ស្ថាបត្យករ​កម្ពុជា​លោក​ព្រឹទ្ធាចារ្យ វណ្ណ មូលី​វណ្ណ​ ​ទទួល​មរណភាព​​ក្នុង​ជន្មាយុ ៩១ ឆ្នាំ

90

សៀមរាប ៖ លោក​ព្រឹទ្ធាចារ្យ វណ្ណ មូលី​វណ្ណ ស្ថាបត្យករ​ដ៏​ល្បីល្បាញ​មួយ​រូប​របស់​​កម្ពុជា​ ​​បាន​ទទួល​មរណភាព ​ក្នុង​ជន្មាយុ ៩១ ឆ្នាំ​ ,​នៅវេលា​ម៉ោង ៩ និង ៤៥ នាទី នៅ​ព្រឹក​ថ្ងៃទី ២៨ ខែកញ្ញា នេះ​។ ពិធី​បុណ្យ​សព​លោក​ព្រឹទ្ធាចារ្យ ធ្វើឡើង​ក្នុងភូមិ មណ្ឌល ៣ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។

សូម​ជម្រាប​ថា ស្នាដៃ​ចំបងៗ​របស់​លោក វណ្ណ មូលី​វណ្ណ រួមមាន​ ៖ សាលសន្និសីទ​ចតុមុខ​, វិមាន​ឯករាជ្យ​, ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​, សំណង់ «​ផ្ទះ​១០០» ដែល​ត្រូវបាន​សាងសង់ សម្រាប់​បុគ្គលិក​ធនាគារ​ជាតិ​កម្ពុ​ជា ស្នាក់នៅ (១៩៦៥១៩៦៧), វិមាន​រដ្ឋ​ចំការមន​, សាល​មហោស្រព​ជាតិ​សុរា​ម្រឹត​, អនុវិទ្យាល័យ​បណ្តុះ​បណ្តាល​គ្រូបង្រៀន និង​វិទ្យាស្ថាន​ភាសាបរទេស​។

លោក​ព្រឹទ្ធាចារ្យ ​ វណ្ណ ម៉ូលីវណ្ណ គឺជា​ស្ថាបត្យករ​នាំមុខគេ និង​បង្កើត​ស្នាដៃ​ជាច្រើន​នៅក្នុង​ចលនា​ស្ថាបត្យកម្ម​ខ្មែរ​ថ្មី​របស់​ប្រទេស​កម្ពុជា​។ លោក វណ្ណ ម៉ូលីវណ្ណ កើត​ក្នុង​ខេត្តកំពត ​នៅ​ឆ្នាំ​១៩២៦​។ ក្នុង​ឆ្នាំ​១៩៤៦ គាត់​បាន​ទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង​។

លោក​ព្រឹទ្ធាចារ្យ ​ បាន​សិក្សា​ផ្នែក​ស្ថាបត្យកម្ម​រួមជាមួយ​ផ្នែក​សិល្បៈ​ផ្សេងទៀត​នៅ​សាលា​វិចិត្​រសិល្បៈ និង​បាន​វិលត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​ដែល​ទើប​ទទួល​បាន​ឯករាជ្យ​ថ្មីៗ​ក្នុង​ឆ្នាំ​១៩៥៦​។ ក្រោយមក​គាត់​ត្រូវបាន​ សម្តេច នរោត្តម សីហនុ តែងតាំង​ជា​ស្ថាបត្យករ​រដ្ឋ ហើយ​បាន​បន្ត​រចនា​គម្រោង​សាធារណៈ ដែល​ត្រូវ​ បាន​គេ​ស្គាល់ និង​បាន​ចាប់​ទុក​រាល់​សមិទ្ធផល​ទាំងអស់នោះ គឺជា​ភាព​ដ៏​អស្ចារ្យ​របស់​ប្រទេស​កម្ពុជា ដែល​សាងសង់​ឡើងជា​ចំណែក​មួយ​នៃ​ទំនើប​នីយកម្ម​ទូទាំង​ប្រទេស ដែល​បាន​ចាប់ផ្តើម​ដោយ​របប​សង្គមរាស្ត្រនិយម​។

លោក ម៉ូលី វណ្ណ ក៏បាន​រចនា​លំនៅដ្ឋាន​ឯកជន និង​រចនាសម្ព័ន្ធ​តូចៗ​ជាច្រើន នៅក្នុង​សម័យ​នោះដែរ​។ បន្ថែម​ពីលើ​ការងារ​ជាច្រើន​របស់គាត់ ​ក្នុងនាម​ជា​ស្ថាបត្យករ លោក វណ្ណ ម៉ូលីវណ្ណ ក៏​ជា​អ្នករៀបចំ​ទីក្រុង និង​គ្រប់គ្រង​ការពង្រីក​ក្រុងភ្នំពេញ ក៏ដូចជា​ការបង្កើត​កំពង់ផែ​សមុទ្រ​ក្រុង ព្រះសីហនុ (​កំពង់សោម​) និង​នៅ​ទីតាំង​ផ្សេងៗ​ទៀត​។

ជាងនេះទៀត គាត់​ក៏បាន​ចូលរួម​នៅក្នុង​ការងារ​ដឹកនាំ​សា​កល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ​និង​បាន​បោះពុម្ពផ្សាយ​អត្ថបទ​ជាច្រើន​ស្តីពី ទំនើបភាវូបនីយកម្ម​ប្រទេស​កម្ពុជា នៅក្នុង​ព្រឹត្តិ ប័ត្រ​ស្រាវជ្រាវ​ជា​ភាសា​ខ្មែរ​ជាច្រើន​។ គាត់​ត្រូវ​បាន​គេ​ចងចាំ​ជា​បុគ្គល​នាំមុខគេ​ក្នុង​ជីវិត​វប្បធម៌​យ៉ាងសកម្ម នៅក្នុង​សម័យ​ក្រោយ ឯករាជ្យ របស់​ប្រទេស​កម្ពុជា​ផងដែរ​។

បន្ទាប់ពី​រដ្ឋប្រហារ​ឆ្នាំ​១៩៧០ ដែល​បាន​ទម្លាក់​សម្តេច សីហនុ និង​របប​គ្រប់គ្រង​របស់​ព្រះអង្គ លោក វណ្ណ ម៉ូលីវណ្ណ បាន​ផ្លាស់​ទៅ​រស់នៅ​ប្រទេស​ស្វ៊ី​ស​។ ក្នុង​រយៈ​ប៉ុន្មាន​ទសវត្សរ៍​ក្រោយមក​គាត់​បាន​បន្ត​ការងារ​រ​បស់​គាត់​ជាមួយ​អង្គការសហប្រជាជាតិ​លើ​កម្មវិធី​តាំងទី​លំនៅ​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ជា​អន្តរជាតិ​។

ក្នុង​ឆ្នាំ​១៩៩១ លោក​វណ្ណ ម៉ូលីវណ្ណ បាន​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ និង​ត្រូវ​បានតែងតាំង​ជា​រដ្ឋ​មន្ត្រីក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ ​ការធ្វើផែនការ​ក្រុង និង​ប្រទេស​។ ​លោក វណ្ណ ម៉ូលីវណ្ណ ជា​កម្លាំង​យ៉ាង​សំខាន់​ក្នុងការ​បង្កើត​អាជ្ញាធរ​អប្សរា​ដែល​ជា​អង្គភាព​សហប្រតិបត្តិកា​រ​ពហុបក្ស ដែល​មាន​បំណង​ក្នុងការ​គ្រប់គ្រង​ឃ្លាំមើល​ការស្រាវជ្រាវ​និង​រដ្ឋបាល​ប្រាសាទ​បុរាណ​តំបន់​អង្គរ​។

ស្ថាបត្យករ​ដ៏​ល្បាញ​ល្បី​រូបនេះ ក៏បាន​បន្ត​ការស្រាវជ្រាវ បោះពុម្ពផ្សាយ​សៀវភៅ​ជាច្រើន និង​បញ្ចប់​ថ្នាក់បណ្ឌិត​ ផ្នែក​ប្រវត្តិសាស្ត្រ លើ​ការ​តាំង​ទីលំនៅ​របស់​ម​នុស្ស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។

ស្នាដៃ​របស់លោក វណ្ណ ម៉ូលីវណ្ណ បង្កើត​បានជា​ការប្រមូល​ផ្តុំ​មួយ​នៃ​ការប្រមូលផ្តុំ​សំខាន់​បំផុត​ជាច្រើន​នៃ​អគារ​ក្រោយ​សម័យ​អាណានិគមនិយម​ នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍ និង​មាន​សារៈសំខាន់​បំផុត​ចំពោះ​មរតក​ស្ថាបត្យកម្ម​ទំនើប​ក្នុងប្រទេស​កម្ពុជា​។

នៅក្រោម​កា​រគ្រប់គ្រងរ​បស់​សម្តេច នរោត្តម សីហនុ លោក វណ្ណ ម៉ូលីវណ្ណ បានធ្វើការ​ផ្លាស់ប្តូរ​មុខមាត់​ទីក្រុង​ភ្នំពេញ ​និង ប្រទេស​កម្ពុជា តាមរយៈ​ការ​រចនា​អគារ​វិមានរដ្ឋ​ វិមានឯករាជ្យ ពហុកីឡដ្ឋាន​ជាតិ សាល​មហោស្រព​ជាតិ ទីស្តីការគណៈរដ្ឋមន្ត្រី​សាលសន្និសីទ​ចតុមុខ​ អគារ​រដ្ឋាភិបាល​អគា​រ​សិក្សា​ស្រាវជ្រាវ អគារ​ឧស្សាហកម្ម អគារ​សាលា​បច្ចេកវិទ្យា (​តិច​ណូ​) និង​អគារ​លំនៅឋាន ច្រើនជាង​៦០​អគារ​ផ្សេងទៀត​ពាសពេញ​ផ្ទៃ​ប្រទេ​ស៕