អត្ត​ព​លិ​ក​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា​ដណ្ដើម​បាន​មេដាយ​ចំនួន ​៥​គ្រឿង​ក្នុង​ការ​ប្រកួត​ជើងឯក​ពិភព​លោក​២០១៧​

92

តេ​ក្វាន់​ដូ៖ ​ក្រុម​អត្ត​ព​លិ​ក​កីឡា​តេ​ក្វាន់​ដូ ITF​ កម្ពុជា​ដឹកនាំ​ដោយ​ឯកឧត្ដម កែវ រ៉េមី ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ បាន​ធ្វើ​ដំណើរ​វិលត្រឡប់​មកដល់​ប្រទេស​កម្ពុជា​វិញ​ហើយ ដោយ​នាំ​យក​នូវ​មេដាយ​ចំនួន ៥​គ្រឿង​មក​ជូន​កម្ពុជា​ពី​ការប្រកួត​តេ​ក្វាន់​ដូ ITF ជើងឯក​ពិភពលោក​២០១៧ (Taekwon-do ITF world Championships 2017) នៅ​ទីក្រុង​ព្យុងយ៉ាង​ប្រទេស​កូរ៉េខាងជើង​។​​ថ្លែង​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ​ក្នុង​ដំណើរ​វិលត្រឡប់​មកដល់ប្រធាន​សហព័ន្ធ​ឯកឧត្ដម កែវ រ៉េមី អោយ​ដឹង​ថា ការប្រកួត​តេ​ក្វាន់​ដូ Taekwon-do ITF world Championships 2017​នេះ​មាន ៧០ប្រទេស​ចូលរួម​ប្រកួត ក្នុង​នោះ​ប្រទេសកម្ពុជា​ជាប់​លំដាប់​លេខ១០ ដែល​ទទួល​បាន​មេដាយ​ចំនួន​ ៥​គ្រឿង គឺ​មេដាយ​ប្រាក់​១ និង សំរឹទ្ធិ​៤​។​ ​ឯកឧត្ដម​បញ្ជាក់​ថាថ្វី​ដ្បិត​តែ​យើង​មិនបាន​មេដាយ​មាស ​តែ​យើង​មាន​មោទនភាព​ណាស់​ដែល​បាន​បង្ហោះទង់ជាតិរបស់​កម្ពុជារៀងរាល់​ថ្ងៃក្រោយ​ការប្រកួត​។ ហើយ​ការប្រកួត​នេះគឺជា​ការ​លំបាក​ខ្លាំង​ណាស់​នៅលើ​ទឹកដី​ប្រទេស​ជា​ម្ចាស់​តេ​ក្វាន់​ដូ ITF តែ​ម្តង​មានតែ​រុស្សី​ទេដែល​អាច​ទប់ទល់​បាន ចំណែកកីឡាករ ប៉ាល់ ជីវ​ន្ត័ និង ហូ វិចិត្រ​ឈ្នះ​ប្រទេស​ផ្សេងៗ រួម​ទាំង​ចិន និង​រុស្ស៊ី​តែ​ត្រូវ​ធ្លាក់​នៅ​ពេល​ជួប​ជាមួយ​ម្ចាស់ផ្ទះ​។​

​​សូម​បញ្ជាក់​ថា ប្រតិភូ​តេ​ក្វាន់​ដូ ITF ២០​នាក់​បាន​ទៅ​ចូលរួម​ព្រឹត្តិការណ៍​ជើងឯក​ពិភពលោក​២០១៧ “ Taekwon-do ITF world Championships 2017 ” នៅ​ទីក្រុង​ព្យុងយ៉ាង​ប្រទេស​កូរ៉េខាងជើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៧​ដឹកនាំ​ដោយ​ឯកឧត្ដម កែវ រ៉េមី ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF។ ​កម្ពុជា​មានតែ​៤​វិញ្ញាសា​ប៉ុណ្ណោះគឺ​ប្រយុទ្ធ​ឯកត្តជន​វិញ្ញាសា​សម្ដែង Power, វិញ្ញាសា​សម្ដែង​ពិសេស​ដោយ​ការប្រកួត​នេះមាន​៥​វិញ្ញាសា​ធំ​ៗ ដូចជា​វិញ្ញាសា​សម្ដែង​មេគុន​ឯកត្តជន, វិញ្ញាសា​ប្រយុទ្ធ​ឯកត្តជន, វិញ្ញាសា​សម្ដែង Power, វិញ្ញាសា​សម្ដែង​ពិសេស និង​ជា​ក្រុម​ចំណែក​វិញ្ញាសា​ក្រុម​ក៏​ចែក​ជា​ ៥​ដែរ៕