មនុស្ស​ជាង​ ២៥០០​នាក់​នៅ​តែ​គ្មាន​ទីជម្រក ​ក្រោយ​ពី​គ្រោះ​រញ្ជួយ​ដី​សម្លាប់​មនុស្ស​ ២៨៦​នាក់​នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក

146

ម៉ិ​ក​ស៊ិ​ក៖ មនុស្ស​​ជាង​ ២៥០០​នាក់​នៅតែ​គ្មាន​ទីជម្រក​នៅឡើយ ​និង​ស្នាក់នៅ​តាម​ផ្លូវ ​ឬ​តាម​រថយន្ត​ ក្រោយពី​គ្រោះ​រញ្ជួយ​ដី​ក្នុង​កម្រិត ​៧.១​រិ​កទ័រ​ដែល​បាន​សម្លាប់​មនុស្ស​ចំនួន ​២៨៦​នាក់​នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​។​ក្រុម​ភ្នាក់ងារ​ជួយសង្គ្រោះ​ក៏​នៅតែ​បន្ត ​រុករក​ជន​រង​គ្រោះ​ក្នុង​គ្រោះ​រញ្ជួយ​ដី​នេះ​ដែរ​ ក្នុង​ប្រតិបត្តិការ​ស្វែង​ជន​រង​គ្រោះ​ដែល​កប់​នៅ​ក្នុង​គំនរ​បាក់បែក​ នៃ​អគារ​ដែល​បាន​បាក់បែក​ដោយ​កម្លាំង​រញ្ជួយ​ដី​។​ ​សូម​រំលឹក​ជូន​ថា ​កាលពី​ឆ្នាំ​១៩៨៥​កន្លងទៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ក៏​ធ្លាប់​រងគ្រោះ​ ដោយ​គ្រោះធម្មជាតិ​រញ្ជួយ​ដី​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ​ ដែល​បាន​សម្លាប់​មនុស្ស​ជាង ​៥០០០​នាក់​ និង​មនុស្ស​រាប់​ពាន់​នាក់​គ្មាន​ទីជម្រក​។​ ប្រមុខ​ដឹកនាំ​កំពូល​របស់​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ បាន​ចាត់​ទុក​គ្រោះ​មហន្តរាយ​ធម្មជាតិ​នេះ​ថា ​ជា​គ្រោះធម្មជាតិ​អាក្រក់​បំផុត​មួយ​ក្នុង​រយៈពេល​ ៣២​ឆ្នាំ​ដែល​បាន​កើតឡើង​នៅ​ក្នុង​ប្រទេស​នេះ​៕
អត្ថបទ៖ សារីម