អាជ្ញាធរ​បង់ក្លាដែស៖ ​គ្មាន​កន្លែង​​​សម្រាប់​ទទួល​ជន​​មូស្លីម​រ៉ូហ៊ីងយ៉ា​ដែល​​ទើប​​មក​ដល់​​​​​​​​ថ្មី​​​នោះ​ទេ

110

​​​​​បង់ក្លាដែស៖ ​ជំរំ​​ជន​ភៀស​ខ្លួន​​ដែល​សម្រាប់​​ទទួល​​ជន​មូស្លីម​រ៉ូហ៊ីងយ៉ា​​ក្នុង​ប្រទេស​បង់ក្លាដែស ​​កំពុង​ក្លាយ​​ជា​កន្លែង​​​ចង្អៀត​យ៉ាង​ខ្លាំង​​ ដោយ​មិន​​មាន​កន្លែង​​​ណា​ផ្សេង​ទៀត​ទុក​សម្រាប់​ក្រុម​​ជន​ភៀស​ខ្លួន​​ថ្មី​ៗ​មក​ដល់​ ក្រោយ​ពី​​ពួក​គេ​​​បាន​​ភៀស​ខ្លួន​​ចេញ​អំពើ​ហិង្សា​​ និង​ការ​​ធ្វើ​ទុក្ខ​បុក​ម្នេញ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

ជន​ភៀស​ខ្លួន​​​ដែល​ទើប​​​មក​ដល់​​ជំរំ​នេះ​​កាល​ពី​ថ្ងៃ​អាទិត្យ​​ឲ្យ​ដឹង​ថា ​វា​ជា​​ការ​ពិបាក​​រក​កន្លែង​​ស្នាក់​នៅ​​ឲ្យ​បាន​ស្រួល​​​​បួល ​ដែល​មាន​​​​តែ​តង់​កៅស៊ូ​​​កាន់​តែ​ច្រើន​ឡើង​​នៅ​ទី​នេះ​ ខណៈ​បច្ចុប្បន្ន​មាន​តែ​ជំរំ​​នេះ​មួយ​ប៉ុណ្ណោះដែល​អាច​មាន​លទ្ធភាព​​ស្នាក់​នៅ​ ប៉ុន្តែ​ឆ្ងាយ​​ពី​កន្លែង​ផ្ដល់​ជំនួយ​​ដែល​គេ​កំពុង​ចែក​ចាយ​​ ហើយ​ទីនេះ​​ក៏​ស្ថិត​​ក្នុង​គ្រោះ​ថ្នាក់​​នៃ​ការ​វាយប្រហារ​​​ពី​​ក្រុម​សត្វ​ព្រៃ​​ផង​ដែរ។ សត្វ​ដំរី​ព្រៃ​​មួយ​ចំនួន​​បាន​​ជាន់​សម្លាប់​​ជន​មូស្លីម​រ៉ូហ៊ីងយ៉ា​ ២​នាក់​​​ក្នុង​ប្រទេស​បង់ក្លាដែស​​កាល​ពី​ថ្ងៃ​ចន្ទ​​ទី១៨ ខែ​កញ្ញា​ ​ពេល​ដែល​​ហ្វូង​សត្វ​ដំរី​​ទាំង​នេះ​បាន​​ដើរ​​កាត់​តាម​​កន្លែង​ស្នាក់​នៅ​​មួយ​កន្លែង ​​ដែល​មាន​ជន​ភៀស​ខ្លួន​​កំពុង​ស្នាក់​នៅ​​ក្នុង​តង់​កៅ​ស៊ូ​​។

​អាជ្ញាធរ​បង់ក្លាដែស​លើក​ឡើង​​ថា ពួក​គេ​មាន​បំណង​​ផ្លាស់​ប្ដូរ​​ជន​ភៀស​ខ្លួន​​ទាំង​​​អស់​ ចេញ​ពី​តំបន់​ដែល​គេ​ហៅ​ថា​​កន្លែង​គ្មាន​​ការ​គ្រោង​ទុក​​ ហើយ​ជា​ធម្មតា​ជំរំ​ធំ​មួយ​នេះ​​ស្ថិត​នៅ​​ក្បែរ​​ផ្លូវ​ថ្នល់​​ ឲ្យ​ចូល​ទៅ​កាន់​ជំរំ​​ធំ​មួយ​ទៀត​​ដែល​ងាយ​ស្រួល​​ក្នុង​ការ​ចែក​ចាយ​ជំនួយ​៕

អត្ថបទ៖ រិទ្ធី