សត្វ​គោ​លឿន​ខ្មែរ នឹង​ត្រូវ​លក់​ឲ្យ​ទៅ​ប្រទេសជិតខាង​ប្រសិន​បាត់បង់​កីឡា​ប្រណាំង​រនាស់​គោ​

68

កំពត​៖ កីឡា​ប្រណាំង​រនាស់​គោ គឺជា​កីឡា​ដ៏​ពេញ​និយម​បំផុត​មួយ​របស់​ប្រជាកសិករ​ខេត្តកំពត និង​កែប ហើយ​ជា​រៀងរាល់​ឆ្នាំ​អ្នកភូមិ​ដែល​មាន​ចិញ្ចឹម សត្វ​គោ​លឿន គោ​ល្អ​តែងតែ​បរ​គោ​របស់​ខ្លួន​តាំងពី​ម៉ោង​១​ព្រឹក មក​ចូលរួម​ប្រកួត ជា​លក្ខណៈ​មិត្តភាព។

ក្នុងនាម​ការ​ស្រឡាញ់​រាប់អាន​គ្នា និង​ដើម្បី​ថែរក្សា​កីឡា​បែប​ប្រពៃណី​ផង ប៉ុន្តែ​ នៅ​ក្នុង​រយៈ​ពេលពីរ​ឆ្នាំ​ចុង​ក្រោយនេះ ចំនួន​គោ​ដែល​មក​ប្រណាំង​មានការ​ធ្លាក់​ចុះ​ខ្លាំង ព្រោះ​កីឡា​មួយ​នេះ មិន​ទទួល​បានការ​ជ្រោមជ្រែង គាំទ្រ​និង​អភិរក្ស ពី​សំណាក់​អាជ្ញាធរ មន្ទីរ និង​អង្គភាព​ពាក់ព័ន្ធ​ឡើយ បណ្តាល​ឲ្យ​ម្ចាស់​គោ​លឿន គោ​ល្អ​មួយ​ចំនួន បានសម្រេច​ចិត្ត​លក់​ទៅ​ឲ្យ​ប្រទេស​ជិត​ខាង​អស់​។​

បើ​តាម​ការ​ឲ្យ​ដឹង​ពី​ចាស់ព្រឹទ្ធាចារ្យ​ដែល​បាន​ចូលរួម​មើល​កម្សាន្ត នៅ​ក្នុង​ទីលាន​ស្ថិតនៅ​ក្នុងភូមិ​កំពង់​កណ្ដាល ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ កាលពី​ថ្ងៃ​២២ ខែ​កញ្ញា ឆ្នាំ ២០១៧ បាន​ប្រាប់​ថា ការ​ប្រណាំង​រនាស់​គោ​នេះ ត្រូវ​បាន​ផ្តួចផ្តើមឡើង​ដោយ លោក​ព្រឹទ្ធាចារ្យ ធន់ ពន គណៈកម្មការ​វត្ត​ជ្រុំ​ក្រៀល ព្រោះ​មានតែ​លោក​ព្រឹទ្ធាចារ្យ​រូប​នេះ​ទេ ដែល​ដឹង​អំពី​ទំនៀមទម្លាប់ នៃ​ការ​ប្រណាំង​រនាស់​គោ​នេះ​ ត​ពី​ដូនតា​មក និង​បាន​កំណត់​ធ្វើឡើង​នៅ​ថ្ងៃ​១​កើត ក្រោយ​ពិធីបុណ្យ​ភ្ជុំ​ធំ​១​ថ្ងៃ ជា​រៀង​រាល់ឆ្នាំ​។

មកពី​សង្កាត់​ដង្កោ​ល ក្រុងកែប លោក ប៉ាក់ វ៉ាន បាន​ប្រាប់ ​នៅ​ក្រោយពេល​ប្រកួត​ថា លោក​ចូលចិត្ត​ការ​ប្រណាំង​រនា​ស់​គោ​នេះ​យ៉ាង​ខ្លាំង ព្រោះ​មួយឆ្នាំ​ម្តង​ក្រោយ​ថ្ងៃ​បញ្ចប់​

ពី​ធី​បុណ្យ​ភ្ជុំបិណ្ឌ ប្រជាកសិករ​ដែល​មាន​គោ​លឿន គោ​ល្អ​នៅ​តាម​បណ្តា​ភូមិ​ឃុំ​នៃ​ខេត្ត​កំ​ពត​និង​កែប តែងតែ​មក​ជួប​ជុំគ្នា​សើច​លែង​សប្បាយ​តាមរយៈ​ការ​ប្រណាំង​រនាស់​នេះ ដើម្បី​ជា​ការ​បង្ហាញ អំពី​សក្ដានុពល​សត្វ​ចិញ្ចឹម​របស់​ខ្លួន​ផង មិត្តភាព​ផង និង​ដើម្បី​ថែរក្សា កីឡា​របស់​ដូនតា​ខ្មែរ​ដែល​បន្សល់ទុក​ជាច្រើន​ឆ្នាំ​កន្លងមក​ហើយ​នេះ​ផង​។

លោក​បាន​សម្ដែង​អំពី​ការ​ព្រួយបារម្ភ​ថា ថ្ងៃក្រោយ​ខេត្ត​ទាំងពីរ​នេះ អាច​នឹង​មិន​មាន​គោ​លឿន​មក​ប្រណាំង​គ្នា​ទៀត​ទេ ប្រសិនបើ​មិន​មាន​ការជួយ​ឧបត្ថម្ភ ជ្រោ​ម​ជ្រែក​ពី​អាជ្ញាធរ និង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​នានា​ក្នុង​ការ​រក្សា​កីឡា​នេះ​ឲ្យ​គង់វង្ស ព្រោះ​សត្វ​គោ​លឿន​ជាច្រើន ត្រូវ​បាន​លក់​ឲ្យ​ទៅ​ប្រទេសជិតខាង​អស់​។

ចំណែក​អ្នក​ដែល​ស្រឡាញ់ និង​ចូលចិត្ត​ការ​ប្រណាំង​រនា​ស់​គោ​ម្ចាក់​ទៀត​ឈ្មោះ លោក លាង កី​ន បាន​ប្រាប់​ឲ្យ​ដឹង​ថា នេះ​ជា​ឆ្នាំ​ទី​៨​ហើយ​ដែល​លោក​បាន​ចូលរួម​មើល​ការប្រកួត​ការ​ប្រណាំង​រា​នា​ស់​លឿន​នេះ ប៉ុន្តែ​ ជា​អកុសល ឆ្នាំនេះ​លោក​បាន​លក់​គោ​លឿន ឲ្យ​ទៅ​ប្រទេសជិតខាង​បាត់​ទៅហើយ ព្រោះ​លោក​បាន​ទទួល​ដំណឹង​ថា មិន​មាន​កា​រប្រណាំងរ​នា​ស់​នេះ​ទៀត​ទេ ប៉ុន្តែ​ បើ​ទោះបី​យ៉ាង​នេះ​ក្តី សង្កាត់​ដង្កោ​របស់​លោក មាន​គោ​លឿន​មក​ប្រណាំង​១​នឹម​ដែរ ខណៈ​ឆ្នាំមុនៗ​មាន​ដល់​ទៅ​៥​នឹម​ឯនោះ​។

លោក​បាន​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ថែរក្សា និង​ឧបត្ថម្ភ​គាំទ្រ​ដើម្បី ញ៉ាំង​ឲ្យ​កម្មវិធី​ប្រណាំង​រនាស់​គោ​នេះ នៅ​គង់វង្ស និង​មិន​បាត់បង់ សាបសូន្យ ព្រោះ​ការប្រកួត​នេះ​បានបង្ហាញ​អំពី​កម្លាំង និង​សក្ដានុពល​សត្វ​ចិ​ញ្ចឺ​ម​ដែល​ត្រូវបាន​ដូនតា​ខ្មែរ យក​ធ្វើជា​កម្លាំង​អូសទាញ​ក្នុងការ​ប្រកបរ​បរក​សិ​កម្ម​តាំងពី​បុ​រម​បុរាណ​មក ឲ្យ​ក្មេង​ជំនាន់​ក្រោយ​បាន​ដឹង​ ខណៈដែល​បច្ចុប្បន្ន ប្រទេស​រីកចម្រើន ប្រើ​គ្រឿងយន្ត​(​ម៉ាស៊ីន​)​មក​ជំ​នួន​សត្វ​គោ​នោះ​។

គួរ​បញ្ជាក់​ថា កម្មវិធី​ប្រណាំង​រនាស់​គោ​លឿន​នា​ឆ្នាំនេះ អាច​ប្រព្រឹត្ត​ទៅបាន​ដោយសារ​មាន​ការ​ចួលរួម​ឧបត្ថម្ភ ពី​អ្នកភូមិ​ដែល​និយម​គាំទ្រ បរិច្ចាគ​ជា ថវិកា និង​ទឹក​សុទ្ធ សម្ភារៈ​ផ្សេងៗ ខណៈ​អាជ្ញាធរ និង​ស្ថាប័ន​ជំនាញ​ក្នុង​ខេត្ត​កំពត​ត្រូវ​អវត្តមាន​៕​