ពីរ​នាក់​បងប្អូន​ទិញ​រថយន្ត​High Lander​ ២គ្រឿង​លុយ​សុទ្ធ​បែរជា​ត្រូវ​គេ​ប្តឹង​ឲ្យ​តុលាការ​អនុវត្ត​រក្សា​ការពារ​រឹបអូស​យក​ទាំង​មិន​ដឹង​មូលហេតុ

3773

បន្ទាយមានជ័យ​ ៖​ តុលាការ​ខេត្ត​បន្ទាយមានជ័យ​អនុវត្តន៍​ដីកា​សម្រេច​រក្សា​ការពារ​របស់​សាលា​ដំបូង​ រាជធានី​ភ្នំពេញ​រឹបអូស​យក​រថយន្ត​ High Lander​ ២​គ្រឿង​ទាំង​មាន​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​រថយន្ត​ពី​ម្ចាស់​ដែល​ជា​អតីត​នាយការិយាល័យ​នគរបាល​ភស្តុភារ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយ​មានជ័យ ​និង​ប្អូនប្រុស​ កាលពី​ថ្ងៃទី​២៦ ​ខែកញ្ញា ​ឆ្នាំ​២០១៧​ នៅ​និង​លំនៅឋាន​ក្នុង​ភូមិ​អូរ​តា​គល់​ ឃុំ​ឫស្សី​ក្រោក ​ស្រុក​មង្គល​បូរី​ ខេត្តបន្ទាយមានជ័យ​ទាំង​មិន​មូលហេតុ​។

ការអនុវត្តន៍​ដីកា​សម្រេច​រក្សា​ការពារ​រឹបអូស​រថយន្ត​២​គ្រឿង​នេះ​ ធ្វើឡើង​ក្រោម​ការដឹកនាំ​ដោយ​លោក សុខ កែវ​បណ្ឌិត​ ព្រះរាជ​អាជ្ញារង​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ និង​លោក លី ពុធ​ធឿន ​មេធាវី​ដើម​បណ្តឹង និង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ និង​មានការ​ចូលរួម​ពី​អាជ្ញាធរ​ភូមិ​។

បើតាម​ការ​ឲ្យ​ដឹងពី​មន្ត្រី​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ​បាន​ឲ្យដឹងថា​ ការអនុវត្ត​នេះ​ធ្វើឡើង​តាម​ដីកា​សម្រេច​រក្សា​ការពារ​លេខ​២៨៥(​ល​)​ដ​.​រ ​ចុះ​ថ្ងៃទី​២៩ ​ខែ មិថុនា ​ឆ្នាំ​២០១៧​ដោយ ​លោក ស៊ូ លី​ណា​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ឲ្យ​​រឹបអូស​ជា​បណ្ដោះអាសន្ន​រថយន្ត​២​គ្រឿង​ ១​រថយន្ត​ម៉ាក​TOYOTA High Lander ​ពណ៌​ស ​ពាក់​ស្លាក​លេខ​ភ្នំពេញ ​2AB.6064 ​ដោយមាន​ម្ចាស់​ឈ្មោះ ប៉ាន់ សាវ៉ា​ន់ ភេទ​ប្រុស​អាយុ​៦៣​ឆ្នាំ ​រស់នៅ​ភូមិ​អូរ​តា​គល់ ​ឃុំ​ឫស្សី​ក្រោក​ស្រុក​មង្គល​បូរី​ និង​រថយន្ត​១​គ្រឿង​ទៀត​ម៉ាក ​TOYOTA High Lander​ ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AB.5054​ ឈ្មោះ ប៉ាន់ ប៊ុន​រិ​ទ្ធ ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ​ រស់នៅ​ភូមិ​បី​ សង្កាត់​ព្រះ​ពន្លា​ ក្រុង​សិរីសោភ័ណ ​យក​ទៅ​តម្កល់ទុក​នៅ​សាលាដំបូង​ ខេត្តបន្ទាយមានជ័យ​ ដើម្បី​ឲ្យ​កូនបំណុល​ដាក់​ប្រាក់​តម្កល់​នៅ​សាលាដំបូង​ចំនួន​១៧,០០០​ដុ​លា្ល​រ​ជា​ប្រាក់​រំលោះ​។

ម្ចាស់​រថយន្ត​ទាំងពីរ​នាក់ ​បាន​អោយដឹង​ដែរថា ​វា​ជា​រឿង​អយុត្តិធម៌​ណាស់​សម្រាប់​រូបលោក​ព្រោះថា ​រថយន្ត​២​គ្រឿង​នេះ​ គាត់​បាន​ទិញ​លុយ​សុទ្ធ​១​គ្រឿង ​ជា​កម្ម​សិទ្ធ​របស់​ឈ្មោះ ប៉ាន់ សា​វ៉ាន់ ​រថយន្ត​ម៉ាក ​TOYOTA High Lander​ ពណ៌​ទឹកប្រាក់​ផលិត​ឆ្នាំ​២០០១​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AB.5054 ​ដែល​ទិញ​តម្លៃ​១៧,០០០​ដុល្លារ ​ដែល​ទិញ​នៅ​ខែមេសា ​ឆ្នាំ​២០១៤ ​និង​១​គ្រឿង​ទៀត​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ប៉ាន់ ប៊ុន​រិ​ទ្ធ រថយន្ត​ម៉ាក​TOYOTA High Lander​ ពណ៌​ទឹកប្រាក់​ផលិត​ឆ្នាំ​២០០៣​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AB.5054​ដែល​ទិញ​តម្លៃ​២៣,០០០​ដុល្លា​រ​ដែល​ទិញ​នៅ​ខែឧសភា ​ឆ្នាំ​២០១៤​ហើយ​រថយន្ត​ទាំង​២​គ្រឿង​នេះ​ ទិញ​ឃ្លាំង​លក់​រថយន្ត​លេខ​៩៩​ ផ្លូវ​១៩៨៦​ សង្កាត់​ភ្នំពេញ​ខណ្ឌ​សែន​សុខ​រាជធានី ​ភ្នំពេញ​ដោយ​ទិញ​លុយ​សុទ្ធ​។

ម្ចាស់​រថយន្ត​ឈ្មោះ ប៉ាន់ សាវ៉ា​ន់ អតីត​នាយការិយាល័យ​នគរបាល​ភស្តុភារ​នៃ​ស្នងការដ្ឋាន​នគរបាល​ ខេត្តបន្ទាយមានជ័យ ​បច្ចុប្បន្ន​ចូល​និវត្ត​ បាន​បញ្ជាក់ថា​ រថយន្ត​២​គ្រឿង​នេះ​១​គ្រឿង​ជា​របស់​គាត់​និង​មួយ​គ្រឿង​ទៀត​ជា​របស់​ប្អូនប្រុស​ បាន​ទិញ​ពី​ឃ្លាំង​លេខ​៩៩​ ដោយមាន​ឯកសារ​ទិញ​លក់​ត្រឹមត្រូវ​ និង​មាន​ឯកសារ​ពន្ធ​ត្រឹមត្រូវ​តាមច្បាប់​ដោយ​គ្រានតែ​តែ​មិនទាន់​បាន​ធ្វើ​ស្លាក់​លេខ​ហើយ​អោយ​កូន​ប្រសារ​ឈ្មោះ តាន់ ឈុន​អេង ​ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​យក​ឯកសារ​រថយន្ត​ទាំង​២​គ្រឿង​ទៅ​ធ្វើ​កាត​គ្រី​និង​ផ្លាកលេខ​នៅ​ភ្នំពេញ​នៅ​ឆ្នាំ​២០១៤​។

លោក ប៉ាន់ សាវ៉ា​ន់ ដែល​ស្ទើរ​តែមួយ​ជីវិត​បាន​លះបង់​បម្រើ​ជាតិ​មាតុភូមិ​ និង​ពលរដ្ឋ​ក្នុងនាម​ជា​នគរបាល​ បានបញ្ជាក់​ទៀតថា​ នៅពេលដែល​កូន​ប្រសារ​ទទួល​បាន​ឯកសារ​យក​ទៅ​ធ្វើ​កាត​គ្រី​ស្លាក​លេខ​មាន​រយៈពេល​យូរ​ទើប​មានការ​សង្ស័យ ​ហើយ​កូន​ប្រសារ​ប្រាប់ថា​ និង​ចេញទៅ​ប្រទេស​ជប៉ុន​ទៀត​នោះ​ លោក​បាន​ដាក់​ពាក្យបណ្តឹង​បាត់​កាត​គ្រី​ រថយន្ត​២​គ្រឿង ​នៅ​មន្ទី​រ​សាធារណ​ការ ​និង​ដឹកជញ្ជូន​ សូម​អោយ​ចេញ​កាត​គ្រី​ថ្មី​ បាន​ដូច​បំណង ​អោយ​ឆ្នាំ​២០១៥ ​ហើយ​ក្រោយមក​ពេល​ដែល​កូនស្រី ​របស់លោក​ឃើញ​ពី​សកម្មភាព​ប្តី​មិនល្អ​បាន​ដាក់​ពាក្យ​បណ្តឹង​សុំ​លែងលះ​នៅ​ឆ្នាំ​២០១៥ ហើយ​នៅ​អំឡុង​ឆ្នាំ​២០១៦ ​សម្រាប់​តែ​មាន​ដីកា​អនុវត្តន៍​អោយ​រឹបអូស​យក​រថយន្ត​ទាំងពីរ​គ្រឿង​យក​ទៅដាក់​ស្នងការ​នគ​របាល​ខេត្តបន្ទាយមានជ័យ​ ទាំង​រូបលោក​ទាំង​ពី​រមិន​ដឹង​អ្វី​សោះតែ​ដោយ​រូបលោក​ទាំងពីរ​បាន​ដាក់​ពាក្យ​បណ្តឹងសុំ​អន្តរាគមន៍​ពី​អគ្គព្រះរាជអាជ្ញា​អម​សាលាឧទ្ធរណ៍​បាន​សម្រេច​ អោយ​រថយន្ត​ទាំងពីរ​មក​ពួក​លោក​វិញ​ ដើម្បី​រង​ចាំ​ការសម្រេច​របស់​តុលាការ​។

បន្ទាប់ពី​បាន​យក​រថយន្ត​មកប្រើប្រាស់​វិញ ​ ស្រាប់​ជាថ្មី​ម្តងទៀត ​នៅ​ព្រឹក​ថ្ងៃទី​២៦​ ខែកញ្ញា​ ឆ្នាំ ​២០១៧​ មាន​ខាង​តុលាការ​ និង​ប៉េអិម​ចុះ​មក​រឹបអូស​យក​រថ​យន្ត​ទាំង​២​គ្រឿង​ម្តង​ទៀត​ដោយ​ខាង​តុលាការ​មិនបាន​កោះហៅ​សាកសួរ​អ្វី​ឡើយ​។

ក្នុងករណី​ខាងលើនេះ​លោក​ ប៉ាន់ សាវ៉ា​ន់ និង​លោក ប៉ាន់ ប៊ុន​រិ​ទ្ធ ជា​ម្ចាស់​រថយន្ត​ដែលមាន​ឈ្មោះ​ក្នុង​កាតគ្រី​ត្រឹម​ត្រូវ​បាន​សន្និដ្ឋានថា ​ប្រហែល​កូន​ប្រសារ​របស់គាត់​ឈ្មោះ តាន់ ឈុន​អេង ​​យក​ឯកសារ​រថយន្ត​ទៅ​ធ្វើ​កាត​គ្រី​ឡាន​ទាំង​២​គ្រឿង​ បាន​ហើយ​យក​ទៅ​ដាក់​បញ្ចាំ​ឈ្មោះ ​ឈន​ សៀក​លាង​ ភេទ​ស្រី​អាយុ​៤៦​ឆ្នាំ​(​មុខ​របប​អាជីវករ​)​រស់នៅ​ផ្ទះ​លេខ​១១​ផ្លូវ​លេខ​៦២០ ​ភូមិ​កណ្តាល​សង្កាត់​ច្បារអំពៅ​២ ​ខណ្ឌមានជ័យ​ក្រុងភ្នំពេញ​។​ទើប​ឈ្មោះ ឈន សៀក​លាង (​ម្ចាស់​កន្លែង​ទទួល​បញ្ចាំ​)​បាន​ប្តឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​ឲ្យ​​សាលាដំបូង​ ខេត្តបន្ទាយមានជ័យ ​អនុវត្តន៍​ និង​រឹបអូស​រថយន្ត​២​គ្រឿង​ ទៅ​ទុក​នៅ​សាលាដំបូង​ ខេត្តបន្ទាយមានជ័យ​ ដោយ​អោយ​បង់លុយ​១៧,០០០​ដុល្លារ ​ទើប​ប្រគល់​រថយន្ត​វិញ​។​ម្យ៉ាងទៀត​លោក ​ក៏​បាន​ចោទប្រកាន់​អតីត​កូន​ប្រសារ​របស់​លោក ​និង​ក្រុមហ៊ុន ​ដែល​មាន​ឈ្មោះ​ ឈន សៀក​លាង​ ផ្សំ​គំនិត​គ្នា​ដោយ​ធ្វើ​លិខិត​ជួល​និង​បង់​រំលោះ​ក្នុង​កម្មវត្ថុ​ដោយ​ភាគី​ឈ្មោះ ​ឈន សៀក​លាង​ យក​រថយន្ត​របស់​ពួកគាត់​ថា ​ជា​រថយន្ត​ខ្លួន​ជួល​អោយ​អ​តីតកូន​ប្រសារ ​និង​កូនស្រី​លោក​ដោយមាន​សរសេរ​ឈ្មោះ​កូនស្រី​របស់​គាត់​នៅ​ពី​ក្រោម​ស្នាម​មេដៃ​ ដែល​លោក​អះអាងថា​ មិនមែនជា​ស្នាម​មេដៃ​កូនស្រី​លោក​នោះទេ​ ថែមទាំង​មក​ប្តឹង​យក​រថយន្ត​ពួកគាត់​ទៀត​ធ្វើ​អោយ​ពួកគាត់​​នៅ​ភាព​អយុត្តិធម៌​បំផុត​ ហើយ​លោក​ស្នើ​សុំ​អោយ​សម្តេច​តេ​ជោ ​ហ៊ុន សែន ​និង​សម្តេច​កិត្ដិព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន​ ជួយ​រក​យុត្តិធម៌​ដល់​មន្ត្រី​ចូលនិវត្តន៍​ដូចជា​ រូបលោក​ និង​ប្អូន​លោក​ផង​។

ជុំវិញ​ករណី​រឿង​នេះ ​អ្នក​សារ​ព័ត៌មាន​យើង​បាន​សុំ​ការ​បំភ្លឺ​ពី​លោក​លី ពុធ​ធឿន ​មេធាវី​ដើម​បណ្តឹង ដែរ​ តែ​លោក​សុំ​មិន​និយាយ​ដោយ​អោយ​ទៅ​សួរ​ខាង​សាលាដំបូង​វិញ៕​