សម្ដេច​ក្រុមព្រះ​លើក​ឡើង​ថា ​កា​រចាប់ខ្លួន​លោក កឹម សុខា​ មិន​ប៉ះពាល់​ដល់​ការបោះឆ្នោត​ឆ្នាំ​២០១៨​ឡើយ​

57

ភ្នំពេញ៖ សម្តេច​ក្រុមព្រះ​នរោត្តម រណ​ឬ​ទ្ធិ ព្រះប្រធាន​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច ​បាន​មាន​ព្រះបន្ទូល​ថា ការ​ចាប់ខ្លួន​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​កាលពី​កន្លងទៅ​មិន​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត សាកល​ឆ្នាំ​២០១៨​នោះឡើយ​។​

​​មាន​បន្ទូល​ប្រាប់​​ កាលពី​យប់​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧​នេះ​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ក្រោយពី​វិលត្រឡប់​ពី​ប្រទេស​បារាំង​វិញ​សម្តេចក្រុមព្រះ​បានលើកឡើង​ថា​អត់​ពី លោក កឹម សុខា​ក៏មាន​គេ​ជាច្រើន​ទៀត​ដែរ​ដើម្បី​ចូលរួម​ក្នុងការ​បោះឆ្នោត​សាកល​អាណត្តិ​ទី​៦​ខាងមុខនេះ ដូច្នេះ​ការ​ចាប់ខ្លួន​លោក​កឹម សុខា គឺ​គេ​អនុវត្ត​ទៅតាម​ច្បាប់​របស់​កម្ពុជា​ដែល​បាន​ចែង​ដូច្នេះ​វា​គ្នាន​អ្វី​ប៉ះពាល់​ដល់​ការបោះឆ្នោត​នោះឡើយ​។​

​​សូម​រំលឹក​ថា ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ពីបទ​សហការ​ជាមួយ​អាមេរិក ចង់​ផ្ដួល​រំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ក្រោយពី​លោក​បាន​ថ្លែង​តាមរយៈ​វីដេអូ​ឃ្លី​ប​ជាង​១០​នាទី​ដោយ​បង្ហោះ​ព្រោង​ព្រាត់​តាម​សង្គម​ហ្វេ​សបុ​កថា លោក​ត្រូវបាន​អាមេរិក រៀបចំ​ជួល​អ្នកជំនាញការ​សាស្ត្រាចារ្យ នៅ​សាកលវិទ្យាល័យ​នៅ​ទីក្រុង​វា​ស៊ីន​តោន នៅ​ទីក្រុង​ម៉ុង​រេ​អាល់ ប្រទេស​កាណាដា ដើម្បី​ធ្វើការ​ផ្ដល់​មតិ​និង​បង្រៀន ពី​វិធីសាស្ត្រ​ផ្ដួលរំលំ​រាជរដ្ឋាភិបាល ទីក្រុង​ភ្នំពេញ ដែល​កើត ចេញពី​ការបោះឆ្នោត​នោះ​។​

​​​សម្តេច​ព្រះប្រធាន​បានលើកឡើង​ផងដែរ​ថា គណបក្ស​សង្គ្រោះ​ជាតិ​មានតែ​សហរដ្ឋអាមេរិក​ទេ​ដែល​ជួយ​ជ្រោមជ្រែង​ដើម្បី​ដណ្ដើម​អំណាច​។

ប៉ុន្តែ​ បើតាម​ជាក់ស្តែង​គណបក្ស​ធំ​ដែល​ប្រជាជន​សម្លឹង​សម្រាប់​ការបោះឆ្នោត​នោះ​គឺ គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ​និង គណបក្ស​ហ្វ៊ិ​ន​ស៊ិនប៉ិច​។​ទោះជា​យ៉ាងណាក៏ដោយ​សម្តេចក្រុមព្រះ​បាន​មានបន្ទូល​ទៀតថា ប្រទេស​កម្ពុជា​បានទទួល​ការអភិវឌ្ឍ​​​ក្រោយ​មានការ​បោះឆ្នោត​តាំងពី​ឆ្នាំ​១៩៩៣ ដោយ​គោរព​ទៅតាម​ការសម្រេច​របស់​ប្រជារាស្ត្រ​ខ្មែរ សម្រាប់​ទទួលបាន​ទាំង​ស្ថិរភាព​នយោបាយ និង​ភាពសុខសាន្ត​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​៕