កម្ពុជា​គ្រោង​បង្កើត​តំបន់​ខ្លាធំ​នៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី

72

ភ្នំពេញ ៖ ​មន្ត្រី​ជំនាញ​មកពី​ក្រសួងបរិស្ថាន ក្រសួង​ស្ថាប័ន ​ពាក់​ព័ន្ធ​ អង្គការ​WWF​ និង​ដៃគូ​ធ្វើការ​លើ​បរិស្ថាន​ និង​មកពី​ប្រទេស​ឥណ្ឌា បាន​ជួប​គ្នា​នៅ​ភ្នំពេញ ​និង​ចុះ​ទៅ​ពិនិត្យ​ជាក់​ស្តែង​នៅ​ខេត្ត​មណ្ឌល​គិរី រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៥​ ដល់​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៧ ដើម្បី​បង្កើត​តំបន់​សត្វ​ខ្លាធំ​នៅ​កម្ពុជា​។

លោក សេង ទៀក នាយក​ប្រចាំ​ប្រទេស​អង្គការ WWF បាន​ឲ្យ​ដឹង​ថា ​គម្រោង​បង្កើត​តំបន់​សត្វ​ខ្លា ធំ នឹង​រៀបចំ​ នៅក្នុង​ដែន​ជម្រក​សត្វព្រៃ​ស្រែ​ពក នៅក្នុង​ខេត្ត​មណ្ឌល​គិរី ។ ការ​នាំ​ចូល​សត្វ​ខ្លាធំ​ត្រឡប់មកវិញ ​អាច​ធ្វើអោយ​តំបន់​ពិសេស មួយ​នេះ​អាច​រក្សា​បាន​ទៅ​អនាគត និង​ក្លាយ​ជា​តំបន់​អភិវឌ្ឍន៍​មួយ​សម្រាប់​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​។

លោក មាស សុផល អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ការពារ ក្រសួងបរិស្ថាន ​បាន​ឲ្យ​ដឹងថា គោលដៅ​នៃ​កិច្ចប្រជុំ​នេះ​គឺ​នាំមក​នូវ​ឱកាស​ដល់​អ្នកពាក់ព័ន្ធ​ទាំងអស់​ដើម្បី​ជួយ​យើង​អំពី​របៀប​ដែល​កម្ពុជា​អាច​នាំមក​នូវ​សត្វ​ខ្លា​ពី​ឥណ្ឌា​។ លោក បាន​បញ្ជាក់ដែរថា ​រាល់​ព័ត៌មាន​ទាំងអស់ ដែល​ចូលរួម​នឹង​ត្រូវ​បាន​បញ្ចូល​នៅក្នុង​ការបង្កើត​ផែនការ​ប្រតិ​ប​ត្ដិ​ការ​សំរាប់​ការ​ដាក់​កម្រិត​សត្វព្រៃ​នៅ​ដែន​ជម្រកសត្វព្រៃ​ស្រែ​ពក​ក្នុង​ខេត្តមណ្ឌលគិរី​។

លោក មាស សុផល ក្នុងនាម​តំណាង​អោយ​ក្រសួងបរិស្ថាន បាន​វាយតម្លៃ​ដើម្បី​បង្កើត​តំបន់​ខ្លាធំ ឆ្ពោះទៅ​រក​ការ​ ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​នៅ​កម្ពុជា​ដើម្បី​ផលប្រយោជន៍​ដ៏​ល្អ​សម្រាប់​ជំនាន់​បច្ចុប្បន្ន​និង​អនាគត​និង​តំបន់​ផងដែរ​។

សូមបញ្ជាក់ថា​ នៅក្នុង​វេទិកា​ជាតិ​លើក​ទី​២ ស្តីពី «​ការការពារ ​និង​អភិរក្ស​ធនធានធម្មជាតិ​» ដែល​រៀបចំ​ដោយ​ក្រសួងបរិស្ថាន នៅ​វិមាន​សន្តិភាព នា​ថ្ងៃទី​២២ ​ខែសីហា ឆ្នាំ​២០១៧ ​សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន គាំទ្រ​ឲ្យ​មានការ​នាំចូល និង​បង្កាត់​ពូជ​ខ្លាធំ ​ដើម្បី​បង្កើត​វត្តមាន​សត្វ​នេះ​នៅ​ក្នុង​ព្រៃរបស់​កម្ពុជា​។

កាលពី​ឆ្នាំ​២០០៧ ការសិក្សា​រក​ឃើញ​សត្វ​ខ្លាធំ​មាន​ប្រមាណ ពី​១០ ទៅ​១៥ ក្បាល នៅ​ក្នុង​ព្រៃ​កម្ពុជា​។ សត្វ​ខ្លាធំ​ត្រូវ​បាន​បាត់​ខ្លួន​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​កន្លងមក​តាម​រ​យៈ​ការ​ត្រួតពិនិត្យ​និង​វាយ​តម្លៃ​។ ដោយសារ​កិច្ច​ខិតខំ​ប្រឹងប្រែង​ខ្លាំងក្លា របស់​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អភិរក្ស​និង​ការពារ​ធនធានធម្មជាតិ​នៅ​កម្ពុជា ​តំបន់​ការពារ​ត្រូវ​បាន​បង្កើតឡើង​ចំនួន 46 កន្លែង ​និង​ច្រក​អភិរក្ស​ជីវចម្រុះ (​ភាគ​ខាងកើត​ខាងជើង​និង​ភ្នំក្រវាញ​) ដែល​មាន​ចំនួន​ជាង 7,4 លាន​ហិកតា ​ដែល​ស្មើនឹង 41% នៃ​ប្រទេស​សរុប​។

តំបន់​ទាំងនេះ​ ស្ថិតនៅក្រោម​យុត្តាធិការ​របស់​ក្រសួងបរិស្ថាន​ដែន​ជម្រក​សត្វព្រៃ​ស្រែ​ពក​ នៅ​ខេត្ត​មណ្ឌល​គិរី ​ គ្របដណ្តប់​លើ​ផ្ទៃដី 372 971 ហិច​តា​ ដែល​ជា​តំបន់​សម្បូរ​ជីវៈចម្រុះ ​ដែល​រក្សា​បាន​ប្រព័ន្ធ​អេកូ​ស៊ី​ បានល្អ​ប្រសើរ​ ដែល​ភ្ជាប់​ជាមួយ​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ព្រិច​ និង​ជម្រក​សត្វព្រៃ​លំផាត់​ក្នុង​ខេត្តមណ្ឌលគិរី​ ផងដែរ​៕