សវនាការ​បិទ​បញ្ចប់​សំណុំរឿង​ក្រុម​ចោរប្លន់​ក្រៃ ថោង ប្រកាស​សាលក្រម​នៅ​ថ្ងៃ​២០ តុលា​

96

កណ្តាល ៖ ​សំណុំរឿង​បទ​ឧក្រិដ្ឋ​ប្លន់​កក្រើក​រាជធានី​ ខេត្ត​ ដែល​មេខ្លោង​ចោរប្លន់​ឈ្មោះ ​ក្រៃ​ ថោង​ និង​ បក្សពួក​ត្រូវ​បាន​សាលាដំបូង​ខេត្តកណ្តាល ​នៅ​ព្រឹក​ថ្ងៃទី​០២​ ខែតុលា ​ឆ្នាំ​២០១៧ ​បើកសវនាការ​បញ្ចប់​ និង​សម្រេច​ធ្វើការ​ប្រកាស​សាលក្រម​នៅ​ពេល​ខាងមុខ​។

បើតាម​លោក សូ សារិន ប្រធាន​លេខាធិការដ្ឋាន​ និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តកណ្តាល​ បានឲ្យដឹងថា ​សវនាការ​ជំនុំជម្រះ​រឿង​ក្តី​ដ៏​កក្រើក​ករណី​ប្លន់​ប្រដាប់​អាវុធ​នេះ ​ដឹកនាំ​ដោយ​លោក សាយ សម្ផស្ស​សេរី ​ជា​ប្រធាន​ក្រុមប្រឹក្សា លោក ទី សំណាង លោក អ៊ី សុវណ្ណ ​ជា​ចៅក្រម​ប្រឹក្សា និង លោក ឯក ស៊ុន​រស្មី ជា​តំណាង​អយ្យការ ។ សំណុំ​រឿងនេះ ​និង​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៧​ខាងមុខនេះ​។​

សូម​រំលឹក​ជាថ្មី​ម្ដង​ទៀតថា ​កាលពី​ល្ងាច​ថ្ងៃទី ៧ ខែ មីនា ឆ្នាំ​២០១៧​ សមត្ថកិច្ច​នគរបាល​ខេត្ដកណ្ដាល ​បាន បង្ហាញមុខ​ក្រុម​ចោរប្លន់​ប្រដាប់អាវុធ ១០ នាក់ ​ដែល​កន្លងមក ​ធ្លាប់​បាន​ធ្វើ​សកម្មភាព​ប្លន់​ យ៉ាង​កក្រើក​នៅ ​ក្នុងភូមិ​សាស្ត្រ​ខេត្ដ​មួយចំនួន ។

នគរបាល ​បាន​ថ្លែងថា ក្រុមចោរ​ទាំង​១០​នាក់ ដែល​ត្រូវ​បង្ហាញមុខ​នៅថ្ងៃនេះ រួមមាន ទី​១​ឈ្មោះ ឈឹម សុផល ទី​២​ឈ្មោះ ស្រី ស្រា​ន់ ហៅ ជាតិ ភេទ​ប្រុស អាយុ​២៣ ទី​៣​ឈ្មោះ ហ៊ីង នី ហៅ ប៉េ​ន ហៅ អា មមីស (​ជា​មេក្លោង​) ទី​៤​ឈ្មោះ ហ៊ុត ហាន ហៅ​តូច ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ទី​៥-​ឈ្មោះ ហ៊ុល សុធី​ហៅ​ផាន់ គឹម​យន់ ហៅ​ក្រៃ​ថោង (​ជា​មេក្លោង​) ទី​៦​ឈ្មោះ ឆៃ​ណាន ភិរម្យ ហៅ ណា​ល់ នឿន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ទី​៧​ឈ្មោះ ជឿន ចិន្ដា អាយុ​៣៥​ឆ្នាំ ទី​៨​ឈ្មោះ ហ៊ិ​ន ចាន់ថា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ទី​៩​ឈ្មោះ ហៀ​ង សុ​ផា និង​ទី​១០​ឈ្មោះ ឃឿន បុរី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ។

លោក រឿន ណា​រ៉ា ស្នងការរង​ បាន​ថ្លែង​ទៀតថា ប្រតិ​ប​ត្ដិ​ការ​បង្ក្រាប​ឃាត់ខ្លួន​ក្រុមចោរប្លន់​ជា​លក្ខណៈ ទ្រង់ទ្រាយ​ធំ​នេះ​ ធ្វើឡើង​ផ្ដើម​ចេញ​ក្រោយពី​កើតមាន​ករណី​ប្លន់​ប្រដាប់​អាវុធ​ទៅលើផ្ទះ​ផ្ទេរប្រាក់​វីង​ មួយកន្លែង ​នៅ​ភូមិសាស្ត្រ​ឃុំ​ព្រែ​កតា​កូវ ស្រុក​ខ្សាច់កណ្ដាល​ ខេត្ដ​កណ្ដាល កាលពី​យប់​ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ​២០១៥ ។​

ក្រុមចោរប្លន់​ទាំង​១០​នាក់​ខាងលើនេះ ត្រូវបាន​ឃាត់ខ្លួន​ជា​បន្ដបន្ទាប់​ចាប់តាំងពី​ថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០១៦ រហូតដល់​ថ្ងៃទី ​៧ ខែ មីនា ឆ្នាំ ២០១៧ ​នេះ ​នៅក្នុង​ភូមិសាស្ដ្រ​ខេត្ដ​កណ្ដាល ខេត្ដ​កំពង់ចាម និង​នៅ​រាជធានី​ភ្នំពេញ ។

ក្នុង​ប្រតិ​ប​ត្ដិ​ការបង្ក្រាប​ឃាត់ខ្លួន​ក្រុមចោរ​ខាងលើនេះ​សមត្ថកិច្ច បានធ្វើ​ការដកហូត​ កាំភ្លើងខ្លី ម៉ាក​K៥៩ ចំនួន​១​ដើម​ និង​ម៉ូតូ​៥​គ្រឿង ​ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព ៕