គ្រូ U-19​ កម្ពុជា៖ ​កីឡាករ​យុវជន​កម្ពុជា​មិន​ទាន់​មាន​សមត្ថភាព​ពេញ​ភ្នែក​ខ្លួន​នៅ​ឡើយ​ទេ

125

បាល់ទាត់៖ ដោយ​ឈរ​លើ​ជំហរ​អភិវឌ្ឍន៍​ក្រុម​ជម្រើស​ជាតិ​យុវជន​កម្ពុជា ហើយ​ប្រៀបធៀប​នឹង​សមត្ថភាព​ក្រុម​យុវជន​ជប៉ុនលោក Inoue Kazunori បាន​កត់​សម្គាល់​ថា កីឡាករ​យុវជន​កម្ពុជា​បច្ចុប្បន្ននៅ​មិន​ទាន់​មាន​អ្នកណាម្នាក់​ មាន​សមត្ថភាព​ដល់​កម្រិត​លោក​ពេញ​ចិត្តនឹង​ទទួលយក​បានទេ សូម្បីតែ​ក្រុម​ជម្រើស​ជាតិ​ក្រោម​អាយុ ១៩​ឆ្នាំ ដែល​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​យុវជន​ក្រោម​អាយុ ១៩​ឆ្នាំ​ជើងឯក​អ​ស៊ី AFC U-19 Championship 2018 នា​ចុងខែ​តុលា​នេះ​ក៏ដោយ។គ្រូ​បង្វឹក​ជនជាតិ​ជប៉ុនលោក Inoue Kazunori បាន​ថ្លែង​ដូច្នេះមុន​ពេល​លោក​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​ក្រោម​អាយុ ១៩​ឆ្នាំ​កម្ពុជា​ទៅ​ប្រកួត​មិត្តភាព​អន្តរជាតិ ​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ឥណ្ឌូនេស៊ី​នៅ​ថ្ងៃ​ទី​០៤ ខែ​តុលា​ស្អែក​នេះ​។ លោក​បាន​ពន្យល់​ថា ទោះបី​បេសកកម្ម​មួយ​នេះ​ពុំ​មាន​សមាជិក​មកពី​ក្លឹប​ភ្នំពេញ​ក្រោ​ន ដែល​គេ​ចាត់ទុកជា​ក្លឹប​សម្បូរ​ធនធាន​កីឡាករ​ល្អ​ក៏​ពិត​មែន ប៉ុន្តែ​មិន​មាន​បញ្ហា​នោះ​ទេ ដោយសារ​លោក​សង្កេតឃើញ​កម្រិត​សមត្ថភាព​កីឡាករ​កម្ពុជា​មិន​លើសខ្វះ​គ្នា​ឡើយ​។ ម្យ៉ាង​វិញ​ទៀត​ដោយ​លោក​មាន​ផ្នត់គំនិត​ប្រៀបធៀប​កីឡាករ​ខ្មែរ ទៅ​នឹង​កីឡាករ​លោក​ធ្លាប់​ដឹកនាំ​នៅ​ជប៉ុន ដូច្នេះ​កីឡាករ​គឺ​ពុំ​ទាន់​មាន​អ្នកណា​ពេញចិត្ត​ពេញភ្នែក​លោក​ទេ គ្រា​ដែល​ការ​ជ្រើសរើស​កីឡាករ​គឺ​អាស្រ័យ​លើ​ឆន្ទៈ និង​ការ​ខិត​ខំ​ប្រឹងប្រែង​ហ្វឹកហាត់​របស់​កីឡាករ​ម្នាក់ៗ។ ហេតុ​នេះ​ចំពោះ​ការ​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ ​វគ្គ​ជម្រុះ​ពានរង្វាន់​ជើងឯក​អាស៊ី​នា​ពេល​ខាង​មុខ លោក​នឹង​ផ្ដល់​ឱកាស​តែ​កីឡាករ​ណា​ព្យាយាម​ហ្វឹកហាត់ និង​ចេះ​លេង​ជា​ក្រុម​បាន​ល្អ​ប៉ុណ្ណោះ ខណៈ​កីឡាករ​គិតតែ​ខ្លួនឯង​នឹង​មិន​ជាប់​ឡើយ។​

សូម​បញ្ជាក់​ថា លោក Inoue Kazunori កំពុង​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​ក្រោម​អាយុ ១៩​ឆ្នាំ​កម្ពុជាហ្វឹក​ហាត់​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ដើម្បី​ត្រៀម​ប្រកួត​មិត្ត​ភាពជា​មួយ​ក្រុម​ម្ចាស់ផ្ទះ​នា​ស្អែក ហើយ​ការ​ប្រកួត​កម្ដៅ​សាច់ដុំ​លក្ខណៈ​អន្តរជាតិ​នេះ​ត្រូវ​បាន​លោក Kazunori ចាត់ទុកជា​បទពិសោធន៍​ដ៏​ល្អ ដើម្បី​ដុះ​ខាត​សមត្ថភាព​ពួកគេ​ឲ្យ​បាន​កាន់តែ​ប្រសើរ សម្រាប់​ត្រៀម​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ ធ្វើ​ម្ចាស់ផ្ទះ​វគ្គ​ជម្រុះ​ពានរង្វាន់ AFC U-19 Championship 2018 ពូ​ល​G ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៨ ខែ​តុលា​ខាងមុខនេះ៕