អ៊ីរ៉ង់​៖ ការ​បាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​ប្រភេទ​ Khorramshar របស់​ខ្លួន​គឺ​ទទួល​បាន​ជោគជ័យ​

90

អ៊ីរ៉ង់​៖ អ៊ីរ៉ង់​និយាយ​ថា ​ខ្លួន​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​ថ្មី​ដោយ​ជោគជ័យ ដែល​អាច​រត់​បាន​ចម្ងាយ ​២ពាន់​គីឡូម៉ែត្រ​។​ ​ការ​បាញ់​សាកល្បង​មី​ស៊ី​ល​ដែល​មាន​ឈ្មោះថា Khorramshar ត្រូវ​បាន​ប្រកាស​តាម​សារព័ត៌មាន​រដ្ឋ​កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​មុន​នេះ​។

ប្រធានាធិបតីអ៊ីរ៉ង់លោក​ ហាសាន​រ៉ូ​ហាន់​នី

​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បាន​និយាយ​ថា មី​ស៊ី​ល​នេះ​មាន​សមត្ថភាព​បំពាក់​ក្បាល​គ្រាប់​ចម្រុះ​បាន ​ប៉ុន្តែ​គេ​មិន​បាន​ដឹង​ច្បាស់​ទេ​ថា​ការ​បាញ់​សាកល្បង​នេះ​បាន​ធ្វើឡើង​នៅ​ពេល​ណា​នោះ​។ ​​មី​ស៊ី​ល​នេះត្រូវ​បាន​ដាក់​បង្ហាញ​ជា​លើក​ដំបូង ​នៅ​ឯ​ក្បួន​ព្យុះ​ហយា​ត្រា​យោធា​មួយ​កាលពី​ថ្ងៃ​សុក្រ​២២ ខែកញ្ញា នៅ​ពេល​ដែល​ប្រធានាធិបតីលោក​ ហាសាន​រ៉ូ​ហាន់​នី លើក​ឡើង​ថា ​អ៊ីរ៉ង់​នឹង​ពង្រឹងសមត្ថភាព​មី​ស៊ី​ល​របស់​ខ្លួន​។ ​លោក​បន្ថែម​ថា ​ទីក្រុង​តេ​អេ​រ៉ង់​មិន​ចាំ​បាច់​ត្រូវ​សុំ​ការអនុញ្ញាតពី​ប្រទេស​ណាមួយ​នោះ​ឡើយ​។ ក្នុង​ការ​ថ្លែង​មួយ​នៅ​អង្គការសហប្រជាជាតិកាលពី​ថ្ងៃ​អង្គា​រ ប្រធានាធិបតី​អាមេរិកលោក​ Donald Trump​ បាន​និយាយ​ថា ​ប្រទេស​អ៊ីរ៉ង់​កំពុងបង្កើនសមត្ថភាព​មី​ស៊ី​ល​របស់​ខ្លួន ​និង​បាន​ចោទប្រកាន់​ប្រទេស​នោះ​ថា​ កំពុងប​ញ្ជួ​ន​អំពើ​ហិង្សា​ទៅកាន់​ប្រទេស​យេ​មែន,​ ស៊ី​រី និងផ្នែក​ផ្សេងទៀត​នៃ​តំបន់​មជ្ឈិមបូព៌ា​។ ​បច្ចុប្បន្ន​សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មឯកតោភាគី​ ប្រឆាំង​ប្រទេស​អ៊ីរ៉ង់ជុំវិញកម្មវិធី​មី​ស៊ី​ល​បាលី​ស្ទិ​ក​នេះ​៕​

អត្ថបទ៖ សុខ​មាន