ចិន​នឹង​បិទ​ក្រុមហ៊ុន​អាជីវកម្ម​របស់​កូរ៉េខាងជើង​នៅ​​ក្នុង​ប្រទេស​ខ្លួន​ដើម្បី​អនុវត្តន៍​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​

776

ចិន៖ ចិន​បាន​ប្រាប់​​កូរ៉េខាងជើង​ឲ្យបិទ​បណ្ដា​ក្រុមហ៊ុន​នានា ​ដែល​កំពុង​ប្រតិបត្តិការ​ក្នុង​ប្រទេស​របស់​ខ្លួន ​ជា​ការ​អនុវត្តន៍​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​ប្រឆាំង​នឹង​រដ្ឋ​ឯ​កោមួយ​នេះ។​​ក្រុមហ៊ុន​ទាំងឡាយ​នឹង​ត្រូវ​បិទនៅ​ដើមខែ​មករា​ ឆ្នាំ២០១៨​ខាងមុខ រីឯ​ក្រុមហ៊ុនអាជីវកម្ម​រួម​គ្នា​ជាមួយ​ចិន​កូរ៉េខាងជើង​ក៏​នឹង​ត្រូវ​បង្ខំ​ឲ្យ​បិទ​ផង​ដែរ​។​ ​​ចិនដែល​ជា​សម្ព័ន្ធមិត្ត​ចាក់​ទឹក​មិន​លិចតែ​មួយ​គត់​របស់​ទីក្រុង​ព្យុង​យ៉ាង បានហាមប្រាម​រួច​ទៅ​ហើយ​មិន​ឲ្យ​មានការនាំចេញវាយ​ន​ភណ្ឌ​ និងកំណត់​បរិមាណ​រ៉ែ​ប្រេង​នាំចេញ​ទៅកាន់​ប្រទេស​កូរ៉េខាងជើង​។​ ​វិធានការ​នេះជា​ផ្នែក​មួយ​នៃ​ការ​ឆ្លើយ​ជា​អន្តរជាតិ​ ចំពោះការ​បាញ់​សាកល្បង​គ្រាប់​នុយក្លេអ៊ែរ​ដ៏​មាន​ឥទ្ធិពល​បំផុតលើក​ទី​៦ របស់​កូរ៉េខាងជើង។

​​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ​ដែល​មាន​ប្រទេស​ចិន​ជា​សមាជិកដែរ​នោះ​បាន​ឆ្នោត​គាំទ្រ​ជា​ឯកច្ឆន្ទ​ សម្រាប់​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​កាលពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញាកន្លង​ទៅ​នេះ។ ក្រសួងពាណិជ្ជកម្ម​ចិន​បាន​លើក​ឡើង​ថា ខ្លួន​បាន​ដាក់​ពេល​កំណត់​រយៈពេល ​១២០​ថ្ងៃចាប់​ពី​ថ្ងៃ​អនុម័ត​សេចក្ដី​សម្រេច​ សម្រាប់​ការ​បិទ​ក្រុមហ៊ុន​នានា​របស់​កូរ៉េខាងជើង​ក្នុង​រង្វង់​ព្រំដែន​របស់​ខ្លួន ៕
​អត្ថបទ៖ សុខ​មាន