អង្គការសហប្រជាជាតិ​ផ្ដល់​ការ​កោត​សរសើរ​កម្លាំង​មួក​ខៀវ​ដោះ​មីន​កម្ពុជា​នៅ​ក្នុង​ប្រទេស​លី​បង់​

1305

ភ្នំពេញ៖ ​នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា​នេះ​លោក​វរសេនីយ៍ឯក ឡេង វណ្ណា មេបញ្ជាការ​កង​វិស្វករ​កម្ម​លេខ​៣៦៩ នៅ​ប្រទេស​លី​បង់​បាន​ថ្លែង​ថា ឆ្លើយ​លទ្ធផល​ជោគជ័យ​នៃ​ការ​បំពេញ​បេសកកម្ម​ កម្លាំង​ទ័ព​មួក​ខៀវ​កម្ពុជា​នៅ​ក្នុង​ប្រទេស​លី​បង់​នោះ​នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា​នេះ​ខាង​មុខ​លោក​ឧត្ដមសេនីយ៍ Sandeep Sinh Bajaj មេបញ្ជាការ​រង​នៃ​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​លី​បង់ រួម​នឹង​មន្ត្រី​ជាន់​ខ្ពស់​នានា​ទៀត​មកពី​អង្គការសហប្រជាជាតិ នឹង​បំពាក់​មេដាយ​ការងារ​ជូន​កម្លាំង​មួក​ខៀវ​កម្ពុជា​ទាំង ​១៨៤​រូប​ដែល​បាន​បំពេញបេសកកម្ម​បាន​ជិត​ ១​ឆ្នាំ​កន្លង​ទៅ​នេះ​។

លោក​ឡេង វណ្ណា បន្ត​ថា ការ​បំពាក់​មេដាយ​នោះ​លើកទឹកចិត្ត​នោះ​ពី​ UN នោះ​គឺ​នឹង​ធ្វើឡើង​មុន​ពេល​កម្លាំង​មួក​ខៀវ​កម្ពុជា​ចំនួន​ ១៨៤​នាក់​ទាំងនោះ នឹង​បញ្ចប់​ការងារ​បេសកកម្ម​នៅ​ប្រទេស​លី​បង់ ហើយ​ត្រលប់​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ដើម​ឆ្នាំ​២០១៨​ ខាងមុខនេះ​។​ ​លោក​ឧត្ដមសេនីយ៍ Sandeep Sinh Bajaj មេបញ្ជាការ​រង​នៃ​អង្គការសហប្រជាជាតិ ប្រចាំបេសកកម្ម​នៅ​ប្រទេស​លី​បង់បាន​ថ្លែងការ​អរគុណ​ជា​ខ្លាំង​ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជាពិតជា​បាន​បង្ហាញ​ពី​ចក្ខុវិស័យ ក្នុង​គោលដៅ​ធានា​និរន្តរភាពនៃ​ការអភិវឌ្ឍន៍​ថ្មី នៃ​ការ​បញ្ជូន​កង​កម្លាំង​រក្សា​សន្តិភាព ក្នុង​ការ​ចូលរួម​បំពេញបេសកកម្ម​របស់​អង្គការសហប្រជាជាតិ ដើម្បី​រួមចំណែក​ជាមួយ​សហគមន៍​អន្តរជាតិ នៃ​ការស្វែងរក​សន្តិភាព​ជូន​ប្រជាជន​ដទៃ ក៏​ដូច​ប្រជាជន​នៅ​ទូទាំង​ពិភពលោក​”​។

លោក​បន្ត​ថា “​នេះ​ជា​លើក​ទី​៧ ហើយ​ដែល​កម្ពុជា​បាន​បញ្ជូន​កម្លាំង​ទៅកាន់​សាធារណរដ្ឋ​លី​បង់ ដើម្បី​ស្វែងរក​សន្តិភាព​ជូន​ប្រទេស​លី​បង់​នេះ​។ កម្លាំង​មួក​ខៀវ​កម្ពុជា​ចេញ​មក​បំពេញបេសកកម្ម​នេះ គឺ​បញ្ជូន​តាម​ការ​ស្នើ​សុំ​របស់​អង្គការសហប្រជាជាតិ​។​ លោក Sandeep Sinh Bajaj បញ្ជាក់​ថា គ្រប់​កម្លាំង​កម្ពុជា​គ្រប់រូប​ដែល​បាន​បញ្ជូន​មកកាន់​ប្រទេស​លី​បង់​នេះ គឺ​កម្ពុជា​បាន​បង្ហាញ​អំពី​ការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​របស់​ខ្លួន ក្នុង​ការ​គាំទ្រ​ដល់​ប្រតិបត្តិការ​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ដើម្បី​ដោះស្រាយ​ជម្លោះ​ដ៏​ស្មុគស្មាញ និង​ការពារ​ជន​ស៊ីវិល​ដែល​ជា​ភារកិច្ច​ដ៏​សំខាន់​បំផុត និង​ជា​សក្ខីភាព​ជាក់ស្ដែង​ផង​ដែរ​៕
​​អត្ថបទ៖ ស៊ុម សុខ​ជា