ពលរដ្ឋ​ចំនួន​២៦​នាក់ ដែល​អាមេរិក​ត្រូវ​បញ្ជូន​មក ដែល​នៅ​កំពុង​រង​ចាំ តែ​កម្ពុជា មិន​បដិសេធ​នោះទេ តែ​កម្ពុជា​ត្រូវ​សម្ភាសន៍ ដើម្បី​ចង់ដឹងថា ២៦​នាក់​នោះ ជា​ពលរដ្ឋ​ខ្មែរ​មែន​ដែល​ឬ​អត់ ។

ឯកឧត្តម ប្រាក់ សុខុន សង្ឃឹមថា​ទៅ​ថ្ងៃ​ខាងមុខ សហរដ្ឋអាមេរិក និង​ពិចារណា​ឡើងវិញ លើ​បញ្ហា​ទាំងអស់ មិនមែន​រឿង​ដាក់ទណ្ឌកម្ម​ទិដ្ឋាការ​នេះ វា​ខាតបង់​ផលប្រយោជន៍​កម្ពុជា​នោះទេ ប៉ុន្តែ​សូម​ឲ្យ​មាន​យុ​តិ្ត​ធម៌​ខ្លះ ។ កម្ពុជា មិនមាន​ការរើសអើង​ជាមួយ​ប្រទេស​ណាមួយ​នោះទេ គឺ​ចង់​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​នានា ដើម្បី​វិបុលភាព សុខសន្តិភាព​ជាមួយគ្នា​៕