បន្លែ​សរីរាង្គ​ខេត្តស្វាយរៀង​ កំពុង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​

197

ស្វាយរៀង​ ៖ ​​បន្លែ​សរីរាង្គ​ប្រើប្រាស់​ជីធម្មជាតិ និង​ជីសរីរាង្គ​របស់​សហគមន៍​ក្នុង​ខេត្តស្វាយរៀង បច្ចុប្បន្ន កំពុង​ទទួល​បាន​នូវ​ការ​គាំទ្រ​ពី​សំណាក់​អ្នកប្រើប្រាស់​ទាំង​ក្នុង ​និង​ក្រៅ​ខេត្ត ​ដោយមាន​ការ​បញ្ជាទិញ​យក​ទៅលក់​បន្ត ធ្វើ​ឲ្យ​ប្រជា​សហគមន៍​អ្នក​ផលិត​ទទួល​បាន​ចំណូល​ល្អ​បង្គួរ​។

លោក សេក សុវណ្ណ​ឧ​ត្ត​ម ប្រធាន​គ្រប់គ្រង​អាជីវកម្ម​សហគម​ន៍​ប​ន្លែ​សរីរាង្គ (​ហៅ​កាត់​ថា​សាក់​) ក្នុង​ខេត្តស្វាយរៀង ​បាន​ប្រាប់​BTV​នៅ​ថ្ងៃទី​២៥ ខែកញ្ញា​នេះ​ថា ​សហគមន៍​សាក់ បាន​បង្កើតឡើង​នៅ​ឆ្នាំ​២០១១ ​ដោយមាន​ការ​គាំទ្រ​ពី​អង្គការ​ដៃគូ និង​មន្ទីរ​កសិកម្ម​ខេត្ត​។

គោលបំណង​នៃ​ការបង្កើត​សហគមន៍​នេះ គឺ​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ពី​បច្ចេកវិជ្ជា​ផលិត​បន្លែ​សរីរាង្គ​ជូន​ដល់​ប្រជាពលរដ្ឋ​ទូទៅ ​ឲ្យ​យល់​ពី​ការផលិត​បន្លែ​តាម​បែប​ធម្មជាតិ ដើម្បី​បម្រើការ​ប្រើប្រាស់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ប្រចាំថ្ងៃ និង​បម្រើ​ទីផ្សារ ​ពិសេស បញ្ចៀស​ការ​ចំណាយ​ប្រាក់​ទិញ​ផលិតផល​បន្លែ​ពី​ខាងក្រៅ និង​កាត់បន្ថយ​ការ​នាំ​បន្លែ​ពី​ប្រទេសជិតខាង​ដែល​សង្ស័យ​មាន​សារធាតុ​គីមី​។

លោក​ បាន​បន្តថា បន្លែ​សរីរាង្គ​ដែល​សមាជិក​សហគមន៍ (​សាក់​) ផលិត​ឡើងជា​លក្ខណៈ​គ្រួសារ​នៅ​តាម​ភូមិ​ឃុំ​គោលដៅ បច្ចុប្បន្ន ត្រូវ​បាន​អ្នកប្រើប្រាស់ និង​អ្នកលក់​នៅ​ទីផ្សា​រ​ ធំៗ​ក្នុង​រាជធានី​ភ្នំពេញ ខេត្ត​ជិតខាង​ និង​ក្លឹប​កម្សាន្ត​នានា​ក្នុង​ក្រុង​បាវិត​ បញ្ជា​ទិញ​ទៅ​លក់​បន្ត និង​ប្រើប្រាស់​ជាច្រើន​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។

លោក​ប្រធាន​គ្រប់គ្រង​អាជីវកម្ម​សហគមន៍​ ប​ន្លែ​សរីរាង្គ ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត និង​ក្រៅ​ខេត្ត ឲ្យ​បន្ត​គាំទ្រ​បន្លែ​សរីរាង្គ​ក្នុង​ស្វាយរៀង​បន្ថែមទៀត​ ដើម្បី​ជំរុញ​លើកទឹកចិត្ត​ដល់​អ្នក​ផលិត​ឲ្យ​បង្កើន​ការផលិត​បន្ថែម ​ពីព្រោះ​បន្លែ​សហគមន៍​ប្រើប្រាស់​ជីសរីរាង្គ និង ​ជីធម្មជាតិ​មិន​សូវមាន​សម្រស់ ​តែ​វា​មិន​មាន​សារធាតុ​ជីគីមី​ដែល​បន្ទាប់ពី​ទទួលទាន​ហើយ​ប៉ះពាល់​ដល់​សុខភាព​នោះ​។

ខេត្តស្វាយរៀង បច្ចុប្បន្ន មាន​សហគមន៍​ផលិត​បន្លែ​ធំៗ​ចំនួន​ពីរ កំពុង​ដំណើរការ​ផលិត​បន្លែ​ធម្មជាតិ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ទាំង​ក្នុង និង​ក្រៅ​ខេត្ត ​ដែល​សម្រាប់​ការ​ផ្គត់ផ្គង់​ក្នុង​ខេត្ត គឺ មាន​ការ​បញ្ជាទិញ​ពីរដង​ក្នុង​មួយ​សប្តាហ៍​ និង​ទីផ្សារ​ទំនើប​នៅក្នុង​រាជធានី​ភ្នំពេញ មាន​ការ​បញ្ជាទិញ​១៥​លើក​ក្នុង​មួយខែ ដោយ​ក្នុង​មួយ​លើក​ពី​៧​ទៅ​៨​តោន​៕