កាកបាទក្រហម​ជា​ស្ថាប័ន​មនុស្សធម៌​ដ៏​ធំជាង​គេ​ក្នុង​ប្រទេស​កម្ពុជា

48

សៀមរាប ៖ ​ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បាន​ថ្លែងថា កាក​បាទក្រហមកម្ពុជា គឺជា ស្ថាប័ន​ធំជាង​គេ​ក្នុងប្រទេស​ ដែល​បាន​បំពេញបេសកកម្ម​មនុស្ស​ធម៌ ​ជួយ​សម្រាល​ទុក្ខ​លំបាក​របស់​ប្រជាជន​រងគ្រោះ និង​ងាយ​រងគ្រោះ ស្របតាម​ប្រធានបទ​ជា​សកល​របស់​ចលនា​អន្តរជាតិ​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម​។

ក្នុង​ពិធី​សម្ពោធ​អាគារ​ទីស្នាក់ការ​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​បន្ទាយស្រី ​ដែល​ជា​អាគារ​ទីស្នាក់ការ​អនុ សាខា​កាកបាទក្រហមកម្ពុជា​ទី​៤ ​ដែល​ត្រូវ​បាន​កសាង​ឡើង​ក្នុង​អាណត្តិ​ទី​៤ ​នៃ​គណៈកម្មាធិការ​សាខា​កាកបាទក្រហម កម្ពុជា​ខេត្តសៀមរាប ​កាលពី​ចុង​សប្តាហ៍​មុននេះ​ ឯកឧត្តម ឃឹម ប៊ុន​សុង ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម កម្ពុជា​ខេត្តសៀមរាប ​បាន​បញ្ជាក់ថា កាកបាទក្រហមកម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជានិច្ចកាល​តែងតែ​យកចិត្តទុកដាក់​ជួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ​គ្រប់​ទី​តំបន់​ទាំងអស់ ដោយ មិន​ប្រកាន់​ពូជសាសន៍ ​សាសនា និង​និន្នាការ​នយោបាយ​អ្វី​ឡើយ​។

ឯកឧត្តម ​បាន​ជំរុញ​លើកទឹកចិត្ត ដាស់តឿន និង​ផ្ដល់​ជា​អនុសាសន៍​មួយចំនួន​ដល់​អស់លោក លោកស្រី ក្នុង​ជួរ គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហម​ស្រុក​បន្ទាយស្រី ឲ្យ​យកចិត្តទុកដាក់​បន្ត​បំពេញ​តួនាទី និង​ដឹកនាំ​ក្រុម​កាកបាទក្រហម ​ក្នុង​សហគមន៍​មូលដ្ឋាន​ឲ្យ​បានល្អ​ប្រសើរ ​ និង​ជំរុញ​ដល់​អ្នកស្ម័គ្រចិត្ត​យុវជន​កាកបាទក្រហម​កម្ពុជា​ឲ្យ​បំពេញ​ការ ងារ​មនុស្សធម៌​ស្របតាម​គោលការណ៍​គ្រឹះ​ទាំង​៧​ នៃ​ចលនា​អន្តរជាតិ​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ​ជាមួយនឹង​គោល ការណ៍​ណែនាំ​របស់​កាកបាទក្រហម​កម្ពុជា ដើម្បី​រួមចំណែក​ពន្លឿន​ការកាត់បន្ថយ ភាពក្រីក្រ ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ជីវភាព រស់នៅ​របស់​ជន​ងាយ​រងគ្រោះ ស្ត្រី​មេម៉ាយ ចាស់ជរា កុមារកំព្រា ​និង​ ជនពិការ​ដែល​ទាក់ទង​នឹង​គ្រោះ​មហន្តរាយ ព្រម ទាំង​យកចិត្តទុកដាក់​ផងដែរ​ដល់​ការពង្រឹង ​និង​ពង្រីក​សមាជិកភាព​កាកបាទក្រហម​ប្រចាំឆ្នាំ ​កៀគរ​រក​មូលនិធិ​សម្រាប់ ទ្រទ្រង់​សកម្មភាព​មនុស្សធម៌រ​បស់​អនុសាខា​ស្រុក​ផងដែរ​។

លោក ស៊ុំ សំអន នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហម​ខេត្តសៀមរាប ​បាន​ឲ្យ​ដឹងថា ​ទីស្នាក់ការ​អនុសាខា​កាក បាទ​ក្រហម​កម្ពុជា​ស្រុក​បន្ទាយស្រី ដែល​មាន​ទីតាំង​ក្នុង​ឃុំ​ខ្នារ​សណ្តាយ ​បាន​ចំណាយ​ថវិកា​សាងសង់​អស់​ប្រមាណ​២​ម៉ឺន ៦​ពាន់​ដុល្លារ​។ អគារ​នេះ​សាងសង់​ឡើង​តាមរយៈ​នៃ​ការជួយឧបត្ថម្ភ​ដោយ ឯកឧត្តម ឃឹម ប៊ុន​សុង និង​ចូលរួម​ដោយ​ទឹក ចិត្តសប្បុរស​ធម៌​រប​ស់​ឯកឧត្តម លោកជំទាវ អស់លោក​ លោកស្រី​ជា​សប្បុរសជន​ក្នុងស្រុក និង ក្នុង​ខេត្តសៀមរាប​។

នៅក្នុង​ពិធី​សម្ពោធ​ទីស្នាក់ការ​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​បន្ទាយស្រី​នេះ សប្បុរសជន​ដែល​បាន អញ្ជើញ​ចូលរួម បាន​បរិច្ចាគ​ថវិកា​ប្រមាណ​ជាង​៤​ពាន់​ដុល្លារ​ និង​៩០០​ពាន់​រៀល​។ ថវិកា​សប្បុរស​ទាំងនេះ ត្រូវ​បាន​ប្រគល់ ជូន​អនុសាខា​កាក​បាទក្រហមកម្ពុជា​ស្រុក​បន្ទាយស្រី ដើម្បី​ចាត់ចែង​ប្រើប្រាស់​សម្រាប់​ទ្រទ្រង់ សកម្មភាព​មនុស្សធម៌​ក្នុង ភូមិសាស្ត្រ​របស់ខ្លួន​៕