ក្រុមបាល់ទាត់​វ័យ​ចាស់​ភ្នំពេញ និង​ខេត្ត​ព្រៃវែង​ណាត់គ្នា​ប្រកួត​មិត្តភាព ដើម្បី​លើកស្ទួយវិស័យ​កីឡា​​ឲ្យ​កាន់តែ​រីកចម្រើន​

90

បាល់ទាត់៖ ក្រុមបាល់ទាត់​វ័យ​ចាស់ ២​ក្រុម​ដែល​មាន​រហស្សនាម​ក្រុម​យក្ស​ភ្នំពេញ និង​ក្រុម​យក្ស​ខេត្ត​ព្រៃ​វែង​កាល​ពី​ចុង​សប្ដាហ៍​កន្លងទៅ បាន​ណាត់គ្នា​ប្រកួត​មិត្តភាព​មួយនៅ​លើ​ទីលាន​ក្នុង​ខណ្ឌ​ច្បារអំពៅ ដើម្បី​រឹត​ចំណង​មិត្តភាពសាមគ្គីភាព និង​ចូលរួម​លើកស្ទួយ​វិស័យ​កីឡា​មួយ​នេះ​ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត។​​លោក ហេ​រ៉ូ សុជាតិ ប្រធាន​ក្រុមបាល់ទាត់​យក្ស​ភ្នំពេញ រួម​ទាំង​តំណាង​ក្រុម​មកពី​ខេត្ត​ព្រៃវែង​បាន​ឲ្យ​ដឹង​ថា ជំនួប​មិត្តភាព​នេះ​កើតឡើង​ពី​ស្មារតី​ស្រលាញ់​កីឡា និង​ចង់​បំផុស​យុវជន​ឲ្យ​ចូលរួម​លេង​កីឡាដើម្បី​សុខភាព ឲ្យ​ជៀស​ឆ្ងាយ​ពី​អំពើ​អបាយមុខ​ផ្សេងៗ។ ដូច្នេះ​ការប្រកួត​នេះ​លោក​ក៏​រំពឹង​ថា នឹង​ក្លាយ​ជា​ផ្នែក​មួយដើម្បី​រួម​ចំណែក​បណ្ដុះបណ្ដាល​ធន​ធាន​កីឡាករ​បាល់ទាត់​ផង​ដែរ​។​

​ប្រធាន​ក្រុមបាល់ទាត់​វ័យ​ចាស់​ភ្នំពេញ​បាន​ឲ្យ​ដឹង​ដែរ​ថា នេះ​គឺជា​លើក​ទី​២​ ហើយដែល​ក្រុម​ទាំងពីរ​បាន​ជួប​គ្នា ដោយ​មិនបាន​ផ្ដោត​សំខាន់​លើ​លទ្ធផល​ឈ្នះ ឬ​ចាញ់​នោះ​ទេ តែ​ផ្ទុយទៅវិញ​ក្រុម​ទាំង​ពីរ​បាន​ផ្ដោត​សំខាន់​លើ​មិត្តភាព​យូរ​អង្វែង ហើយ​បំផុត​យុវជន​ឲ្យ​ចូលរួម​លេង​កីឡា​។ ក្រោម​ស្មារតី​ស្រលាញ់​កីឡា​នេះ​លោក ហេ​រ៉ូ សុជាតិ ក៏បាន​ប្រកាស​ទទួល​ការប្រកួត​មិត្ត​ភាពជា​បន្ត​បន្ទាប់​ទៀត​ផង​ដែរ៕

អត្ថបទ លី ឈុន​ឡា