កូរ៉េ​ខាង​ត្បូង​ប្រឆាំង​នឹង​​សេចក្ដីថ្លែងការណ៍​ដែល​ចេញ​​ដោយ​មេ​ដឹកនាំ​​​​កូរ៉េ​ខាង​ជើង​​លោក​ គីម ជុង​អ៊ុន

574

កូរ៉េខាង​ត្បូង​៖ ប្រទេស​កូរ៉េខាង​ត្បូង​ធ្វើ​ការ​​​ប្រឆាំង​នឹង​​កូរ៉េ​ខាង​ជើង​​នៅ​ថ្ងៃ​សុក្រ​នេះ​ ​ក្រោយ​ពី​​កូរ៉េខាង​​ជើង​បាន​​ចេញ​​សេចក្ដី​ថ្លែងការណ៍​​ព្រមាន​មួយ​ថា ​អាច​នឹង​មាន​​ការ​វាយ​បក​វិញ​នូវ​កម្រិត​ខ្ពស់​​បំផុត​ប្រឆាំង​នឹង​​សន្ទរកថា​របស់​លោក​ ត្រាំ​ នៅ​ឯ​អង្គការ​សហប្រជាជាតិ។

ក្រសួង​​បង្រួប​បង្រួម​ជាតិ​​កូរ៉េខាង​ត្បូង​បាន​​បញ្ជាក់​ថា ​នេះ​គឺ​ជា​លើក​ដំបូង​​ហើយ​ដែល​​មេដឹកនាំ​កូរ៉េខាង​ជើង​​ បាន​ចេញ​នូវ​​សេចក្ដី​ថ្លែងការណ៍​​ដោយ​ផ្ទាល់​​។ ហើយ​ក្រសួង​បង្រួបបង្រួម​​ជាតិ​កូរ៉េខាង​ត្បូង​​ក៏​បាន​ទទូច​ឲ្យ​កូរ៉េខាង​ជើង​​ វិល​មក​​រក​ការ​​សន្ទនា​គ្នា​​នៅ​លើ​តុ​​ផង​ដែរ ដើម្បី​​ស្វែង​រក​ដំណោះស្រាយ​​ដោយ​សន្តិវិធី​​ចំពោះ​បញ្ហា​អាវុធ​នុយក្លេអ៊ែរ​នេះ។ មេដឹកនាំ​​កូរ៉េខាង​ជើង​​លោក​ គីម ជុង​អ៊ុន បាន​វាយបក​ទៅ​លើ​ប្រធានាធិបតី​អាមេរិក​​​​លោក​ ដូណាល់ ត្រាំ ​វិញ​នៅ​ថ្ងៃ​សុក្រ​នេះ​​ដោយ​ហៅ​លោក​ ត្រាំ​ ថា​ជា​មនុស្ស​ឡប់​សតិ​ ហើយ​ប្ដេជ្ញា​​​ថា​នឹង​ធ្វើ​​​ឲ្យ​លោក​ ត្រាំ​ ទទួល​​ការ​​​បង់​ខាត​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​ការ​​គំរាម​​កំហែង ​ដែល​​ចង់​កម្ទេច​ប្រទេស​​របស់​លោក​ប៉ុន្មាន​ម៉ោង​​ បន្ទាប់​ពី​​លោក ត្រាំ ​បាន​បញ្ជា​ឲ្យ​ដាក់​​ទណ្ឌកម្ម​ថ្មីៗ​​ ទៅ​លើ​កម្ម​វិធី​​អាវុធ​​​នុយក្លេអ៊ែរ​របស់​ក្រុង​​ព្យុងយ៉ាង​នោះ៕​​

អត្ថបទ៖ មករា