អង្គការ​សប្បុរសធម៌​​មាន​​បំណង​ផ្ដល់​​អាហារ​ដល់​ជន​ភៀស​ខ្លួន​​រ៉ូហ៊ីងយ៉ា​ ៨​ម៉ឺន​ ៦​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ​​​នៅ​ជំរំ​ក្នុង​​ប្រទេស​បង់ក្លាដែស​

116

បង់ក្លាដែស៖ អង្គការ​​សកម្មភាព​សប្បុរសធម៌​ ផ្នែក​ស្បៀង​អាហារ​​សកលប្រឆាំង​នឹង​ភាព​អត់​ឃ្លាន​​ហៅ​កាត់​ ACF ​បាន​ឲ្យ​ដឹង​​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្លួន​​​មាន​បំណង​​ផ្ដល់​ស្បៀង​អាហារ​​ដល់​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​​ ៨ម៉ឺន​ ៦​ពាន់​នាក់​​ដែល​កំពុង​ជាប់​គាំង​​នៅ​តាម​ព្រំដែន​​ប្រទេស​មីយ៉ាន់ម៉ា និង​​បង់ក្លាដែស​​ជា​រៀង​រាល់​ថ្ងៃ​ចាប់​ពី​ពេល​នេះ​​រហូត​ដល់​​ចុង​ឆ្នាំ។

​អ្នក​សម្រប​សម្រួល​​សកម្មភាព​ចល័ត​អង្គការ​ ACF លោក​ Mohammed Mahadi ​បាន​ប្រាប់​​ដល់​​​​សារព័ត៌មាន Reuter ថា ​ក្រុម​ដែល​មាន​​កម្ម​វិធី​ស្បៀង​អាហារ​​ផ្ដោត​ទៅ​លើ​​​អាហារូបត្ថម្ភ​ និង​ខិត​ខំ​​យក​ចិត្ត​ទុក​ដាក់​ជា​ចម្បង​​លើ​ជន​ភៀស​ខ្លួន​ដែល​​ខ្វះ​ខាត​​​អាហារូបត្ថម្ភ​​ធ្ងន់ធ្ងរ។ ​ទីភ្នាក់ងារ​​ផ្ដល់​ជំនួយ​នានា​បាន​​បង្កើត​ប្រព័ន្ធ​​ថ្មី​មួយ​ ដើម្បី​ចែក​​ចាយ​អាហារ​ជួយ​សម្រាល​ទុក្ខ​​លំបាក​ដល់​ជន​ភៀស​ខ្លួន​​រ៉ូហ៊ីងយ៉ា​​។ ​ការ​វាយប្រហារ​​ជា​ច្រើន​​ធ្វើ​ឡើង​​ដោយ​ក្រុម​បះបោរ​​មូស្លីម​​រ៉ូហ៊ីងយ៉ា​​​​កាល​ពី​ថ្ងៃ​​ទី​២៥ ខែ​សីហា​​នៅ​រដ្ឋ​រ៉ាក់ឃីន​នាំ​ឲ្យ​មាន​ការ​ឆ្លើយ​តប​ពី​យោធា និង​​​បង្ខំ​ឲ្យ​​ជន​ជាតិ​ភាគ​តិច​​រ៉ូហ៊ីងយ៉ា​ជាង ៤សែន​ ២ម៉ឺន​ ១​ពាន់​នាក់​​​ ហើយ​ពាក់​កណ្ដាល​នៃ​ពួក​គេ​​ជា​កុមារ​​ភៀស​ខ្លួន​ទៅ​កាន់​​ប្រទេស​​បង់ក្លាដែស​​ ខណៈ​ដែល​ជំរំ​ធំ​មួយ​​​​ត្រូវ​បាន​​គេ​​គ្រោង​​បង្កើតឡើង​នៅ​ក្នុង​តំបន់​​នេះ​ ប៉ុន្តែ​វា​មិន​​ច្បាស់​​លាស់​ថា តើ​​ត្រូវ​ចំណាយ​​ពេល​ប៉ុន្មាន​ដើម្បី​​នឹង​បង្កើត​ជំរំ​​មួយ​នេះ​ឡើង​​​​​​​​​​​​​​​៕

អត្ថបទ៖ រិទ្ធី