មន្ត្រី​ជាន់ខ្ពស់​កម្ពុជា ទៅកាន់​វៀតណាម ដើម្បី​ពិភាក្សា​អំពី​ទំនាក់ទំនង​បី​ប្រទេស

116

ភ្នំពេញ៖ ​មន្ត្រីជាន់ខ្ពស់​កម្ពុជា បាន​ដឹកនាំ​ប្រតិភូ​ជាន់ខ្ពស់​មួយក្រុម​ឆ្ពោះទៅកាន់​ប្រទេស​វៀតណាម​នៅថ្ងៃនេះ ដើម្បី​ផ្ដោត​កិច្ចពិភាក្សា​ទៅលើ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងបី​នៅក្នុង​តំបន់​ឥណ្ឌូចិន​។​

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍ​លោកជំទាវ ម៉ែន សំអន នៅ​រសៀល​ថ្ងៃ​១៤​កញ្ញា​បាន​ដឹកនាំ​គណៈប្រតិភូ​នារី​កម្ពុជា​មួយក្រុម​ទៅ​ចូលរួម​វេទិកា​វៀតណាម ឡាវ កម្ពុជា នារី​ក្នុង​ការកសាង​មិត្តភាព ទំនាក់ទំនង​សហប្រតិបត្តិការ ឆ្ពោះទៅ​សម្រេច​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​ត្រឹម​ឆ្នាំ ២០៣០ ពីថ្ងៃ​ទី​១៤ ដល់​១៦​កញ្ញា​នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម​។​

ថ្លែង​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​លោកជំទាវ មាស សុធា​រី អគ្គលេខាធិការ​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍ​ឲ្យ​ដឹងថា នៅក្នុង​វេទិកា​នេះ​ក្រុម​នារី​ទាំងបី​ប្រទេស​នឹង​ពិភាក្សា​ចែករំលែក​បទពិសោធន៍​គ្នា​ទៅវិញទៅមក​អំពី​ការងារ​ដែល​សមាគមនារី​ប្រទេស​នីមួយៗ​បានធ្វើ​កន្លងមក និង​ដាក់ចេញ​នូវ​ទិសដៅ​ធ្វើយ៉ាងណា​ដើម្បី​ឲ្យ​នារី​នៅក្នុង​ប្រទេស​ទាំងបី​មានការ​អភិវឌ្ឍ​ដោយ​ស្មើភាព និង​ទទួលបាន​ផលប្រយោជន៍​រួម​ដូចៗ​គ្នា​។

លោកជំទាវ​បន្ថែមថា​ក្រៅពី​កិច្ច​ពិភាក្សាគ្នា​គណៈប្រតិភូ​នារី​នៃ​អង្គ​វេទិកា​នេះ​ក៏​នឹង​អញ្ជើញ​ទៅ​ទស្សនា​ផ្ទាល់​នៅតាម​តំបន់​មួយចំនួន​ដើម្បី​ស្វែងយល់​ពី​ការរីកចំរើន​របស់​ស្ត្រី​វៀតណាម​សម្រាប់​យកមក​រៀនសូត្រ​បន្ថែម​។​

លោកជំទាវ​បញ្ជាក់​បន្ថែមថា​កន្លងទៅ​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍ​បាន​ចុះ​កិច្ចព្រមព្រៀង សហប្រតិបត្តិ​ជាមួយ​សមាគមនារី​វៀតណាម និង​សមាគមនារី​ឡាវ ដើម្បី​ការផ្លាស់ប្តូរ​ព័ត៌មាន​គ្នា​ទៅវិញទៅមក ផ្លាស់ប្តូរ​បទពិសោធន៍ ការបណ្តុះបណ្តាល​នារី​ក្នុង​ភាពជា​អ្នកដឹកនាំ​ជាដើម​។​

វេទិកា​វៀតណាម ឡាវ កម្ពុជា នារី​ក្នុង​ការកសាង​មិត្តភាព ទំនាក់ទំនង​សហប្រតិបត្តិការ ឆ្ពោះទៅ​សម្រេច​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​ត្រឹម​ឆ្នាំ​២០៣០ នៅ​ប្រទេស​វៀតណាម​នេះ ផ្ដោត​ការពិភាក្សា​ជាសំខាន់​ទៅលើ​ការស្វែងរក​ដំណោះស្រាយ​កាន់តែ​ប្រសើរឡើង​សម្រាប់​នារី​ប្រទេស​ទាំងបី​។

វេទិកា​មួយ​នេះ​រៀបចំ​ធ្វើឡើង ក៏​ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៥០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​វៀតណាម និង​កម្ពុជា និង​ខួប​លើក​ទី​៥៥ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​វៀតណាម និង ឡាវ​ផងដែរ​៕