បាល់ទាត់៖ ក្លឹបយក្សនៅអង់គ្លេស Manchester United បានចំណាយ ២៦៣.៥លានផោនក្នុងការផ្ដល់ប្រាក់ឈ្នួលដល់កីឡាកររដូវកាល២០១៦-២០១៧ កន្លងទៅ តែនៅតែមានប្រាក់ចំណូលកើនឡើងសរុប ៥៨១.២លានផោន។
Manchester United បានឈ្នះពាន EFL Cup និង UEFA Europa League ក្រោមការដឹកនាំរបស់លោក Jose Mourinho និងមានការនាំយកកីឡាករថ្លៃៗដូចជា Paul Pogba, Henrikh Mkhitaryan និង Zlatan Ibrahimovic ជាដើម ដែលធ្វើអោយការវាយលើប្រាក់ឈ្នួលមានការកើនឡើង ៣១.៣លានផោនស្មើនឹង ១៣.៥ភាគរយ។ យ៉ាងណាក៏ដោយការចាយវាយច្រើនចំណូលក៏មានច្រើនកើនឡើងដែរ ដោយតាមការប្រកាសរបស់នាយកប្រតិបត្តិក្លឹបលោក Ed Woodward គឺប្រាក់ចំណូលរបស់ក្លឹបកើនឡើងដល់ ៥៨១លានផោនដែលវាជាកំណត់ត្រាមួយ។ ការកើនឡើងចំណូលនេះក៏មានការបូកផ្សំពីកិច្ចព្រមព្រៀងផ្សាយបាល់ទាត់ English Premier League ជាមួយទូរទស្សន៍ Sky និង BT ដែលធ្វើអោយចំណូលរបស់ក្លឹបបានមកពីការផ្សាយនេះកើនឡើងដល់ទៅ ៣៨.២ភាគរយ ពោលគឺរដូវកាលមុនមួយទៀត ១៤០.៤លានផោន ឯរដូវកាលកន្លងទៅ ១៩៤.១លានផោន។ យ៉ាងណាក្តីលោក Ed Woodward បានបន្ថែមថា Manchester United រដូវកាលនេះត្រូវបានគេប៉ាន់ប្រមាណថា នឹងមានប្រាក់ចំណូលធ្លាក់ចុះ រឺកើនឡើងបន្តិចចន្លោះ ៥៧៥លានទៅ ៥៨៥លានផោន៕
អត្ថបទ៖នាង សុភាវុធ