អ្នកនាំពាក្យ​CPP ៖ បដិវត្តន៍​ពណ៌ ដាច់ខាត​មិន​ត្រូវ​ឲ្យ​កើត​មាននៅ​កម្ពុជា​ឡើយ

103

ភ្នំពេញ៖ ឯកឧត្តម ​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​ថា ប្រជាជន​កម្ពុជា បាន​ឆ្លងកាត់​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​រាប់​ទសវត្សរ៍ រួមមាន​សង្គ្រាមរ៉ាំរ៉ៃ និង​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុល ពត ដែល​ធ្វើឲ្យ​រង​ទុក្ខវេទនា​រក​ទីបំផុត​គ្មាន​។ ទន្ទឹម​នឹងនេះ ក៏​បណ្ដា​ប្រទេស​នៅ​មជ្ឈិមបូព៌ា ​និង​នៅ​អាហ្វ្រិក​ខាង​ជើង ដែល​បាន​ឆ្លងកាត់​បដិវត្តន៍​ពណ៌ បាន​ផ្តល់​ពិសោធ​ន៏​យ៉ាង​ជ្រាលជ្រៅ​នូវ​ទុក្ខសោក វិនាស​អន្តរាយ​រហូតមកដល់​សព្វថ្ងៃ​។​

​ឯកឧត្តម​បន្ត​ថា ក្រោយ​ឆ្លងកាត់​ទុក្ខសោក​នាដកម្ម​ទាំងនេះ ទេ​ី​ប​ប្រជាជន​កម្ពុជា ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ខិតខំ​លះបង់​សាច់​ស្រស់​ឈាម​ស្រស់ ដើម្បី​ស្វែង​រក​បាន​នូវ​សន្តិភាព​ពេញលេញ​សម្រាប់​ប្រជាជន​រស់នៅ​ដោយ​សុខដុម រម​នា​សប្បាយរីករាយ​ក្នុង​ក្រុម​គ្រួសារ និង​ក្នុង​សង្គមជាតិ ប្រទេសជាតិ​មានការ​អភិវឌ្ឍ​​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​។​

ដូច្នេះ សន្តិភាព​ស្ថិត​នៅក្នុង​ដៃ​ ហើយ​មិន​ត្រូវ​បណ្តែត​បណ្តោយ​ឲ្យ​ជន​ណា ឬ ក្រុម​ជន​ណា​មក​បំផ្លិចបំផ្លាញ​សន្តិភាព​នេះ​បានជា​ដាច់ខាត តាម​គ្រប់​រូបភាព រួមទាំង ការ​​ធ្វើ​បដិវត្តន៍​ពណ៌ ឬ ​ក៏​ការ​លូកដៃ​ចូល​ជ្រៀតជ្រែក​របស់​បរទេស​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ផង​ដែរ​។​

ហេតុនេះ​ដើម្បី​ភាព​សុខសាន្ត​ត្រាណ​របស់​ប្រទេសជាតិ និង​ប្រជាជន​យើង​ដាច់ខាត​ត្រូវ​រួបរួម​ជា​កម្លាំង​មហា​សាមគ្គី​ជាតិ​ទាំងមូល វាយកម្ទេច​របស់​ដែល​ហៅថា​បដិវត្តន៍​ពណ៌ ចាប់​តាំងពី​កម្ទេច​រងើ​ក​ភ្លើង​តូចតាច រហូតដល់​អណ្ដាត​ភ្លើង កុំ​ឲ្យ​វា​ក្លាយទៅជា​អគ្គីភ័យ​បាន ឲ្យ​សោះ។​ ដាច់ខាត​បដិវត្តន៍ មិន​ត្រូវ​ឲ្យ​កើត​មាននៅ​កម្ពុជា​ឡើយ៕​