ក្រុម​តេន្នីស​អឺរ៉ុប​ឈ្នះ​ការ​ប្រកួត​រដូវ​កាល​ដំបូង​ពានរង្វាន់ Laver Cup

101

តេន្នីស៖ ​កីឡាករ​ស្វីស Roger Federer ជា​ផ្នែក​មួយ​ដ៏​សំខាន់​ ជួយ​ក្រុម​វាយ​កូន​បាល់​អឺរ៉ុប​ឈ្នះ​ការប្រកួត​រដូវ​កាល​ដំបូងពានរង្វាន់ Laver Cup ក្រោយ​យកឈ្នះ​ក្រុម​ជុំវិញ​ពិភពលោក​ចុង​សប្ដាហ៍​កន្លងទៅ​។

​​ទោះបីជា​ជ័យជំនះ​ពីរ​ថ្ងៃ​ដំបូងក្រុម​អឺរ៉ុប​បាន​យកឈ្នះ​ប្រកួត​ចុងក្រោយ​ទៀត ក្នុងនាម​ក្រុម​របស់​ខ្លួន​ដែល​មាន​កីឡាករ​កំពូល ៥​នាក់​ក្នុងចំណោម​លំដាប់​កំពូល​ពិភពលោក​ទាំង​៧​។ ​ថ្ងៃអាទិត្យ​ម្សិល​ម៉ិ​ញ Roger Federer បាន​យកឈ្នះ​កីឡាករ​អូស្ត្រាលី​លំដាប់​ទី​២០ ពិភពលោក Nick Kyrgios ២ សិត ១ ៤-៦, ៧-៦(៨-៦) និង ១១-៩ ទាំង​លំបាក​ផង​ដែរ​។ ​រូបមន្ត​នៃ​ការប្រកួត​គឺ​មួយថ្ងៃ​បួន​ប្រកួត​តែ​ការប្រកួត​ថ្ងៃ​សុក្រ ក្រុម​ដែល​ឈ្នះ​ទទួល​បាន​មួយ​ពិន្ទុ ថ្ងៃ​សៅរ៍​ក្រុម​ដែល​ឈ្នះ​ទទួល​បាន ២​ពិន្ទុ និង​ថ្ងៃ​ចុង​ក្រោយ​ថ្ងៃអាទិត្យ​ក្រុម​ឈ្នះ​ទទួល​បាន ៣​ពិន្ទុ​។ ​ថ្ងៃ​ដំបូង​ក្រុម​អឺរ៉ុប​បាន​យកឈ្នះ​ និង​មាន​ពិន្ទុ​នាំមុខ ៣-១ មុន​បន្ត​ចូល​ថ្ងៃ​សៅរ៍​ក្រុម​អឺរ៉ុប​បន្ត​នាំមុខ ៩-៣​។ ​ថ្ងៃ​ចុងក្រោយ​មួយ​ប្រកួត​បី​ពិន្ទុ​វិញ្ញាសា​វាយ​គូ ​ក្រុម​អឺរ៉ុប​ចាញ់​ធ្វើ​អោយ​ក្រុម​ជុំវិញ​ពិភពលោក​តាម​ពីក្រោយ ៩-៦​។

ប្រកួត​ទី​ពីរ​កីឡាករ​អាល្លឺម៉ង់ Alexander Zverev បាន​យកឈ្នះ​កីឡាករ​អាមេរិក Sam Querrey អោយ​ក្រុម​អឺរ៉ុប​នាំមុខ ១២-៦​។ ក្រោយ​មក​ទៀត​កីឡាករ​អេ​ស្ប៉ា​ញ Rafael Nadal ចាញ់​កីឡាករ​អាមេរិក John Isner ធ្វើ​អោយ​ក្រុម​ជុំវិញ​ពិភពលោក​តាម​ពីក្រោយ ១២-៩​។ អ្វីៗ​ត្រូវ​សំរេច​នៅ​ពេល Roger Federer យក​ឈ្នះ Nick Kyrgios ដែល​ធ្វើ​អោយលទ្ធផល​ទាំង​បី​ថ្ងៃ​អឺរ៉ុប​ឈ្នះ​ក្រុម​ជុំវិញ​ពិភពលោក ១៥-៩​។ ​នេះ​ជា​ព្រឹត្តិការណ៍​ដំបូង​ប៉ុណ្ណោះ​នៃ​ពានរង្វាន់ Laver Cup ដែល​លើកដំបូង​នេះ​ធ្វើឡើង​នៅ​កីឡដ្ឋាន O2 Arena ទីក្រុង Prague សាធារណរដ្ឋ​ឆេ​ក​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ