សហព័ន្ធ​កីឡា​ហែល​ទឹក​កម្ពុជា​បញ្ជូន​យុវជន​ថ្នាល​ ២​រូប​ទៅ​ធ្វើ​ការ​ហ្វឹកហាត់​បង្កើន​សមត្ថភាព​នៅ​ជប៉ុន

53

​ហែល​ទឹក​៖ ដើម្បី​បង្កើន​សមត្ថភាព​ និង​ត្រៀមខ្លួន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំ​២០២០ ដែល​នឹង​ធ្វើ​នៅ​ប្រទេស​ជប៉ុន​នា​ពេល​ខាង​មុខ សហព័ន្ធ​កីឡាហែលទឹក​កម្ពុជា​បាន​បញ្ជូន​កីឡាករ​ជម្រើស​ជាតិ​ថ្នាល ២​រូបទៅ​ធ្វើ​ការ​ហ្វឹក​ហាត់​រយៈ​ពេល​ខ្លី​នៅ​ប្រទេស​ជប៉ុន​។

មិនតែប៉ុណ្ណោះ​ការ​ទៅ​លើក​នេះ​គឺ​ដើម្បី​ស្នើ​សុំ​ខាង​ភាគី​ជប៉ុន​ ឲ្យ​ផ្ដល់​នូវ​ការ​ហ្វឹក​ហាត់​រយៈពេល​វែង​នៅ​លើក​ក្រោយ​ជា​បន្ត​ទៅ​ទៀត​។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក ហែម គី​រី អគ្គលេខាធិការ​សហព័ន្ធ​កី​ឡាំ​ហែល​ទឹក​កម្ពុជា​។​ ថ្លែង​ប្រាប់​នៅ​ព្រលានយន្តហោះ​ភ្នំពេញ​អន្តរជាតិ​កាលពី​ម្សិលមិញ​ មុន​ពេល​ចេញដំណើរអគ្គលេខាធិការ​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា កីឡាករ​ទាំង​ ២​រូប​ដែល​បញ្ជូន​ទៅ​នេះ​ដោយ​កន្លងមក​មើល​ឃើញ​ថា ពួកគេ​ខិតខំ​ហ្វឹកហាត់ និង​មាន​វិន័យ​ល្អ ហើយ​អ្នក​ទាំង​២​ នឹង​ហ្វឹកហាត់​រយៈពេល​ ២​សប្ដាហ៍​ជាមួយ​គ្រូ​ជំនាញ​នៅ​សាកលវិទ្យាល័យ​មួយដែល​អ្នកគ្រូ​ជម្រើស​ជាតិ Saki Ikuyama ធ្លាប់​ហាត់​នៅ​ទីនោះ​។ ហើយ​មួយ​កន្លែង​ទៀត​គឺ​ហ្វឹកហាត់​នៅ​សាលាបង្រៀន​ហែល​ទឹក​នៅ​ទីក្រុង​តូក្យូ​ ដែល​នៅ​ទីនោះ​ពោ​ពេញ​ទៅ​ដោយ​កីឡាករ​ល្អ និង​មាន​ល្បឿន​លឿង​ ដូច​ច្នេះ​យើង​អាច​យក​បទពិសោធន៍​ពី​គេ​បាន​។

​លោក ហែម គី​រី អគ្គលេខាធិការ​សហព័ន្ធ​កី​ឡាំ​ហែល​ទឹក​កម្ពុជាបាន​បន្ត​ទៀត​ថា ការ​ចេញទៅ​លើក​នេះ​ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពីឯកឧត្ដម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធាន​សហព័ន្ធ​កីឡាហែលទឹក​កម្ពុជាបាន​ចេញថ្លៃ​សំបុត្រ​យន្តហោះ​។ មិនតែប៉ុណ្ណោះ​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏​បាន​ផ្ដល់​ថវិកា​សម្រាប់​ចំណាយ​អំឡុង​ពេល​ហ្វឹកហាត់​នេះ​ផង​ដែរ​។​ សូម​បញ្ជាក់​ថា ការ​ទៅ​លើក​នេះ​សហព័ន្ធ​កីឡាហែលទឹក​កម្ពុជា​ នឹង​ស្នើសុំ​ប្រទេស​ជប៉ុន​ក្នុង​ការ​បញ្ជូន​កីឡាករ​ទៅ​ហ្វឹកហាត់​រយៈពេល​វ៉ែ​ង​ពី​ ៦​ខែ ទៅ​ ១​ឆ្នាំ និងពី​ ១​ឆ្នាំ ទៅ ២​ឆ្នាំ ព្រោះ​នៅ​ទីនោះ​ជា​ប្រទេស​មួយ​ដែល​មាន​ការ​បង្ហាត់​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ​៕